Home Blog Page 167

ក្រុមអូរបរ័ល្បឿនលឿន ឧកញ៉ា ទៀ វិចិត្រ សង្គ្រោះជនរងគ្រោះ៤នាក់ ដែលជួបហេតុការណ៍ លិចទូកនៅក្នុងសមុទ្រ

ក្រុងកោះរ៉ុង៖ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ ជនរងគ្រោះចំនួន៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។

សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោល ក៍ខូចម៉ាស៊ីន អណ្តែតលើផ្ទៃសមុទ្រដែលមានរលកខ្លាំង រួចត្រូវទឹករលកបោកទូក បណ្ដាលឲ្យលិច។

ក្រោយទទួលដំណឹងនេះ ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចេញជួយស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះនៅលើទូកនោះដោយសុវត្ថិភាពទាំង០៤នាក់ នៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃដដែល ។

ជនរងគ្រោះទាំង៤នាក់រួមមាន៖
០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២
០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២
០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២
០៤- ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក ស៊ីហៅន៍ ។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ បានដឹកមកដល់ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញដោយសុវត្ថិភាពហើយ៕

This image has an empty alt attribute; its file name is photo_2021-01-03_12-23-23-1-1024x766.jpg
This image has an empty alt attribute; its file name is photo_2021-01-03_12-23-16-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-03_12-23-21.jpg
This image has an empty alt attribute; its file name is photo_2021-01-03_12-23-25-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-03_12-23-27.jpg
This image has an empty alt attribute; its file name is photo_2021-01-03_12-23-29-1024x768.jpg

តម្លៃសម្រេច ការនាំចេញផលិតផលសរុប ក្នុងឆ្នាំ២០២០ ជាប្រភេទដំណាំក្រៅពីស្រូវ មានចំនួន ២,១៧ ពាន់លាន ដុល្លារ

0

ភ្នំពេញ​៖តម្លៃផលិតផលសរុប និងការនាំចេញ ក្រៅពីស្រូវនិងអង្ករ មានបរិមាណផលិតផលសរុប ១៨ ៤៧២ ៨២៥ តោន ដែលមានតម្លៃផលិតផលដំណាំសរុបក្រៅពីស្រូវ ចំនួនជាង ៤,៤៩ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះតម្លៃនៃការនាំចេញផលិតផលសរុបជាប្រភេទដំណាំក្រៅពីស្រូវ ចំនួន ២,១៧ ពាន់លាន ដុល្លារអាមេរិក ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ថា លទ្ធផលនៃផលិតផលកសិកម្មសរុប និងការនាំចេញ លើផ្នែកដំណាំក្រៅពីស្រូវដែលបានសម្រេច ក្នុងឆ្នាំ២០២០ រួមមាន៖
១- ដំណាំដំឡូងមី

