Home Blog Page 119

ក្រុមហ៊ុនវ៉េកហ្វាម៉ា ឯ.ក ទទួលបានសិទ្ធដំបូងគេ នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ចូលមកកម្ពុជា

0

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) ជាក្រុមហ៊ុនដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្រាប់ចូលមកចែកចាយ ចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ៥៩៣០ ផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាត ប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់លេខ CAM N22 EUA-2021។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ប្រើប្រាស់សូលុយស្យុង សម្រាប់ចាក់តាមសាច់ដុំ ហើយវ៉ាក់សាំងប្រភេទ COVAXIN ត្រូវបានចង្អុលបង្ហាញសម្រាប់បង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ផលិតឡើងដោយក្រុមហ៊ុន BHARAT INTERNATIONAL LIMITED. និងម្ចាស់កម្មសិទិ្ធបញ្ជីកា Bharat Biotech International Limited. មានអាសយដ្ឋានក្នុងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះលក្ខខណ្ឌនៃការប្រើបា្រស់ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្ន សុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន។ ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាមានចែង ក្នុងផែនការ ដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។

ដោយយោងតាមការណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ស្តីពីបច្ចុប្បន្នភាព នៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង(Omicron), អូមីក្រុង(Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មាន លិខិតឆ្លងដែន នៅលើសកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតប ដើម្បីជៀសវាងការសោកស្តាយ។ យើងត្រូវរៀនរស់នៅជាមួយវីរុសកូវីដ-១៩ តែក្នុងប្រក្រតីភាពថ្មី ហើយត្រូវបន្តចាំឲ្យជាប់ ៣ការពារ និង ៣កុំ រួមជាមួយនឹងការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រសិនដល់វេណលោកអ្នក ដែលត្រូវចាក់ ។

ខណៈពេលដែលប្រទេសកម្ពុជា បន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីឈានទៅដល់កម្រិតអប្បបរិមា និងដើម្បីបំពេញកម្រិតវ៉ាក់សាំងឲ្យបានគ្រប់ដូសពេញលេញ គឺក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) បានសហការ ជាមួយក្រុមហ៊ុន BHARAT INTERNATIONAL LIMITED ផ្គត់ផ្គង់ និងនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីជួយដល់ប្រជាពលរដ្ឋ បង្កើនភាពស៊ាំងការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនទាំងពីរ បានសហការគ្នាមានរយៈពេលជាង ១៥ឆ្នាំមកហើយ ដោយក្នុងនោះក៏បាននាំចូលនូវ ប្រភេទវ៉ាក់សាំង បង្ការជំងឺផ្សេងៗជាច្រើន ដូចជាវ៉ាក់សាំងប្រភេទ Rotavac ការពារជំងឺរាគរួស, វ៉ាក់សាំង ប្រភេទ Typhoid TCV ការពារគ្រុនពោះវៀន និងវ៉ាក់សាំងប្រភេទ Indirab ការពារជំងឺឆ្កែឆ្កួត។

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN មានសុពលភាពរយៈពេល ៩ខែ នៅក្នុងសីតុណ្ហភាព ២ ទៅ ៨អង្សា។ វ៉ាក់សាំងនេះអាចរក្សាទុក និងប្រើប្រាស់បានរហូតដល់ ២៨ថ្ងៃ បន្ទាប់ពីការបើក អនុលោមតាម សេចកី្តថ្លែងការណ៍គោលនយោបាយរបស់អង្គការសុខភាពពិភពលោក WHO/IVB/14.07 ស្តីពីគោលនយោបាយពហុដូស ៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ដើម្បីទាញយកប្រយោជន៍ ជាអតិបរមា ពីកិច្ចការពារ ស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌ ក្នុងក្របខណ្ឌអន្តរជាតិ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។

ក្នុងឱកាសដឹកនាំសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីធ្វើការតម្កល់លិខិតុបករណ៍ នៃការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តាមរយៈលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក បានបន្តទៀតថា សមិទ្ធិផលនេះជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀត។

