Home Blog Page 22

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកពលរដ្ឋម្នាក់ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តភ្លាមៗ ក្រោយត្រូវពស់ចឹក

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូបនៅក្រុងកោះរ៉ុងភ្លាមៗ ក្រោយបុរម្នាក់នេះ ជួបឧបហេតុត្រូវសត្វពស់ចឹក នឹងត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។

បុរសដែលត្រូវសត្វពស់ចឹងខាងលើនេះ មាន ឌី វ៉ៃ ជាកម្មករបម្រើការនៅលើកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ភ្លាមៗក្រោយជួបឧបទវហេតុនេះ បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC ទៅជួយយកបុរសម្នាក់​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏ធ្លាក់ចូលលូ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលត្រូវការសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើ មានឈ្មោះ ហ៊ុន ណារិន អាយុ ៥៤ឆ្នាំ។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ភ្នំពេញ៖​ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។

លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើង​រួមគ្នា​បន្ត​សហការ និង ធ្វើការ​ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ»​។ 

ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានប្រគល់ជូនរបាយការណ៍ផ្តល់ផល វិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម ដែលបង្ហាញពីការរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះចំពោះសេដ្ឋកិច្ចក្នុងស្រុក ការអភិវឌ្ឍសហគមន៍ និងការអនុវត្តប្រកបដោយនិរន្តរភាពក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។ 

កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុនទទួលបានពានរង្វាន់ និងការទទួលស្គាល់ដែលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះមានដូចជា៖

ពានរង្វាន់ឆ្នើមផ្នែកបច្ចេកវិទ្យាថាមពលស្អាត៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទើបតែទទួលបានពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៤ ដែលរៀបចំដោយអង្គការ EnergyLab Cambodia ដែលជាកម្មវិធីទទួលស្គាល់ ការរួមចំណែកសំខាន់ៗចាប់ពីបុគ្គលម្នាក់ៗ ស្ថាប័នក្រុមហ៊ុន និងគំនិតផ្តួចផ្តើមនានាដែលជំរុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាទទួលបានពានរង្វាន់នេះដោយផ្អែកលើការប្រើប្រាស់រោងចក្រឡជីវម៉ាស ដែលចាប់ដៃគូ និងធ្វើការប្រតិបត្តិជាមួយក្រុមហ៊ុនBECIS ដែលជាក្រុមហ៊ុនបង្កើតថាមពលកំដៅពីអង្កាម។

. លិខិតសរសើរពីការយកចិត្ត​ទុកដាក់​ទៅលើ​បរិស្ថាន៖ ជាការទទួលស្គាល់ដោយក្រសួងបរិស្ថាន ក្រោមយុទ្ធសាស្រ្តចក្រាវិស័យពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពានរង្វាន់នេះបានទទួលស្គាល់ចំពោះការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនដែលផ្តល់អាទិភាពលើភាពវិជ្ជមានដល់បរិស្ថាន។

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា៖ រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដោយទទួលស្គាល់ពីការអនុវត្តពីការគ្រប់គ្រងផ្នែកបរិស្ថានរបស់ ក្រុមហ៊ុន។ ក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា បានទទួលពានរង្វាន់ប្រាក់នៅក្នុងកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤ របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការទទួលស្គាល់ពីការយកចិត្ត​ទុកដាក់របស់ក្រុមហ៊ុនចំពោះការទទួលខុសត្រូវផ្នែកនិរន្តរភាព និង ផ្នែកបរិស្ថាន។ ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុននេះជាគំរូដែលលើកកម្ពស់ និងពង្រីកសកម្មភាពដែលប្រកបដោយនិរន្តរភាពក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន ការប្រើប្រាស់ធនធាន ទំនួលខុសត្រូវសង្គម ក៏ដូចជាការយល់ដឹងអំពីនិរន្តរភាព។

ពានរង្វាន់ភាពចម្រុះ សមធម៌ និងអ្នកដឹកនាំសង្គមឆ្នាំ២០២៤ (ESG Diversity, Equity & Social Leader) សមិទ្ធផលមួយផ្សេងទៀតក្នុងអំឡុងឆ្នាំនេះរួមមាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលឈ្នះពានរង្វាន់ ភាពចម្រុះ សមធម៌ និងអ្នកដឹកនាំសង្គមឆ្នាំ២០២៤ រៀបចំដោយ Eurocham Cambodia។ ពានរង្វាន់នេះបានទទួលស្គាល់សមិទ្ធិផលក្នុងរីកលូតលាស់បុគ្គលិក ការជ្រើសរើសប្រកបដោយការរួមបញ្ចូល គំនិតផ្តួចផ្តើមផ្នែកDEI ការចូលរួមសហគមន៍ សុខភាព និងសុវត្ថិភាព ព្រមទាំងការលើកកម្ពស់តុល្យភាពជីវិតការងារ។

នាយិកា​ផ្នែកធនធានមនុស្ស លោកស្រី តេង សុផាន់ណា បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ និងការទទួលស្គាល់នានាជាច្រើនក្នុងឆ្នាំនេះ។ ការទទួលស្គាល់ទាំងនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការជម្រុញឱ្យកន្លែងធ្វើការប្រកបដោយភាពរួមបញ្ចូល និងគាំទ្រដល់បុគ្គលិកគ្រប់រូបព្រមទាំងធ្វើឱ្យពួកគេមានអារម្មណ៍ថា ទទួលបានការផ្តល់តម្លៃ និងជម្រុញលើកទឹកចិត្តក្នុងការងាររបស់ពួកគេ។ នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថាភាពចម្រុះរួមបញ្ចូលនឹងជម្រុញឱ្យមានការបង្កើតថ្មី និងភាពជោគជ័យ ហើយ​យើង​នឹង​បន្ត​ពង្រឹងគុណតម្លៃស្នូល​ទាំង​នេះ​​គ្រប់​កិច្ចការ​ដែលយើងធ្វើ​»។​ 

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មបានមានប្រសាសន៍ថា៖ «ពានរង្វាន់ទាំងនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះការរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ នៅពេលដែលយើងប្រារព្ធខួបទី ៣០ ឆ្នាំនៃការរីកចម្រើន និង ភាពជាដៃគូនៅប្រទេសកម្ពុជា យើងនៅតែបន្តពង្រឹងផ្នែកនិរន្តរភាព និងការច្នៃប្រឌិតដែលជាប្រយោជន៍ដល់ប្រជាជន សហគមន៍ និងបរិស្ថានរបស់យើង»។

នៅពេលដែលឆ្នាំ ២០២៤ ជិតបញ្ចប់ហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រារព្ធខួបលើកទី ៣០ឆ្នាំ ពោរពេញទៅដោយមោទនភាព និងសមិទ្ធផលដ៏អស្ចារ្យនានា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការធ្វើឱ្យមានភាពវិជ្ជមានដ៏យូរអង្វែង។ យើងនៅតែបង្កើតអនាគតនៃការបន្តភាពជោគជ័យ និងរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ!

