ហិរញ្ញវត្ថុ

អ្នកឧកញ៉ា គិត ម៉េង ៖ កម្ពុជានឹងទទួលប្រយោជន៍ពី RCEP ដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗ

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ២០២២ ថ្លែងថា ម្ពុជានឹងទទួលបានអត្ថប្រយោជន៍ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗជាច្រើនដូចជា ទំនិញកសិកម្ម ផលិតផលកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកា ថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី សម្រាប់ការអភិវឌ្ឍនាពេលអនាគត” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះលោកស្រី Gao Yan ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសចិន(CCPIT) លោក Lan Tianli ប្រធានតំបន់ស្វយ័ត Guangxi Zhuang លោក Hakhee Jo ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា(EABC) សម្រាប់កិច្ចសហការរៀបចំវេទិកានេះ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងទៀតដើម្បីសង្គម និងរៀបចំអាជីវកម្មក្នុងតំបន់ សម្រាប់វេទិកាថ្នាក់ដឹកនាំធុរកិច្ច នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងតាមរយៈហ្វេសប៊ុកថា សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល និងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងបរិយាបន្ន ហើយនឹងជួយសម្រួលដល់ ការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកឧកញ៉ា បន្តថា ប្រទេសហត្ថលេខីនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលរួមមានទីផ្សារទូលំទូលាយ ពន្ធអនុគ្រោះ វិធានការនៃការសម្រុះសម្រួលពន្ធ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ដែលនឹងរួមចំណែកដល់ដំណើរការស្តារឡើងវិញ។

អ្នកឧកញ៉ា បានបញ្ជាក់ថា “ក្នុងនាមជាប្រទេសហត្ថលេខីមួយ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗជាច្រើនដូចជា ទំនិញកសិកម្ម ផលិតផលកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៧.៣% ក្នុងការនាំចេញប្រចាំឆ្នាំ ២៣.៤% ក្នុងការវិនិយោគ និងបន្ថែម ២% ទៅក្នុងផលិតផលក្នុងស្រុកសរុប”។

អ្នកឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា វេទិកានេះនឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុត និងរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ វាមានសារៈសំខាន់សម្រាប់សហគមន៍ធុរកិច្ចរបស់យើងក្នុងការពិភាក្សាអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ លើសនេះ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តឱ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងចែករំលែកធាតុចូលរបស់អ្នកនៅក្នុងវេទិកាថ្ងៃនេះ។

សូមរំលឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មចំនួន៥ គឺ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់ ហើយត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២២នេះតទៅ។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់ ៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ហើយមានចំនួនប្រជាជនរហូតដល់២.២ពាន់លាននាក់ ដែលស្មើនឹង ២៦.២ ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង២៨% នៃទំហំពាណិជ្ជកម្មសកល៕

Most Popular

To Top