លោកបន្ដថា ការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែននេះ គឺជាកាលានុវត្តភាពសម្រាប់ ម្ចាស់ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលបានសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ក្នុងក្របខណ្ឌអន្តរជាតិ ហើយបន្ថែមពីនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការប្រើប្រាស់ការបោះពុម្ពស្នាដៃរបស់បរទេស សម្រាប់លើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលជាកត្តាមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ និងអភិរក្ស វិស័យវប្បធម៌ឱ្យក្លាយជាសមាសធាតុមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិតលើ អក្សរសាស្ត្រ តូរ្យតន្ត្រី សោតទស្សន៍ ភាពយន្ត ចម្លាក់ គំនូរ សិល្បៈសូនរូប និងសិល្បៈផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង អភិវឌ្ឍន៍ និងបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ។

នៅក្នុងកម្មវិធីបន្ទាប់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។

អនុស្សរណៈនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចាប់ពីឆ្នាំ២០២២ ដល់២០២៦ លើកិច្ចការអទិភាពខាងក្រោម៖

លទ្ធផលផ្នែកទី១៖ កម្រិតជាតិ-កសាងក្របខណ្ឌ

  • អនុវត្តផែនការសកម្មភាពនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។
  • គម្រោង៖ ការរៀបចំ និងអនុវត្តន៍គោលនយោបាយជាតិកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
  • ផ្តល់ជំនួយសម្រាប់ការចូលជាភាគីនៃសន្ធិសញ្ញា។
  • ផ្តល់មគ្គុទេ្ទសក៍ និងការប្រឹក្សាយោបល់លើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី២៖ កម្រិតស្ថាប័ន-ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា

  • គម្រោង៖ ការវិនិច្ឆ័យចំពោះការគ្រប់គ្រងនិងធនធានសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញាជាតិ។
  • គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យប្រកាសនីយបត្រតក្កកម្ម។
  • គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យម៉ាក។
  • ផ្តល់ជំនួយស្វ័យប្រវត្តកម្មសម្រាប់រដ្ឋបាលកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី៣៖ កម្រិតសហគមន៍-សង្គមដែលបង្កលទ្ធភាព

  • គម្រោង៖ ការបង្កើតបរិយាកាសនវានុវត្តន៍ដែលបង្កលទ្ធភាពពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក និងគំនូរឧស្សាហកម្ម។
  • គម្រោង៖ បង្កើនសមត្ថភាពសម្រាប់ផ្តល់ការគាំទ្រនវានុវត្តន៍ បច្ចេកវិទ្យា។
  • គម្រោង៖ សិក្ខាសាលាវិលជុំកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើននូវការប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសាកល (សិក្ខាសាលាកម្មសិទ្ធិបញ្ញាវិលជុំ) (ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ និងសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម)។
  • គម្រោង៖ បរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើនសមត្ថភាពសម្រាប់គាំទ្របច្ចេកវិទ្យា។
  • ផ្តល់ជំនួយសម្រាប់មជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs)។

លោកមរដ្ឋមន្ត្រីបានបង្ហាញ នូវជំនឿយ៉ាងមុតមាំថាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញាត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥0 និងជាមូលដ្ឋានកសាងបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងសង្គមដែលពោរពេញនវានុត្តភាព៕

រដ្ឋលេខាធិការក្រសួងទេសចរណ៍៖ ស្ត្រីមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ

ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា តួនាទីរបស់ស្ត្រីបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ស្រ្តីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បដិសណ្ឋារកិច្ច និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងវិស័យទេសចរណ៍» ដែលមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលក្រុងសំរោង មន្ត្រីមន្ទីរពាក់ព័ន្ធ ប្រតិបត្តិករ សេវាករទេសចរណ៍ និងយុវជនស.ស.យ.កក្នុងខេត្តឧត្តរមានជ័យសរុបចំនួនជាង ១០០នាក់ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ហ៊ុន ដានី ថ្លែងថា ស្ត្រីមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ

ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ុន ដានី បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនេះក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានរៀបចំឡើងក្នុងគោលបំណងដើម្បីរំលេចឱ្យឃើញពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ។ ការគោរពឱ្យតម្លៃ គ្មានការរើសអើង គ្មានអំពើហិង្សា នឹងជួយឱ្យសង្គមមានសេចក្តីថ្លៃថ្នូរតាមរយៈការផ្តល់តម្លៃដល់ស្ត្រីទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ ព្រមទាំងសិទ្ធិទទួលបានការចាត់ចែងចំណូលក្នុងគ្រួសារដោយគ្មានការរើសអើង ហើយស្ត្រីក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈការផ្តល់សេវាបដិសណ្ឋារកិច្ច និងសកម្មភាពការងារទេសចរណ៍ផងដែរ។

