ហិរញ្ញវត្ថុ

កម្ពុជា ទទួលចំណូល បានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារ ពីការនាំចេញកសិផល រយៈពេល៧ខែឆ្នាំ២០២១

ភ្នំពេញ៖ តាមរយៈការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក ,ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។ នេះបើយោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% ខណៈការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

យោងតាម អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%  ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ៕

Most Popular

To Top