  • ផ្ទៃដីដាំដុះ ចំនួន ៦២៨ ៨៩៤ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ៥៨២ ០៥៥ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ២០,៦៨៨ តោន/ហិកតា
  • បរិមាណផល ចំនួន ១២ ០៤១ ៨១២ តោន
  • បរិមាណនាំចេញ សរុប មានចំនួន ៧ ២០៣ ១២៨ តោន
  • តម្លៃផលិតផលសរុប មានចំនួន ១ ១០៨ ៣១៥ ៨៨១ ដុល្លារអាមេរិក
    ២-ដំណាំស្វាយចន្ទី
  • ផ្ទៃដីដាំដុះ ចំនួន ២៥៨ ៩៨៤ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ១៦២ ២៩៤ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ១,៤៩៣ តោន/ហិកតា
  • បរិមាណផល ចំនួន ២៤២ ៣២៤ តោន
  • បរិមាណនាំចេញសរុប ចំនួន ២៣០ ៩៨១ តោន (មានវិញ្ញាបនបត្រចំនួន ២១៨ ៩៨១តោន)
  • តម្លៃផលិតផលសរុប មានចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារអាមេរិក
    ៣-ដំណាំស្វាយ
  • ផ្ទៃដីដាំដុះ ចំនួន ១៣១ ៨៩០ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ៩៣ ០៩៩ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ១៨,៧៨៣ តោន/ហិកតា
  • បរិមាណផល ចំនួន ១ ៧៤៨ ៦៤២ តោន
  • បរិមាណនាំចេញស្វាយស្រស់សរុប ចំនួន ៩៤៧ ៦២៨ តោន(មានវិញ្ញាបនបត្រចំនួន ៩៧ ៦២៨តោន)
  • តម្លៃផលិតផលសរុប មានចំនួន ៥៧១ ៨៦២ ៩៦៤ ដុល្លារអាមេរិក
    ៤-ដំណាំចេកអំបូងលឿង
  • ផ្ទៃដីដាំដុះ ចំនួន ១៥ ៩៤៥ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ១៤ ២៧០ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ៣៣,៥២១ តោន/ហិកតា
  • បរិមាណផល ចំនួន ៤៧៨ ៣៥០ តោន
  • បរិមាណនាំចេញសរុប មានចំនួន ៣៣៣ ១៤៣ តោន
  • តម្លៃផលិតផលសរុប មានចំនួន ៤៣៤ ៣៥៣ ៦៦៣ ដុល្លារអាមេរិក
    ៥-ដំណាំមៀនប៉ៃលិន (តាង៉ែន)
  • ផ្ទៃដីដាំដុះ ចំនួន ១៤ ៥០០ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ១១ ៥៩៩ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ១៦,៩៦០ តោន/ហិកតា
  • បរិមាណផល ចំនួន ១៩៦ ៧១២ តោន
  • បរិមាណនាំចេញសរុប មានចំនួន ១០២ ២៨០ តោន (មានវិញ្ញាបនបត្រចំនួន ២៨០តោន)
  • តម្លៃផលិតផលសរុប មានចំនួន ១៥៥ ៨១៦ ៧៧៦ ដុល្លារអាមេរិក
    ៦-ដំណាំម្រេច
  • ផ្ទៃដីដាំដុះ ចំនួន ៧ ២៩៣ ហិកតា
  • ផ្ទៃដីប្រមូលផល ចំនួន ៦ ០៩២ ហិកតា
  • ទិន្នផលជាមធ្យម ចំនួន ២,៩៩៤ តោន/ហិកតា
  • បរិមាណផល ចំនួន ១៨ ២៤២ តោន
  • បរិមាណនាំចេញសរុប មានចំនួន ៥ ០៧៩ តោន
  • តម្លៃផលិផលសរុប មានចំនួន ៤២ ៥០៨ ២៣២ ដុល្លារអាមេរិក
    ៧- ដំណាំផ្សេងទៀត
  • បរិមាណផលសរុប ចំនួន ៣ ៧៥០ ៧៤៤ តោន
  • បរិមាណនាំចេញសរុប ចំនួន ៥៥៥ ៧០៦ តោន (មានវិញ្ញាបនបត្រ ៣៤៨ ៥០៦ តោន)
  • តម្លៃផលិតផលសរុប ចំនួន ១ ៦៩៦ ២៨៣ ២៥៣ ដុល្លារអាមេរិក ។
    ៨- តម្លៃផលិតផលសរុប និងការនាំចេញ ក្រៅពីស្រូវនិងអង្ករ
  • បរិមាណផលិតផលសរុប ១៨ ៤៧២ ៨២៥ តោន
  • តម្លៃផលិតផលដំណាំសរុបក្រៅពីស្រូវ ចំនួនជាង ៤,៤៩ ពាន់លាន ដុល្លារអាមេរិក
  • តម្លៃនៃការនាំចេញផលិតផលសរុបជាប្រភេទដំណាំក្រៅពីស្រូវ ចំនួន ២,១៧ ពាន់លាន ដុល្លារអាមេរិក ៕

កម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នៅខែមិថុនា ឆ្នាំ២០២១

0

ភ្នំពេញ៖លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ ខណៈក្រសួងពាណិជ្ជកម្ម ត្រូវទទួលភារកិច្ចរៀបចំវេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលគ្រោងនឹងរៀបចំ មួយថ្ងៃមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាផ្លូវការ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច សម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
លោក ស៊ាង ថៃ ថ្លែងថា វេទិកានេះ មានសារៈសំខាន់ណាស់ ព្រោះនឹងមានថ្នាក់ដឹកនាំធុរកិច្ចល្បីៗ ដឹកនាំប្រតិភូពាណិជ្ជកម្ម និងវិនិយោគធំៗ មកពីទ្វីបអាស៊ី និងអឺរ៉ុបមកចូលរួមដើម្បីស្វែងរកកាលានុវត្តន៍ភាពកសាងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគទៅវិញទៅមក។