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរAnchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូនកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាគឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

វៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ ក្នុងគោលបំណងតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគ តភ្ជាប់សហគមន៍ធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល»។ នេះជាវេទិកាជំរុញពាណិជ្ជកម្មលើកដំបូងគេបង្អស់ដែលរៀបចំឡើងដោយ VCBA នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការសម្របសម្រួល សហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ។

វេទិកានេះបានទាក់ទាញគណៈប្រតិភូជាង ១៤០ នាក់ដែលជាថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកគ្រប់គ្រងនិងសហគមន៍ធុរកិច្ចអញ្ជើញមកពីប្រទេសទាំងពីរ ដូចជាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម គណៈប្រតិភូធុរកិច្ចខេត្ត ដុងថាប់ ក្រសួងពាណិជ្ជកម្មកម្ពុជា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC)។ល។ ក្នុងចំណោមប្រតិភូទាំងនោះ មានជាង ១០០ នាក់ដែលជាពាណិជ្ជករនិងជាអ្នកដឹកនាំអាជីវកម្មសមាជិកនៃ VCBA និង CCC និងសហគមន៍ធុរកិច្ចនៃប្រទេសវៀតណាម និងកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីបើកវេទិកានេះ។

អញ្ជើញថ្លែងក្នុងពិធីបើកវេទិកា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា បានគូសបញ្ជាក់ថា វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា នឹងជួយឱ្យអ្នកវិនិយោគនៃប្រទេសទាំងពីរចាប់យកឱកាសស្វែងយល់អំពីគោលនយោបាយ និងស្វែងរកដៃគូសមស្របរបស់ខ្លួន។ វេទិកានេះក៏នឹងផ្សារភ្ជាប់អាជីវកម្ម បង្កើតស្ពានទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគក្នុងតំបន់ និងវិស័យមានសក្ដានុពល រួមដំណើរជាមួយក្រុមហ៊ុន សហគ្រាស ក្នុងការផ្លាស់ប្តូរឌីជីថល ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

ឧកញ៉ាប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជាសង្ឃឹមថាវេទិកានេះនឹងទទួលបានជោគជ័យ បង្កើតបានជាលទ្ធផលជាក់ស្តែង រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាន់តែអភិវឌ្ឍន៍ឈានឡើងថែមមួយកម្រិតទៀត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា តែងតែត្រូវបានពូនជ្រុំ និងអភិវឌ្ឍជាបន្តបន្ទាប់។ ហើយប្រទេសទាំងពីរ នៅតែបន្តមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក។

ចំណែកឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា «ទៅថ្ងៃមុខយើងនឹងមើលឃើញថា ការទិញលក់នៅតាមបណ្ដាហាង និងក្រុមហ៊ុន ដោយផ្ទាល់នឹងមាននិន្នាការថយចុះ ដូច្នេះការពង្រឹងទំនាក់ទំនងនៃប្រទេសយើងទាំងពីរក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលនេះ គឺជាកិច្ចការងារដែលមិនអាចខ្វះបាន»។

ថ្លែងក្នងវេទិកានេះ ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានសង្កត់ធ្ងន់ថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹម្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឲ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។ បើតាមប្រសាសន៍ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។

ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

នៅខែ មិថុនា ឆ្នាំ ២០២៣ កម្ពុជាបានបង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់កម្ពុជា ក៏ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ប្រទេសជិតខាងនិងអាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម 4.0 និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងនិន្នាការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅលើពិភពលោក។

ចំណែកនៅប្រទេស វៀតណាម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងដ៏ច្រើននៃផលធៀបក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យត្រួសត្រាយផ្លូវនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម។ របាយការណ៍សន្ទស្សន៍ពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាមឆ្នាំ ២០២៤ របស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម បានឲ្យដឹងថា អត្រាកំណើនប៉ាន់ស្មាននៃពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម នៅឆ្នាំ ២០២៣ គឺលើសពី ២៥ ភាគរយបើធៀបនឹងឆ្នាំមុន ហើយឈានដល់ ២៥ ពាន់លានដុល្លារ។ ក្នុងនោះ ទំហំនៃការលក់រាយតាមអ៊ីនធឺណិតបានឈានដល់ ១៧,៣ ពាន់លានដុល្លារ។ ជាមួយនឹងអត្រាកំណើននេះ វៀតណាម គឺជាប្រទេសដែលរីកចម្រើនលឿនបំផុតនៅអាស៊ីបូព៌ា និងក្នុងចំណោមប្រទេសទាំង ១០ ដែលមានកំណើនលឿនបំផុតនៅលើពិភពលោក …។

បន្ទាប់ពីវេទិកាបើកខាងលើ គណៈប្រតិភូដែលចូលរួមវេទិកាបានស្វែងយល់អំពីទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថលរវាង វៀតណាម និង កម្ពុជា តាមរយៈបទបង្ហាញ «ការអនុវត្តនិងគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅ វៀតណាម», «សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ មនិងវិនិយោគរវាង វៀតណាម និង កម្ពុជាក្នុ ងបរិបទនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន», «ការបំពេញក្របខ័ណ្ឌច្បាប់ស្តីពីការលើកទឹកចិត្តពាណិជ្ជកម្មទ្វេភាគី វៀតណាម – កម្ពុជា» និង «ស្ថានភាពនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» ដែលបានបង្ហាញដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងឈានមុខក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏មានកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររវាង ក្រុមហ៊ុនរោងចក្រម៉ាស៊ីនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុននិងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនោះ ក៏មានសកម្មភាពជំរុញនិងទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិនមកពី VCBA, CCC និងសហគមន៍ធុរកិច្ចវៀតណាម-កម្ពុជា៕