កន្លងមកក្រសួងទេសចរណ៍ តែងគិតគូរពីបញ្ហាស្ត្រីដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានសុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ទាំងការរំលោភបំពាន ការកេងប្រវ័ញ្ចនិងការធ្វើអាជីវកម្មផ្លូវភេទ តាមរយៈការលើកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ នៅក្នុងវិស័យទេសចរណ៍ ស្រ្តីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ លោកស្រី បានបន្តទៀតថា ស្ត្រីដែលបានបម្រើការក្នុងវិស័យទេសចរណ៍មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ ពីការអភិវឌ្ឍវិស័យទេសចរណ៍។

ក្រៅពីនេះ គោលនយោបាយជាតិទេសចរណ៍ និងផែនការកម្មវិធីនានារបស់ក្រសួងទេសចរណ៍ បានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ ការអនុវត្តច្បាប់និងគោលនយោបាយទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ស្ត្រីដូចជា៖ បង្កើនភាពអង់អាច កាត់បន្ថយអំពើហិង្សា ទទួលបានឱកាសការងារ មានគំនិតបង្កើតអាជីវកម្មក្លាយជាសហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ មានសុវត្ថិភាពការងារ មានការយល់ដឹង និងមានសមត្ថភាពកាន់តែប្រសើរ។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការប្រទេសឡើងវិញ ក្រសួងទេសេចរណ៍បានបន្តពង្រឹងកាន់តែរឹងមាំបន្ថែមទៀតលើការយល់ដឹងអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយប្រសិទ្ធភាព។

ការជំរុញការអនុវត្តវិធាន (SOP) នេះ គឺអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព និងសុខភាពសាធារណៈដល់ភ្ញៀវទេសចរ អ្នកបម្រើការ និងអ្នកផ្គត់ផ្គង់សេវាផ្សេងៗ។ ព្រមជាមួយនេះ ដើម្បីត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្ពុជាក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការប្រទេសឡើងវិញ មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ទាំងអស់ក៏ត្រូវតែមានការបង្កើត និងបង្កើនបន្ថែមទៀតនូវផលិតផលទេសចរថ្មីៗ មានអនាម័យ សុវត្ថិភាព ប្លែកនិងមានភាពច្នៃប្រឌិតដើម្បីទាក់ទាញទេសចរឱ្យបានកាន់តែច្រើន ។

ប្រតិបត្តិករ សេវាករទេសចរណ៍ក៏ត្រូវតែត្រៀមខ្លួនដោយប្រតិបត្តិតាមវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍ ដែលជាគោលការណ៍ណែនាំចម្បងសម្រាប់ការអនុវត្តក្នុងអន្តរកាលនេះ ដើម្បីពង្រឹងទេសចរណ៍ឡើងវិញ និងត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយ«កម្ពុជាឱ្យក្លាយទៅជាគោលដៅទេសចរណ៍សុវត្ថិភាព និងកក់ក្តៅ»៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF ពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន។

កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF)។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងអន្តរក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនជាច្រើនរូប។

លោក ប៉ាន សូរស័ក្ត បាននស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។

ជាមួយគ្នានេះលោកបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកបានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន។

គួរបញ្ជាក់ថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,6 ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕

ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរ ច្រើនជាងគេ នៅសប្ដាហ៍ទី១ខែធ្នូ

ភ្នំពេញ៖ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗ មានខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ច្រើនជាងគេ ។

តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់រាជធានីភ្នំពេញ ២៩,៧៩២ នាក់ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់ខេត្តកំពត ១៧,៧៩៦ នាក់ខេត្តសៀមរាប ១៦,១៦០ នាក់ខេត្តបាត់ដំបង ៨,៤១៣ នាក់ខេត្តកែប ៦,៥៦៧ នាក់ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។

អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។

សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភម៉ូតូ ២គ្រឿង ដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានចាត់តំណាងប្រគល់ម៉ូតូ ម៉ាក់ Wave សេរីឆ្នាំ២០២២ ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា​ របស់លោកឧកញ៉ាផ្ទាល់ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាន នគរបាលក្រុងកោះរ៉ុង សំរាប់ល្បាត រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្រុងកោះរ៉ុង ។