លោកបញ្ជាក់ថា “ហេតុនេះដើម្បីត្រៀមលក្ខណៈទទួលរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ឲ្យទទួលបានជោគជ័យនិងលទ្ធផលល្អ ក្រសួងពាណិជ្ជកម្ម បានធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវជូន ក្រុមការងារតូចៗ ដូចជា ក្រុមការងារកសាងឯកសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ជាដើម ដោយក្នុងក្រុមនីមួយៗ នឹងមានរៀបចំក្រុមការងារតូចៗ ដើម្បីទទួលខុសត្រូវការងារលំអិតផ្សេងៗទៀតដូចជា ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ សន្តិសុខ និងក្រុមតាំងបង្ហាញផលិតផលសក្កានុពលរបស់កម្ពុជា ជាដើម”

លោកក៏បានស្នើដល់ក្រុមតូចៗ ទាំងអស់យកចិត្តទុកដាក់រៀបចំផែនការការងារ របស់ខ្លួនឲ្យបានល្អិតល្អន់ ត្រូវតាមដាន និងរាយការណ៍ពីវឌ្ឍនភាពការងារ ដែលក្រុមការងារនីមួយៗ បានបំពេញ ធ្វើដូច្នេះ ទើបអាចគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍ បានគ្រប់ជ្រុងជ្រោយ និងទទួលបានលទ្ធផលល្អប្រសើរ៕

បុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំនៅឆ្នាំ២០២១ នឹងលើកទៅឆ្នាំ២០២២ វិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចលើកពេលរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំនៅឆ្នាំ២០២១ លើកទៅឆ្នាំ២០២២វិញ
ខណៈការរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំ២០២២ខាងមុខនោះ រដ្ឋបាលខេត្តកំពង់ធំ នឹងធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ។

CDC អនុម័ត គម្រោងបង្កើតរោងចក្រចាក់ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារ នៅក្រុងតាខ្មៅ

ភ្នំពេញ៖តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន JIAYUAN HENGRUN INT’L TEXTILE CO., LTD. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។ នេះបើតាមCDC ចេញផ្សាយកាលពីថ្ងៃទី៣១ធ្នូកន្លងទៅ។

កម្ពុជាទទួលភ្ញៀវទេសចរជិត ៧០ម៉ឺននាក់ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ខណៈរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ
ក្នុងឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ។

តាមរយៈក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះថា ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។

ក្រសួងទេសចរណ៍ ឲ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
រាជធានីភ្នំពេញ៖ ៥០០.១៦៦ នាក់ ,ខេត្តព្រះសីហនុ៖ ៥១.៥៧០ នាក់ ,ខេត្តកែប៖ ៥១.១៦៨ នាក់ ,ខេត្តសៀមរាប៖ ២៥.២០៤ នាក់ ,ខេត្តកំពត ៖ ១៨.៨៧០ នាក់ ,,ខេត្តកំពង់ស្ពឺ៖ ១១.៧៨៧ នាក់ ,ខេត្តបាត់ដំបង ៖ ៦.៥៤០ នាក់ ,ខេត្តកំពង់ចាម៖ ៦.៤៩៨ នាក់ ខេត្តកោះកុង៖ ៣.១១៦ នាក់។

ប្រភពដដែលបន្តថា ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖
− ខុសពីរាល់ឆ្នាំ ឆ្នាំនេះមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែកចំពោះរាជធានីភ្នំពេញ តាមការវាយតំលៃបឋមរបស់អាជ្ញាធរ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម ។
− ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញៗ។
− ដោយឡែក បងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។
− បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍។
− ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ។
− គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តន៏តាមប្រសាសន័ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ដោយឡែក កន្លែងដែលមានការប្រមូលផ្តុំច្រើន ដូចជាតាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី (Pub Street) នៅសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត៕