ដោយ៖ សុខ វិសាល

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនអូប័រល្បឿនលឿន​ GTVC ជួយចំលងជនបរទេសម្នាក់​ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ក្រោយរងរបួសជើង

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍​ ជលយាន ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកភ្ញៀវទេសចរណ៍ ជាជនបរទេសមួយរូប ជួបឧបហេតុរងរបួសជើង ត្រូវការយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។

ជនបរទេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

គោលការណ៍ណែនាំទប់ស្កាត់ព័ត៌មានមិនពិតសកលរបស់ TikTok អាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា

ភ្នំពេញ៖​ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសដែលមានអ្នកបង្កើតមាតិកាតាមភេ្លតហ្វម TikTok ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។

គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។

គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិត

ក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា ផ្នែកវេជ្ជសាស្រ្ត បម្រែបម្រួលអាកាសធាតុ និងព័ត៌មានអំពីការបោះឆ្នោត ក៏ដូចជាមាតិកាបំភ័ន្តដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ទ្រឹស្តីសមគំនិត និងបញ្ហាសុវត្ថិភាពសាធារណៈដូចជា គ្រោះមហន្តរាយធម្មជាតិជាដើម។ ដោយអនុលោមតាម គោលការណ៍សហគមន៍ របស់ TikTok (ដែលរួមបញ្ចូលការប្តេជ្ញាចិត្តការពារសិទ្ធិមនុស្សក្នុងការការពារការបញ្ចេញមតិ ខណៈពេលដែលការពារការបង្កគ្រោះថ្នាក់) គោលការប្រើប្រាស់របស់ភ្លេតហ្វមនេះបង្ហាញអំពីលទ្ធផលនៃការអនុវត្តជាច្រើនដែលសមាមាត្រទៅនឹងថា ទំហំគ្រោះថ្នាក់ដែលបង្កដោយខ្លឹមសារនោះ។ ដំណោះស្រាយរាប់បញ្ចូលទាំងការលុបមាតិការចេញ ឬកាត់បន្ថយការបង្ហាញរបស់មាតិកានោះនៅលើទំព័រ For You Page។ យើងបន្តប្រឹក្សាជាមួយអ្នកជំនាញ និងក្រុមប្រឹក្សាសុវត្ថិភាពសកលរបស់យើងដើម្បីធានាថា វិធីសាស្រ្តរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាព មានតុល្យភាព និងគោរពតាមគោលការណ៍និងវប្បធម៌មូលដ្ឋានរបស់សង្គម។

យោងតាមក្រុមហ៊ុន TikTok តម្លាភាពជុំវិញការត្រួតពិនិត្យផ្ទៀងផ្ទាត់មាតិកាគឺមានសារៈសំខាន់ណាស់។ នៅពេលយើងចាត់វិធានការលើមាតិការបស់នរណាម្នាក់ចំពោះការបំពានគោលការណ៍ព័ត៌មានមិនពិតរបស់យើង យើងអនុញ្ញាតឱ្យពួកគេដឹងតាមរយៈការជូនដំណឹងតាមប្រអប់ជូនដំណឹង ឬតាម«ស្ថានភាពគណនី» នៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាពរបស់យើង ហើយអ្នកប្រើប្រាស់អាចដាក់បណ្តឹងត្រឡប់ទៅ TikTok វិញបានផងដែរ។ សកម្មភាពដែល TikTok អនុវត្តដើម្បីដោះស្រាយបញ្ហាព័ត៌មានមិនពិតរួមមាន៖

«ព័ត៌មានមិនពិត» ធៀបនឹង «ព័ត៌មានក្លែងក្លាយ»

គោលការណ៍ប្រើប្រាស់អំពីព័ត៌មានមិនពិតរបស់យើងត្រូវបានអនុវត្តទៅលើរាល់មាតិកាដោយមិនគិតពីចេតនារបស់អ្នកបង្ហោះនោះទេ ព្រោះថាមាតិកាអាចបង្កគ្រោះថ្នាក់បានដូចគ្នា។ ដូច្នេះហើយ គោលការណ៍ត្រូវបានអនុវត្តទាំង «ព័ត៌មានមិនពិត» (ដែលត្រូវបានចែករំលែកដោយចេតនាដើម្បីបំភ័ន្តការពិត) និងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដែលបានចែករំលែកមិនមានបំណងបោកប្រាស់នរណាម្នាក់។

ការរកឃើញមាតិកាដែលបំពានលើគោលការណ៍ប្រើប្រាស់

យើងកំណត់សម្គាល់ ឬរកឃើញព័ត៌មានមិនពិតតាមរយៈបច្ចេកវិទ្យាស្វ័យប្រវត្តិ ការរាយការណ៍ពីអ្នកប្រើប្រាស់ និងការសង្ខេបព័ត៌មានដែលបានផ្ទៀងផ្ទាត់ជាក់លាក់ពីអ្នកជំនាញ និងដៃគូត្រួតពិនិត្យការពិតរបស់យើង។ នៅពេលដែលព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់ដូចជា ការបោះឆ្នោត ភាពអាសន្នចំពោះសុវត្ថិភាពសាធារណៈ ឬគ្រោះមហន្តរាយធម្មជាតិកំពុងកើតឡើង យើងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកព័ត៌មានបន្ថែមនៅក្នុងមូលដ្ឋានដែលជារឿយៗសហការជាមួយអ្នកជំនាញ ឬអាជ្ញាធរ និងបង្កើតបណ្តាញរាយការណ៍សម្រាប់ដៃគូក្នុងស្រុកដែលមានការអនុញ្ញាតដើម្បីរក្សាឱ្យបានប្រសើរជាងមុនក្នុងការទប់ស្គាត់ និងលុបបំបាត់ព័ត៌មានមិនពិត។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានរកឃើញ យើងនឹងធ្វើការយ៉ាងសកម្មដើម្បីតាមដានត្រួតពិនិត្យលើភ្លេតហ្វម TikTok រាល់មាតិកាស្រដៀងគ្នាផ្សេងទៀត។