ក្រោយទទួលបានការឧបត្ថម្ភ លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណ​ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាំងពីកន្លងមករហូតមកដល់បច្ចុប្បន្ន សំរាប់ប្រើប្រាស់ក្នុងកិច្ចការពារ រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ និងសូមជូនពរលោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕

គ្លីនិកជំនាញ ព្យាបាលជំងឺ គ្រាប់ឈាម និងជំងឺមហារីក មួយទៀតនៅភ្នំពេញ មានឈ្មោះថា គ្លីនិក២១ ហ៊ីម៉ាតូអុងកូ Hemato Onco Clinic21

0

ភ្នំពេញ៖ គ្លីនិក២១ ហ៊ីម៉ាតូអុងកូ ផ្តោតលើការព្យាបាលដោយប្រើថ្នាំជំនាន់ថ្មីៗ និងបច្ចេកវិទ្យាកោសិកាទាហ៊ានប្រឆាំងមហារីក និងថ្នាំជួសជុលរោងចក្រផលិតឈាម មានប្រសិទ្ធភាពខ្ពស់ដូចនៅប្រទេសរីកចំរើន។

គ្លីនិក២១ ហ៊ីម៉ាតូអុងកូ មានចំនុចលេចធ្លោមួយចំនួន ដូចខាងក្រោម៖
ទី១ គ្លីនិកយើងមានបំពាក់នូវបច្ចេកវិទ្យាបន្សុទ្ធខ្យល់ស្អាតនិងបន្ទប់សម្ពាធខ្យល់ខ្ពស់ សម្រាប់ទទួលអ្នកជំងឺមហារីក ប្រពន្ធ័ការពារចុះខ្សោយ អ្នកជំងឺមហារីកឈាម និងអ្នកជំងឺគ្រាប់ឈាម កំរិតធ្ងន់ដទៃទៀត ដែលកំពុងមានហនិភ័យឆ្លងរោគខ្ពស់។ សមត្ថភាពរបស់បន្ទប់សម្ពាធខ្យល់ខ្ពស់ទាំងនេះទៅថ្ងៃអនាគតអាចទទួលអោយស្នាក់នៅរបស់អ្នកជំងឺព្យាបាល ដោយប្តូររោងចក្រផលិតឈាមបាន ស្របតាមកំរិតស្តង់ដានិងបទដ្ឋានព្យាបាលវេជ្ជសាស្ត្រជំងឺគ្រាប់ឈាម របស់សកលលោក (Clean and High Pressure Rooms for Neutropenic or Leukemic Patients)។ ខ្យល់ក្នុងបន្ទប់នេះបានបន្សុទ្ធដោយទ្រនាប់ HEPA Filters និងមានសម្ពាធខ្យល់ខ្ពស់ជាងខាងក្រៅបន្ទប់ជាប្រចាំ ()+15 PA។ រាល់សំភារៈបរិក្ខា ម្ហូបអាហារ ត្រូវឆ្លងប្រអប់រំងាប់មេរោគ (UV Passbox) ជាមុនសិនមុនយកចូលទៅក្នុងបន្ទប់។ ហើយគ្រប់អ្នកជំងឺ អ្នកកំដរ និងបុគ្គលិកថែរទាំទាំងអស់ត្រូវស្លៀកពាក់ការពារជាពិសេស រាល់ពេលចូលទៅខាងក្នុង ក្នុងគោលបំណងរក្សាសុវត្ថិភាពខ្ពស់ដល់អ្នកជំងឺ។

ទី២ យើងមានម៉ាស៊ីនអាហ្វេរ៉ែស៊ីស ជាបច្ចេកវិទ្យារបស់ជប៉ុនដែលអាចច្រោះយកគ្រាប់ឈាមសមហារីក ឬគ្រាប់ឈាមផ្លាកែត និងអាចប្តូរឈាមផ្លាស្មាថ្មីបាន ដើម្បីសង្គ្រោះអ្នកជំងឺឈាមនិងអ្នកជំងឺវិបត្តិប្រពន្ធ័ការពារធ្ងន់ធ្ងរមួយចំនួន (Apheresis Technology for Cells Collections and Plasma Exchange )។