ក្រុមហ៊ុន ស្មាត អាស្យាតា ចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ តាមរយៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

0

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានធ្វើទស្សនៈកិច្ចនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសកូវីដ១៩ មកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីសិក្សាអំពីថាតើមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ត្រូវបានយកទៅប្រើប្រាស់យ៉ាងណាខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។

លោកវេជ្ជបណ្ឌិត អេរ៉ីក ខាលសិន (Dr. Erik Karlsson) អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ស្មាត ចំពោះការផ្ដល់ជំនួយឧបត្ថម្ភដ៏សប្បុរសនេះ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ថែមទៀតថា ដោយសារតែមានសម្ភារៈបរិក្ខារដែលត្រូវបានទិញដោយប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ស្មាត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកវីរុសកូវីដ១៩បានចំនួនពី៥០០ទៅ៦០០នាក់នៅក្នុង១ថ្ងៃ នាអំឡុងពេលពីរបីខែចុងក្រោយនេះ ហើយវិទ្យាស្ថានក៏មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធ្វើតេស្ដឲ្យបានច្រើនជាងចំនួនខាងលើនេះផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានថ្លែងទៅកាន់ក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នានៅទីនេះ ដែលបានជួយរក្សាសុខសុវត្ថិភាពរបស់ប្រទេសកម្ពុជា [ពីវីរុសកូវីដ១៩ ”។

លោក ថូម៉ាស បានបន្ថែមថា “ក្រុមហ៊ុន ស្មាត ចាត់ទុកខ្លួនឯងជាផ្នែកមួយនៃសហគមន៍ ពោលគឺមិនមែនគ្រាន់តែជាគ្រឹះស្ថានដែលរកប្រាក់ចំណេញតែមួយមុខនោះទេ។ នៅក្នុងគ្រាលំបាកដូចជាពេលបច្ចុប្បន្ននេះ វាចាំបាច់ណាស់ដែលពួកយើងទាំងអស់គ្នា រួបរួមសាមគ្គីគ្នា និងធ្វើគ្រប់កិច្ចការដែលយើងអាចធ្វើបាន ក្នុងគោលដៅដោះស្រាយបញ្ហារាតត្បាតនៃវីរុសនេះឲ្យបានអស់ពីចិត្ត។”

ជាថ្មីម្ដងទៀត ក្រុមហ៊ុន ស្មាត អាស្យាតា សូមប្រកាសទទួលពាក្យស្នើសុំថវិកាពីមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

ក្រុមហ៊ុន ស្មាត សូមស្វាគមន៍ការដាក់ពាក្យពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងឡាយ ដែលមានមធ្យោបាយបំពេញសេចក្ដីត្រូវការសំខាន់ៗរបស់កម្ពុជា នាអំឡុងពេលមានវិបត្តិកូវីដនិងក្រោយពេលវិបត្តិនេះកន្លងផុតទៅ។ ស្ថាប័នដែលមានលក្ខណៈគ្រប់គ្រាន់ នឹងអាចទទួលបានថវិកាពីចន្លោះ ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅ ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

នាយករដ្ឋមន្រ្តីកម្ពុជា៖ ថវិកាដែលបានពីដំណក់ប្រេង នឹងយកទៅប្រើប្រាស់ក្នុងវិស័យ អាទិភាពចំនួន២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា រីឯថវិកាដែលទទួលបានដំណក់ប្រេងនឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងសុខាភិបាល។

ក្នុងអញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។

សម្តេចតេជោ បានប្រកាសដំណឹងល្អរបស់កម្ពុជាថា “ថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ត្រូវបានចាប់ផ្តើមហើយ។ បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ លុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល”

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ សង្គ្រាមកម្ពុជា ដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ។ ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាត់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះ ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ។ សម្តេចតេជោបន្តទៀតថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក៕

តម្លៃត្រឹមតែ $100 ជាង មានអង្គផ្ទុកដល់ទៅ128GB កាមេរ៉ា 4គ្រាប់ អេក្រង់ធំ 6.5” កម្លាំងថ្ម 5000mAh អស្ចារ្យអីយ៉ាងនេះ…!!!