ឧទាហរណ៍ជាក់ស្តែង ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ មានអ្នកជំនាញក្នុងស្រុកជាច្រើនបានចូលរួមជាមួយ ក្រុមហ៊ុន TikTok ដើម្បីសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្រសួងព័ត៌មាន និងអ្នកបង្កើតមាតិកាខ្មែរតាម TikTok ចាប់ផ្តើមយុទ្ធនាការមួយដើម្បីរំលឹកប្រជាជនកម្ពុជាឱ្យមានការប្រុងប្រយ័ត្នកំឡុងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីជម្រុញការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតជុំវិញវីរុសនេះ។ អ្នកបង្កើតមាតិកាតាម TikTok ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន WePharm លោកបណ្ឌិត មនោរម្យ, បណ្ឌិត អ៊ិត ម៉ូលីកា និងលោកបណ្ឌិត ស៊ឹម ផល្លី។ យុទ្ធនាការនេះ បានទទួលការវាយតម្លៃជាវិជ្ជមានពីយុវជនកម្ពុជាទៅដល់គំនិតផ្តួចផ្តើមក្នុងការជួយលើកកម្ពស់ការប្រុងប្រយ័ត្ន និងលុបបំបាត់ព័ត៌មានមិនពិតអំពី Covid-19 បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា។

មាតិកាដែលមិនបានផ្ទៀងផ្ទាត់

នៅពេលដែលយើងមិនអាចផ្ទៀងផ្ទាត់ថាតើមាតិកាពិតឬមិនពិត យើងអាចដាក់ស្លាកមាតិកានោះថា «មិនបានផ្ទៀងផ្ទាត់» និងកាត់បន្ថយការបង្ហាញមាតិកាទៅកាន់អ្នកផ្សេងដោយមិនបង្ហាញមាតិកានោះនៅលើទំព័រ For You Feeds។

អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់សុចរិតភាព និងភាពត្រឹមត្រូវ

ខណៈពេលដែលព័ត៌មានមិនពិតមួយចំនួនអាចត្រូវបានអនុវត្តតាមរយៈបច្ចេកវិទ្យាដោយផ្ទាល់ ជាឧទាហរណ៍ ការបង្ហោះផ្សាយឡើងវិញនូវមាតិកាដែលបានលុបចោលពីមុន ព័ត៌មានមិនពិតមានការវិវត្តយ៉ាងឆាប់រហ័ស និងមានភាពពិបាកវិនិច្ឆ័យ។ នោះហើយជាមូលហេតុដែលពួកយើងមានក្រុមការងារ និងដំណើរការដែលខិតខំប្រឹងប្រែងពង្រឹងគោលការណ៍សុចរិតភាព និងភាពត្រឹមត្រូវ ដូចជាព័ត៌មានមិនពិត រួមទាំងការបណ្តុះបណ្តាល ការពង្រឹងឧបករណ៍ប្រើប្រាស់ និងជំនាញក្នុងការផ្ទៀងផ្ទាត់។ នៅពេលរកឃើញព័ត៌មានមិនត្រឹមត្រូវ អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់ផ្នែកសុចរិតភាពនិងភាពត្រឹមត្រូវរបស់យើងត្រូវតែកំណត់ ភាពត្រឹមត្រូវ មិនពិត ឬក៏មិនអាចផ្ទៀងផ្ទាត់បានដើម្បីអនុវត្តគោលការណ៍របស់យើង។

កម្មវិធីពិនិត្យផ្ទៀងផ្ទាត់ការពិតសកលរបស់ TikTok

នៅពេលរកឃើញព័ត៌មានមិនត្រឹមត្រូវ អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់ផ្នែកសុចរិតភាពនិងភាពត្រឹមត្រូវរបស់យើងត្រូវតែកំណត់ ភាពត្រឹមត្រូវ មិនពិត ឬមិនអាចផ្ទៀងផ្ទាត់បាន ដើម្បីអនុវត្តគោលការណ៍របស់យើង។ អ្នកជំនាញពិគ្រោះយោបល់ជាមួយទិន្នន័យមូលដ្ឋានសកលជាឯកសារយោងដែលបានពិនិត្យផ្ទៀងផ្ទាត់កាលពិតពីមុន ហើយបន្ទាប់មកបញ្ជូនការយល់ឃើញថ្មី ការវិវត្ត ឬបញ្ចូនទៅកាន់កម្មវិធីត្រួតពិនិត្យការពិតសកលរបស់យើងសម្រាប់ការវាយតម្លៃឯករាជ្យ។

តាមរយៈកម្មវិធីត្រួតពិនិត្យការពិតជាសាកល យើងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នត្រួតពិនិត្យការពិតដែលទទួលស្គាល់ដោយ IFCN ចំនួន ២០ ដែលវាយតម្លៃភាពត្រឹមត្រូវនៃមាតិកានៅលើភ្លេតហ្វម TikTok ដែលមានជាង ៥០ ភាសា និងមានទីផ្សារចំនួន ១០០ ជុំវិញពិភពលោក។

ទំនោរទៅរកភាពខុសប្លែកគ្នាក្នុងតំបន់

ព័ត៌មានមិនពិតនៅភ្លេតហ្វមអនឡាញគឺជាបញ្ហាប្រឈរួមគ្នាជាសកល ប៉ុន្តែបញ្ហានេះមានភាពខុសប្លែកគ្នាទៅតាមប្រទេស ភាសា និងសហគមន៍។ ឧទាហរណ៍ ប្រទេសកម្ពុជាមានចំណុចរសើបរបស់ខ្លួន។ យើងកំពុងបន្តសហការជាដៃគូជាមួយទាំងអ្នកបង្កើតមាតិកា និងអ្នកជំនាញក្នុងស្រុកដូចជា អង្គការតស៊ូមតិ អាជ្ញាធរផ្នែកសុខភាពសាធារណៈ គណៈកម្មការរៀបចំការបោះឆ្នោត និងអ្នកជំនាញតាមដាននិងត្រួតពិនិត្យព័ត៌មានពិតក្នុងតំបន់ (បន្ថែមលើកម្មវិធីត្រួតពិនិត្យការពិតជាសកលរបស់យើង) ដើម្បីកាត់បន្ថយព័ត៌មានមិនពិត លើកកម្ពស់ការប្រើប្រាស់ព័ត៌មានពិតដែលបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយអ្នកជំនាញ និងបង្កើតចំណេះដឹងនិងជំនាញអក្ខរកម្មសម្រាប់សហគមន៍ពិភពលោករបស់យើងទាំងអស់។