ទី៣ យើងមានក្រុមគ្រូពេទ្យខ្មែរនិងបរទេសជំនាញខាងជំងឺគ្រាប់ឈាម និងមហារីក មានបទពិសោធន៍យូរឆ្នាំ និងទទួលបានសមិទ្ធិផលការងារជាច្រើនកន្លងមក លើសពីនេះយើងមានក្រុមការងារនៅប្រចាំ២៤ម៉ោង ដើម្បីផ្តល់សេវាថែរទាំប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងមានទីតាំងអគារ ព្រមទាំងបន្ទប់បំពាក់បរិក្ខាល្អគ្រប់គ្រាន់ មានអនាម័យនិងផាសុខភាពល្អជាប្រចាំ (Professional and Experienced Medical Team Specialists in Blood Diseases and Cancer)

ទី៤ យើងមានមន្ទីរពិសោធន៍ដែលអាចរៀបចំ សំណាកឈាមអោយកក ដើម្បីផ្ញើរចេញទៅមន្ទីរពិសោធន៍ដៃគូនៅក្រៅស្រុកដើម្បីអាចបន្តការធ្វើរោគវិនិច្ឆ័យពិសេសៗជាច្រើន និងអាចទទួលព្យាបាលដោយកោសិកាទាហ៊ានប្រឆាំងនឹងជំងឺមហារីកឈាម កំរិតធ្ងន់ធ្ងរមួយចំនួនបានថែមទៀតផង (GMP Diagnostic Laboratory and Samples Processing and Cryopreservation)។

ទី៥ សេវាវេជ្ជសាស្ត្រសំខាន់ៗនៅគ្លីនិក២១ថ្មី ហ៊ីម៉ាតូអុងកូ នេះមានដូចជា៖
ក-ការរុករកជំងឺមហារីកដំបូងៗ និងធ្វើរោគវិនិច្ឆ័យជំងឺឈាម និងមហារីកផ្សេងៗចំគោលដៅនិងច្បាស់លាស់ដូចជាៈ Cancer DNA Screening Tests, Cancer Circulating Tests, NK Activities Tests, Chemo Sensitivities Tests, Cytogenetic Studies, Bio-molecular Tests, Tumor Biopsy, Bone Marrow Aspiration and Biopsy, Histopathology, Immuno Histochemistry Tests…
ខ-ការព្យាបាលដោយប្រើថ្នាំនិងវិធីសាស្ត្រព្យាបាលថ្មីៗដូចជា: ថ្នាំព្យាបាលជំនាន់ថ្មីៗសុទ្ធល្អ សម្រាប់ប្រឆាំងជំងឺមហារីក និងព្យាបាលជំងឺគ្រាប់ឈាមផ្សេងៗ និងមានប្រសិទ្ធភាពខ្ពស់ដូចនៅប្រទេសរីកចំរើនដែរ ៖ Modern Medicines and Chemotherapy, ថ្នាំឆ្លាត Targeted therapy, ថ្នាំជួយទាហ៊ានដើម្បីកំចាត់កោសិកាមហារីក Check Points Inhibitors, ថ្នាំពង្រឹងកោសិកាទាហ៊ានប្រឆាំងមហារីក Immunotherapy, ប្រើកោសិកាទាហ៊ានប្រឆាំងកោសិកាមហារីកដោយផ្ទាល់ Immune cells therapy ល-ល។

សូមបញ្ជាក់ថា ក្នុងចំនោមមធ្យោបាយវេជ្ជសាស្ត្រទាំង៤ ដែលសកលលោកកំពុងប្រើក្នុងការព្យាបាលជំងឺមហារីកនិងគ្រាប់ឈាម ពួកយើងមានបំពាក់មធ្យោបាយ២យ៉ាងសំខាន់ៗគឺ ទី១-ការប្រើថ្នាំជំនាន់ថ្មីល្អៗ និង ទី២-ការប្រើកោសិកាទាហ៊ានរបស់អ្នកជំងឺខ្លួនឯងផ្ទាល់ដើម្បីប្រឆាំងមហារីក (Modern Medicines and Immune Cells Therpay)។ វិធីព្យាបាល២យ៉ាងទៀតគឺ ការវះកាត់ និងការបញ្ចាំងកាំរស្មី មិនទាន់មានអនុវត្តន៍នៅគ្លីនិកយើងនៅឡើយនោះទេ។
In case there are cancers patients in need Surgery and Radiation Therapy, we refer them to other center specialist in this treatment modality។