0

(ភ្នំពេញ) ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូង អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!

នៅចុងឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនដែលមានគុណភាពល្អ លើសតម្លៃនឹកស្មានមិនដល់ ជាមួយអេក្រង់ធំភ្លឺច្បាស់ឥតខ្ចោះ (Awesome Screen) , កាមេរ៉ាមុខក្រោយថតច្បាស់គ្រប់ប្លង់គ្មានទាស់ (Awesome Camera), ថាមពលថ្មធំប្រើបានយូរបញ្ចូលឆាប់ពេញ (Long Lasting Battery)… និងលក្ខណៈពិសេសទាក់ទាញជាច្រើនសម្រាប់ជាកាដូឆ្នាំថ្មីជូនអតិថិជន ទាំងអស់ក្នុងពិភពលោក និងជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង!

Samsung Galaxy A12 ដែលទើបតែចេញលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើងពេលនេះ គឺមានរូបរាងស្រស់ស្អាតទាក់ទាញ… មានអេក្រង់ធំ…ថាមពលថ្មធំ… កាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលមានមេហ្គាភិចស៊ែលធំ)…បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោ… បច្ចេកវិទ្យាសាកថ្មលឿនឆាប់ពេញ… និងមានតម្លៃសមរម្យបំផុត…! លោកអ្នកដែលកំពុងអានព័ត៌មាននេះអាចនឹងមិនទាន់ជឿនៅឡើយ… ប៉ុន្តែលោកអ្នកប្រាកដជាមានភាពភ្ញាក់ផ្អើល និងសរសើរពេលបានឃើញ ឬកាន់ផ្ទាល់ជាក់ជាពុំខានឡើយ!
ចង់ដឹងថា Samsung Galaxy A12 មានភាពទាក់ទាញ និងអស្ចារ្យបែបណានោះ… សូមមកមើលជាមួយគ្នា៖

  • ប្រភេទអេក្រង់៖ Infinity-V Display
  • ទំហំអេក្រង់៖ 6.5” HD+
  • កាមេរ៉ាមុខ៖ 8 MP (F2.2)
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 5MP + 2MP + 2MP
  • មេម៉ូរី (RAM)៖ 4GB
  • អង្គផ្ទុក៖ 128 GB
  • ល្បឿនដំណើរការ៖ Octa-core MTK6765(G35) (Up to 2.3 GHz)
  • ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0
  • មុខងារដោះសោ៖ ស្កេនខ្ចៅដៃលើផ្ទៃចំហៀង
  • សេវា៖ 4G LTE
  • ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
  • តម្លៃ៖ $ 179 ប៉ុណ្ណោះ!

អាចនិយាយបានថា Samsung Galaxy A12 តម្លៃត្រឹមខ្ទង់ប៉ុណ្ណឹង ហើយបំពាក់ (Specs) បែបនេះគឺពិតជាស្មាតហ្វូនទំនើប ទាន់សម័យកប់មួយ និងជាជម្រើសកាដូស្មាតហ្វូនឆ្នាំថ្មី ដ៏ល្អបំផុតសម្រាប់អ្នក…ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់!

បើចង់ដឹងច្បាស់លោកអ្នកអាចអញ្ជើញទៅសាកសួរ ឬប៉ះផ្ទាល់បាននៅតាមបណ្តាដេប៉ូ ឬហាងចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត! សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនង ទៅកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈ លេខទូរស័ព្ទ៖ 1800-20 32 32។

This image has an empty alt attribute; its file name is photo_2020-12-29_11-39-00-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-29_11-39-13-1-974x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-29_11-39-18-1-974x1024.jpg

ដំណក់ប្រេងលើកដំបូង របស់កម្ពុជា ចាប់ផ្តើមផលិតហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពី អណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។

តាមរយៈហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

សម្ដេចតេជោបញ្ជាក់ថា “ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើម ផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេង លើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ”។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិ ជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញ ជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោង ផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា
២០២០ ។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូង នៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូង ដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើត បាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖

ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