ឧទាហរណ៍៖ ក្រុមហ៊ុន TikTok បានសហការនៅក្នុងទីផ្សារកម្ពុជាដោយដាក់ចេញនូវកម្មវិធីមជ្ឈមណ្ឌលអក្ខរកម្មឌីជីថល (Digital Literacy Hub) ថ្មីកាលពូឆ្នាំ ២០២២ នៅលើភ្លេតហ្វម TikTok ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការជួយអ្នកប្រើប្រាស់រុករកបរិយាកាសឌីជីថល។ កម្មវិធីមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលត្រូវបានបើកដំណើរការដោយសហការជាមួយមជ្ឈមណ្ឌលកម្ពុជាបច្ចេកវិទ្យា ៤.០ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនេះ ក៏មានការគាំទ្រពីអ្នកបង្កើតមាតិកាក្នុងស្រុកដូចជា LengLengJayJay និង Khmerfreelancer។ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនេះ បានលើកទឹកចិត្តអ្នកប្រើប្រាស់នៅកម្ពុជាឱ្យទាញយកមុខងារសុវត្ថិភាពដែលមានដើម្បីការពារខ្លួន និងអ្នកដទៃលើភ្លេតហ្វមអនឡាញ ខណៈពេលដែលអ្នកប្រើប្រាស់នៅតែរីករាយនឹងអត្ថប្រយោជន៍ជាច្រើនទៀតនៅពិភពឌីជីថល៕

Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤​​ នេះ

ភ្នំពេញ៖ ថ្ងៃទី  ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤រួមមាន៖ ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់​ First Class » ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរ​បែប» និងពាន​រង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់​ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃ​ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃ​ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ​២០២៤​។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំង​នេះ ​ទើប​ទទួលបានប៉ុន្មានសប្តាហ៍​ បន្ទាប់ពីនាយក​គ្រប់គ្រងប្រចាំ​ប្រទេស​កម្ពុជារបស់​Emirates លោក Mohammed Al Qassim បានជួប​ជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។

លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ក៏នឹងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួមផងដែរ។

នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល លោក Al Qassim ក៏បានលើកឡើងពីពានរង្វាន់កិត្តិយសដ៏ល្អបំផុតថ្មីៗជាច្រើនផ្សេងទៀតដែលក្រុមហ៊ុនរបស់ Emirates ទទួលបាន រួមមាន​ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅក្នុងពានរង្វាន់ ULTRAs ២០២៤ ដ៏មានកិត្យានុភាព ពាន​រង្វាន់​ដ៏ល្អបំផុតនៅ «Telegraph Travel» «ពានរង្វាន់មគ្គុទេសទេសចរណ៍ផ្លូវអាកាសរបស់ Forbes Travel Guide» និងត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក APEX ឆ្នាំ ២០២៥។   

កម្មវិធីពានរង្វាន់ការធ្វើដំណើរ​ពិភពលោក (WTA) គឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មអាកាសចរណ៍ ដែល​ទទួលស្គាល់ ​ផ្តល់រង្វាន់ និងអបអរសាទរភាពល្អឥតខ្ចោះលើ​គ្រប់វិស័យនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ពិភពលោក។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យា​សម្រាប់ការធ្វើដំណើរ​ពិភពលោក​ World Travel Tech Awards បានទទួលស្គាល់ និងអបអរសាទរភាពល្អឥតខ្ចោះនៅក្នុងបច្ចេកវិទ្យានៃការធ្វើដំណើរ។

ពិធីនេះធ្វើឡើងនៅវិមាន Savoy​ Palace ក្នុងទីក្រុង Madeira ប្រទេសព័រទុយហ្គាល់។ លោក David Quinto អ្នកគ្រប់គ្រងប្រចាំប្រទេសព័រទុយហ្គាល់របស់ Emirates បានទទួលយកពានរង្វាន់ក្នុង​នាម​ក្រុមហ៊ុន Emirates​ ទាំង​មូល​។

Emirates បានបន្តសេវាកម្មដឹកជញ្ជូន​ភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពី​ខែឧសភាឆ្នាំនេះ។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធី​ស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

បច្ចុប្បន្ន Emirates កំពុងផ្តល់តម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរ​ជាច្រើន​តាមរយៈប្រទេស​សិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹក​សន្ធាប់​លើ​​បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បី​ឆ្ពោះ​ទៅកាន់គោលដៅ​ពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់​អ្នកដំណើរកម្ពុជា ក្រុមហ៊ុន​Emirates ក៏បានបង្កើត​ទីស្នាក់​​ការក្រុមហ៊ុន​របស់ខ្លួននៅកណ្តាលរាជធានី​ភ្នំពេញនៃ​អគារ The Peak ផងដែរ។ ហាងទេសចរណ៍ថ្មី​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​នៅ​ឆ្នាំ​២០២៥។

Emirates បន្ដ​ផ្តោតលើការផ្តល់ជូននូវសេវាកម្មល្អបំផុត​ បន្តការវិនិយោគឥត​ឈប់ឈរ​ដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើរដ៏​ល្អ​ឥត​ខ្ចោះ​ និងផ្ដួច​ផ្តើមគំនិតឧស្សាហកម្មដំបូងដើម្បីពង្រីកបណ្ដាញ​ប្រតិបត្ដិការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​ជូន​អតិថិជន​​។ នេះជាចំណុចលេចធ្លោថ្មីៗមួយចំនួនរបស់ Emirates រួមមាន៖

• ការដាក់ឱ្យដំណើរការនូវយន្តហោះដែលត្រូវបានកែលម្អពេញលេញចំនួន ៣៦ គ្រឿង (យន្តហោះ A380 ចំនួន ២៦គ្រឿង និងយន្តហោះ Boeing 777 ចំនួន ១០ គ្រឿង) ជាមួយនឹងការ​រចនា​ផ្នែកខាងក្នុងថ្មី រួមមាន Premium Economy ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ជាផ្នែកមួយ​នៃកម្មវិធីសន្សំ​សំចៃ​ និង​ស្ទួយ​បរិស្ថាន​តម្លៃរាប់ពាន់លានដុល្លារ