ក្រុមវេជ្ជបណ្ឌិតជំនាញមួយក្រុម ដឹកនាំដោយលោកវេជ្ជបណ្ឌិត ផេង បូរ៉ា និងវេជ្ជបណ្ឌិត លី សង់គី រួមទាំងក្រុមសហស្ថាបនិកជាច្រើននាក់ទៀត បានរួបរួមគ្នាបង្កើតនិងដឹកនាំគ្លីនិក២១ ចាប់តាំងពីឆ្នាំ២០១៨មក។ ដោយមានការគាំទ្រពីអតិថិជនក្រុងស្រុកជាបន្តបន្ទាប់ គ្លីនិកក៏បានពង្រីកខ្លួនទាំងសមត្ថភាពបុគ្គលិក សេវាថែទាំ បច្ចេកវិទ្យា រួមទាំងហេដ្ឋារចនាសម្ពន្ធ័ និងការគ្រប់គ្រងផ្សេងៗ ដើម្បីធានាបាននូវនិរន្តរភាពសេវាថែទាំប្រកបដោយទំនួលខុសត្រូវខ្ពស់ជាប្រចាំ និងដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាទីទំនុកចិត្តរបស់អតិថិជនខ្លួន។

បច្ចុប្បន្ននេះ គ្លីនិក២១មានពីរទីតាំង៖

-ទី១ មានទីតាំងនៅក្នុងបុរីវន្ត័ផាក បឹងកក់ បានចាប់ដំណើរការតាំងពីឆ្នាំ២០១៨ មានឈ្មោះថា គ្លីនិក២១ រីជេណឺរ៉េធីវ REGENERATIVE CLINIC21+ (លេខទូរសព្ទ 095666990) មានបម្រើសេវាព្យាបាលជំងឺមេតាបូលិក លើសខ្លាញ់ លើសទំងន់ វិបត្តអស់កំលាំងរ៉ាំរ៉ៃ និងមានព្យាបាលជំងឺគ្រាប់ឈាម ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ ដទៃទៀត។

-ទី២ មានទីតាំងនៅលើផ្លូវ៩៩ សង្កាត់បឹងត្របែក ចំការមន ទើបតែចាប់បើកដំណើរការកាលពីដើមខែវិច្ឆិកាឆ្នាំ២០២១នេះ មានឈ្មោះថាគ្លីនិក២១ ហ៊ីម៉ាតូអុងកូ HEMATO ONCO CLINIC21+ (លេខទូរសព្ទ 078766690) មានជំនាញធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺគ្រាប់ឈាម ជំងឺដុំកូនកណ្តុរ វិបត្តិប្រពន្ធ័ការពារ និងជំងឺមហារីកផ្សេងៗ៕

មាន ២ម៉ឺន២ពាន់ដុល្លារ ធ្វើជាម្ចាស់វីឡា នៅបុរីប្រណីត KP ម៉ន ដានី

0

(ភ្នំពេញ)៖ ក្រុមហ៊ុន KP ម៉ន ដានី ប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ត្រឹម ៤៤.០០០$ (បួនមុឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។

ការប្រកាស់លក់នូវតម្លៃថ្មីនេះ ត្រូវបានធ្វើឡើងដោយម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី នៅក្នុងឱកាសចែកមហារង្វាន់សរុប ៤០ម៉ឺនដុល្លារជូនអតិថិជនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។

លោក ឃុនថាវង្ស បានថ្លែងថា ក្រៅពីតម្លៃពិសេសនេះ ក៏មានបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់ទៀតផង។

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥ពាន់ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ និងមានចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។

គម្រោង KP ម៉ន ដានី ផ្លូវជាតិលេខ៣ នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវគ្រប់ទិសទី។ រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការ នៅទី២០ ខែមករា ឆ្នាំ២០២១ ឥឡូវគម្រោងនេះលក់អស់ជាង ៨០ភាគរយហើយ។

លោក ឃុនថាវង្ស បានមានប្រសាសន៍ ថា “ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី”។

សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)