• បទពិសោធន៍ First-Class របស់ Emirates: Emirates នៅតែបន្តកំណត់ស្តង់ដាឧស្សាហកម្មទេសចរណ៍សម្រាប់ភាពល្អឥតខ្ចោះជាមួយនឹងបន្ទប់ឯកជនបិទជិត សេវាកម្ម “បរិភោគអាហារតាមការ​កុម្ម៉ង់និងតម្រូវការ”​ និង​បន្ទប់ងូតទឹកស្ប៉ា A380 ​។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនបទពិសោធន៍ទទួល​ទាន​​ស្រាយ៉ាង​ពិសេស​​នៅលើអាកាសជាមួយនឹង​ ‘L’art du vin’ ​ជាឈុត​ស្រា​ទំពាំងបាយជូរដែលអ្នកបម្រើការលើយន្ដហោះ​បម្រើជូន​អតិថិជននូវ​ស្រាប្រណិត និង​កម្របំផុត។

• ថ្មីៗនេះ Emirates បានពង្រីកកម្មវិធី​កម្សាន្តលើយន្តហោះដ៏ធំរបស់ខ្លួន ដោយសហការជាមួយ Spotify ​ដែលជាអ្នកផ្តល់សេវាស្ទ្រីមអូឌីយ៉ូ និងប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមបំផុតរបស់ពិភពលោក ដើម្បីផ្តល់ជូនអតិថិជននូវផតខាស់ និងបញ្ជីចាក់តន្រ្តីក៏ដូចជា​វីដេអូជាច្រើនពីលើអាកាស។

• សមាជិក ៣៣ លាននាក់របស់ Emirates Skywards នៅទូទាំងពិភពលោក «រកចំណូល​បានកាន់តែច្រើន» និង «ចំណាយកាន់តែប្រសើរ​» ជាមួយនឹងដៃគូម៉ាកយីហោល្បីៗជាង ២០០ រាប់ចាប់ពីក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងជួលរថយន្ត រហូតដល់​ហិរញ្ញវត្ថុ ការកម្សាន្ត និងជីវិតរស់នៅក្នុងសង្គម។ Skywards ទាក់ទាញសមាជិកថ្មីជាង ១២០ ០០០ នាក់ជារៀងរាល់ខែ ដែលប្តូរយកពិន្ទុ​ Miles ដើម្បី​ទទួល​បាន​រង្វាន់ដ៏អស្ចារ្យជាច្រើន រួមទាំងសំបុត្រយន្តហោះ និងបង្កើន​ប្រភេទ​កៅអី​​លើយន្ដហោះ​ Emirates។ ការ​ធ្វើ​ដំណើរ​ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូ ការស្នាក់នៅសណ្ឋាគារ កាតអំណោយ​ “Gift Card”​ បដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត ដែលប្រាក់មិនអាចទិញបទពិសោធន៍ទាំង​នេះ​បានឡើយ។

Emirates បន្តពង្រឹងបទពិសោធន៍ឌីជីថលរបស់ខ្លួន និងរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែរលូនសម្រាប់អតិថិជន។ តាមរយៈការទទួលស្គាល់អំពីការផ្តល់ជូននូវមុខងារល្អបំផុត បទពិសោធន៍អ្នកប្រើប្រាស់ និងមុខងារជាច្រើនទៀត កម្មវិធីទូរស័ព្ទដៃEmirates app  ផ្តល់ជូនអតិថិជននូវការធ្វើបច្ចុប្បន្នភាពជើងហោះហើរតាមពេលវេលាជាក់លាក់ ការតាមដានអីវ៉ាន់ មគ្គុទ្ទេសក៍ផែនទីព្រលានយន្តហោះ ឱកាសដើម្បីស្វែងយល់ពីកាប៊ីនយន្តហោះទាំងអស់ជា 3D និងជម្រើសបង្កើតបញ្ជីចាក់តន្ត្រីតាមតម្រូវការមុនចេញដំណើរ។ កាលពីដើមឆ្នាំនេះ Emirates ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៣នៅក្នុងរបាយការណ៍ស្តង់ដាឯករាជ្យនៃគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Catchpoint ដែល Emirates.com ត្រូវបាន​ទទួលស្គាល់​ជាគេហទំព័រតែមួយគត់ដែលទំព័រព័ត៌មានដំណើរការលឿន (រយៈពេលសរុបដែលទំព័រមួយបានបង្ហាញយ៉ាងពេញលេញដល់អ្នកទស្សនា គឺតិចជាង ៥ វិនាទី)។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ​២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class​។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារប្លែកៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍​ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕

ក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart ULP បានធ្វើទស្សនកិច្ចសិក្សាដើម្បី ស្វែងយល់ពីសហគ្រិនភាពនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖​ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុម ​Jurnivers មកពីសាកលវិទ្យាល័យ ខេមតិច ដែលជាក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart Unipreneur Learning Platform (ULP) Hackathon ឆ្នាំ ២០២៤នេះ បានធ្វើដំណើរទស្សកិច្ចសិក្សាទៅកាន់ទីក្រុងហ្សាការតា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗ និងបរិបទសហគ្រិនភាពនៅក្នុងតំបន់។

ក្រោមការរៀបចំរបស់ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង ជំរុញការយល់ដឹងរបស់និស្សិតលើសហគ្រិនភាព និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងទីក្រុងហ្សាការតាផ្ទាល់តែម្ដង ដែលដំណើរទស្សនកិច្ចនេះបានផ្ដល់នូវទស្សនៈ និងគំនិតល្អៗជាច្រើនដល់និស្សិត ក្នុងការអនុវត្តគម្រោងរបស់ពួកគេឱ្យបានកាន់តែប្រសើរ។

ជាក់ស្ដែង លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា “យើងសង្ឃឹមយ៉ាងមុតមាំថា​ ក្រុមនិស្សិតជ័យលាភីរបស់យើងនឹងទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតបានជាដំណោះស្រាយឌីជីថល សម្រាប់បញ្ហាដែលសង្គមកំពុងជួបប្រទះ។” លោកក៏បន្តទៀតថា “ក្នុងពេលខាងមុខ ក្រុមហ៊ុន Smart Axiata ពិតជាសង្ឃឹមថាក្រុមហ៊ុននឹងអាចបន្តបណ្ដុះបណ្ដាលនូវអ្នកដឹកនាំវ័យក្មេងជាច្រើនទៀត ដើម្បីឱ្យពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយ​ៈនវានុវត្តន៍ថ្មីៗ និងសហគ្រិនភាពរបស់ពួកគេ។”

សកម្មភាពរបស់ក្រុម Jurnivers នៅក្នុងកម្មវិធី Hackathon របស់យើង

កម្មវិធីប្រកួតថ្នាក់ជាតិ​ SmartStart ULP Hackathon ដែលប្រព្រឹត្តឡើងក្នុងខែកញ្ញា ឆ្នាំ ២០២៤ នេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីភាពច្នៃប្រឌិត និងស្មារតីសហគ្រិនភាពរបស់និស្សិត មកពីខេត្តក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុម Jurnivers ដែលជាក្រុមជ័យលាភីលើផ្នែក “Overall Excellence” ទទួលបានការស្ងើចសសើរពីគណៈកម្មការ លើគំនិតរបស់ពួកគេក្នុងការក្នុងការបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ និងលើកទឹកចិត្តឱ្យភ្ញៀវអន្តរជាតិមកកម្សាន្តនៅប្រទេសកម្ពុជាក្នុងរយៈពេលកាន់តែយូរ។ ភាពជោគជ័យរបស់ក្រុម Jurnivers បានផ្ដល់ឱកាសឱ្យពួកគេបានធ្វើដំណើរទស្សកិច្ចក្នុងតំបន់ ដើម្បីចាប់យកនូវគំនិតថ្មីៗ ល្អៗ ពីប្រទេសជិតខាង។

កញ្ញា គឹម កុសុម៉ា នាយកប្រតិបត្តិប្រតិបត្តិការនៃ Impact Hub Phnom Penhបានបង្ហាញពីភាពសោមន្សរីករាយដោយបានលើកឡើងថា “នាងខ្ញុំពិតជាត្រេកអរដែលបានឃើញនិស្សិតរបស់យើងទទួលបានឱកាសក្នុងការស្វែងយល់អំពីបរិបទសហគ្រិនភាពនៃប្រទេសឥណ្ឌូនេស៊ី ព្រមទាំងបានស្វែងយល់ពីទំនៀមទម្លាប់ និងវប្បធម៌នៃប្រទេសជិតខាង។ នាងខ្ញុំពេញចិត្តដែលបានឃើញពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិននៅទីនេះ និងទទួលបានចំណេះដឹងថ្មីៗពីក្រុមហ៊ុនដែលយើងបានទៅដល់។”

ដំណើរទស្សនកិច្ចដើម្បីសិក្សាពីសហគ្រិនភាព

ទស្សនកិច្ចសិក្សារយៈពេល ៤ ថ្ងៃរបស់ក្រុមនិស្សិត គឺពោរពេញទៅដោយការភ្ជាប់ទំនាក់ទំនង រួមជាមួយនឹង ការយល់ដឹងពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសឥណ្ឌូនេស៊ី ដែលរួមមាន៖

• ថ្ងៃទី ១​៖​ ការឈ្វេងយល់ពីបរិបទទូទៅនៃទីក្រុងហ្សាការតា ដើម្បីឱ្យពួកគេអាចសម្របខ្លួនបានទៅនឹង​ ការរស់នៅ និងវប្បធម៌ក្នុងតំបន់។ ក្រុមនិស្សិតក៏ទទួលបាននូវការស្វាគមន៍អាហារពេលល្ងាច ពីក្រុមការងារ Impact Hub នៅទីក្រុងហ្សាការតាផងដែរ។

• ថ្ងៃទី ២៖ ការធ្វើទស្សនកិច្ចទៅកាន់ការិយាល័យរបស់ Impact Hub Jakarta ដើម្បីយល់ដឹងពី ប្រព័ន្ធអេកូឡូសុីនៃបច្ចេកវិទ្យា និងធុរកិច្ច នៅក្នុងប្រទេសឥណ្ឌូនេសុី ព្រមទាំង ភ្ជាប់ទំនាក់ទំនងជាមួយនឹង​ធុរកិច្ចក្នុងស្រុក ដូចជាក្រុមហ៊ុន Asuransi Kitabisa ដែលផ្ដល់នូវចំណេះដឹងក្នុងការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា ដើម្បីជួយសហគមន៍ តាមរយៈការធានារ៉ាប់រង។ ដំណើរទស្សកិច្ចនេះ ត្រូវបានបិទបញ្ចប់ដោយជំនួបរវាងក្រុមនិស្សិតជ័យលាភី ជាមួយនឹងក្រុមហ៊ុន Xendit ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយដែលកំពុងបង្កើនភាពងាយស្រួលដល់ការទូទាត់ប្រាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

• ថ្ងៃទី ៣ ៖ ជំនួបជាមួយ Alibaba Cloud ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំក្នុងតំបន់ ព្រមទាំង Blitz ដែលជាធុរកិច្ចថ្មីដែលធ្វើការលើវិស័យដឹកជញ្ជូនដោយប្រើយានយន្តអគ្គិសនី បានផ្តល់នូវគំនិតច្នៃប្រឌិតសម្រាប់សិស្សានុសិស្ស។ មិនតែប៉ុណ្ណោះ ក្រុមនិស្សិតថែមទាំងមានឱកាសចូលរួមការបង្ហាត់បង្រៀន ដែលបានរៀបចំឡើងដោយក្រុមហ៊ុន XL Axiata ផ្ដោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការរបស់ក្រុមហ៊ុនទូរគមនាគមន៍នេះ។

• ថ្ងៃទី ៤៖ បន្ទាប់ពីដំណើរទស្សនកិច្ចនេះបានបញ្ចប់ ក្រុមនិស្សិតក៏បានធ្វើការឆ្លុះបញ្ចាំងទៅលើអ្វីដែលពួកគេបានសិក្សា មុនពេលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ។

សុខ ស្រីលក្ស្មី ដែលជានិស្សិតពីក្រុម Jurnivers មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនក្នុងទីក្រុងហ្សាការតា។ ប្អូនស្រីបាននិយាយថា “ចាប់តាំងពីបានឈានជើងចូលមកដល់ប្រទេសឥណ្ឌូនេស៊ីមក ខ្ញុំមើលឃើញពីភាពខុសគ្នាច្រើន ប៉ុន្តែយើងក៏មានអ្វីដែលស្រដៀងគ្នាច្រើនដែរ។ ដំណើរទស្សនកិច្ចនេះបានផ្ដល់នូវមេរៀនច្រើនមែនទែន ហើយក៏បានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំផ្ទាល់ផងដែរ។”

ការលើកកម្ពស់សហគ្រិនភាពតាមរយៈកម្មវិធី SmartStart ULP

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៩ មក កម្មវិធី SmartStart ULP បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់សិស្សនិស្សិតប្រមាណជា ២៩០០ នាក់ មកពីសាកលវិទ្យាល័យ​ ១៦ ផ្សេងៗគ្នា ដោយរួមបញ្ចូលនូវការសិក្សាតាមបែបទ្រឹស្ដី និងការអនុវត្តផ្ទាល់។​ បន្ថែមពីនេះកម្មវិធី Hackathon ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បង្កើតនូវគំនិតថ្មីៗ ល្អៗ ដោយក្នុងនោះ សមិទ្ធផលរបស់ Jurnivers ក៏ជាភាពជោគជ័យមួយសម្រាប់កម្មវិធីផងដែរ។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សាការតានេះ បានបញ្ជាក់ឱ្យឃើញពីការខិតខំរបស់ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ក្នុងការជំរុញសង្គមឌីជីថល និងការកសាងនវានុវត្តន៍ក្នុងស្រុក។ តាមរយៈការផ្សារភ្ជាប់រវាងសហគ្រិនវ័យក្មេងជាមួយនឹងធនធានមនុស្សក្នុងតំបន់ កម្មវិធី SmartStart ULPនេះ​ បាននិងកំពុងបង្កើតនូវភាពរីកចម្រើនលូតលាស់ សម្រាប់យុវជន ដែលជាទេពកោសល្យមិនអាចខ្វះបានរបស់កម្ពុជា៕

Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ (**) អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។


ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត Vietjet ផ្តល់ជូនអ្នកធ្វើដំណើរនូវឱកាសធ្វើដំណើរតាមរយៈការផ្តល់ជូនតម្លៃសំបុត្រសមរម្យ ដើម្បីទៅកន្លែងថ្មីៗ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការបណ្តាញហោះហើរទូទាំងពិភពលោកដែលមានទិសដៅជាង ១៦៨ ដែលធានានូវជម្រើសជាច្រើនសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចដើរកម្សាន្តនៅរដ្ឋធានីដ៏រស់រវើករបស់វៀតណាម មុនពេលទៅដល់កន្លែងទេសចរណ៍ផ្សេងទៀត តាមរយៈការតភ្ជាប់បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet។


ក្រុមហ៊ុន Vietjet ប្តេជ្ញាផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់។ អ្នកដំណើរអាចរីករាយនឹងការធ្វើដណើរប្រកបដោយផាសុកភាពនៅលើយន្តហោះទំនើប និងទទួលបានបទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះពីបុគ្គលិកអាកាសចរដ៏រួសរាយរាក់ទាក់។ នៅលើយន្តហោះរបស់ Vietjet មានម៉ឺនុយដែលផ្តល់ជូនម្ហូបអាហារពិសេសរបស់វៀតណាមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដូចជា ហ្វឺ បាញ់ មី និងកាហ្វេទឹកកក ដែលជាអត្តសញ្ញាណដ៏ទាក់ទាញបន្ថែមនៃវប្បធម៌វៀតណាមសម្រាប់រាល់ការធ្វើដំណើរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិនរាប់បញ្ចូលកុមាអាយុក្រោម ២ ឆ្នាំ។

(***) មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិ និងរដូវបុណ្យទាន

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab​ ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុក ២០០ នាក់អំពីសុវត្ថិភាពលើដងផ្លូវ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ៖​ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។

ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរតុកតុកអំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

Screenshot

កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់​ចរាចរណ៍​អាច​ត្រូវ​បាន​បញ្ចៀស និង​ទប់ស្កាត់​ដោយ​ឥរិយាបថ​ត្រឹមត្រូវ​។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ក្នុងការលើកកម្ពស់ការយល់ដឹងដល់អ្នកបើកបរតុកតុក។ យើងរួមគ្នាដើម្បីបង្កើនសុវត្ថិភាពតាមដងផ្លូវសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។

Grab គឺជាកម្មវិធីកក់សេវាធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជាដែលបាននាំយកនូវដៃគូអ្នកបើកតុកតុកចំនួន ២០០ នាក់ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ។ 

កិច្ចខិតខំប្រឹងប្រែងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Grab ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ លោក កង សុវណ្ណារ៉ូត អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ ក្រុមហ៊ុន Grab Cambodia​ បានមានប្រសាសន៍ថា៖ «យើងធានាថា អ្នកបើកបរតុកតុករបស់យើងមានអារម្មណ៍ថាគាត់ត្រូវបានទទួលការផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការបំពេញការងារ។ សិក្ខាសាលានេះមិនត្រឹមតែបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់អតិថិជនរបស់យើងផងដែរ»។

សិក្ខាសាលានេះក៏បានពង្រឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ស្របតាមការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់លើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។


លោកស្រី Anne De Graaf នាយិការផ្នែកកិច្ចការសាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាចិត្តលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលជាស្នូលនៃមហិច្ឆតារបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិសាដោយការទទួលខុសត្រូវ និងបង្កើតទម្លាប់ក្នុងការទទួលទានក្នុងកម្រិតសមស្រប និងការទទួលខុសត្រូវ។ តាមរយៈការលើកកម្ពស់វប្បធម៌នៃទំនួលខុសត្រូវ យើងមានគោលបំណងធានាថាផលិតផលរបស់យើងត្រូវបានទទួលទានក្នុងបរិបទមួយដែលមិនប៉ះពាល់ដល់សុវត្ថិភាព ឬសុខភាព ដែលស្របទៅនឹងការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