Home Blog Page 56

Metfone អបអរអ្នកឈ្នះរង្វាន់ Hole-in-One ទីពីររបស់ខ្លួនជាមួយនឹង រង្វាន់ពិសេស

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូន បានរៀបចំពិធីប្រគល់រង្វាន់ ដើម្បីផ្តល់កិត្តិយសដល់ ម្ចាស់ជ័យលាភីនៃការប្រកួត Hole-In-One ដ៏រំភើបរបស់ខ្លួន នៅទីលានវាយកូនហ្គោល Grand Phnom Penh ដ៏មានកិត្យានុភាព។ ការប្រកួតប្រជែងនេះបានធ្វើឱ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកចូលចិត្តកីឡាវាយកូនហ្គោល និងបានផ្តល់ឱកាសដ៏អស្ចារ្យ ដល់មិត្តហ្វូនដើម្បីបង្ហាញពីការ ដឹងគុណរបស់ខ្លួនចំពោះអតិថិជន ដែលមានតម្លៃដោយការផ្តល់ជូន នូវរង្វាន់ដ៏គួរឱ្យរំភើប។

ជាមួយនឹងភាពច្នៃប្រឌិត ដែលជាស្នូលរបស់ខ្លួន មិត្តហ្វូនបានរៀបចំការប្រកួតដ៏គួរឱ្យទាក់ទាញ ដែលឆក់យកបេះដូងអ្នកចូលចិត្ត កីឡាវាយកូនហ្គោលទូទាំងប្រទេស។ រង្វាន់ស៊ីមសំណាង Hole-In-One ត្រូវបានរចនាឡើងដើម្បីផ្តល់រង្វាន់ ដល់បុគ្គលដែលមានសំណាងម្នាក់ ជាមួយនឹងស៊ីមកាតដែលមានតម្លៃ 15,000 ដុល្លារ។ អ្វីដែលធ្វើឱ្យស៊ីមកាតនេះកាន់តែ ពិសេសជាងនេះទៅទៀតនោះ គឺលេខពិសេសរបស់វាគឺ 097 79 33333។ រង្វាន់ដ៏មានកិត្យានុភាពនេះមិនត្រឹមតែ បានអបអរសាទរសំណាងរបស់ អ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលស្គាល់នូវ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់ពួកគេផងដែរ។

ម្ចាស់ជើងឯកនៃការប្រកួត Hole-In-One បានទទួលរង្វាន់ដែលសាកសម នឹងទទួលបានពីមិត្តហ្វូន។ នៅក្នុងការប្រកួតវាយកូនហ្គោល Hole-in-One អ្នកចូលរួមមានបំណងធ្វើយ៉ាងណា វាយកូនហ្គោលចូលទៅក្នុងឡូមួយ នៅលើវាលស្មៅពណ៌បៃតង ដោយផ្ទាល់ពីកន្លែងវាយចេញ (Tee Box) ក្នុងដំណាក់កាលតែមួយ។

គោលបំណងចុងក្រោយ គឺដើម្បីសម្រេចបានឡួមួយដោយ ការវាយតែ ១ដងគត់ ដើម្បីឱ្យបាល់ធ្លាក់ចូលឡូ ដោយផ្ទាល់ពីកន្លែងវាយចេញ (Tee Box) ផ្តល់ឱកាសឈ្នះនូវលេខពិសេស ដែលមានតម្លៃ 15,000 ដុល្លារ ផ្តល់ជូនពីមិត្តហ្វូន។

លោក សិទ្ធី បញ្ញាវុធ ដែលជាម្ចាស់ជ័យលាភីស៊ីមកាតដ៏ពិសេសនេះ ទទួលបានលេខពិសេស 097 79 33333 បានសម្តែងនូវក្តីរីករាយ និងរំភើបចិត្តដែលទទួលបាន ការទទួលស្គាល់ពីមិត្តហ្វូន។ គាត់បាននិយាយថា “ការឈ្នះការប្រកួតគឺជាសមិទ្ធិផលដ៏សំខាន់ ប៉ុន្តែតែងតែមានការប្រកួតប្រជែង និងឱកាសថ្មីៗនៅខាងមុខ។ ខ្ញុំពិតជាដឹងគុណដល់មិត្តហ្វូនសម្រាប់រង្វាន់ដ៏មានតម្លៃនេះ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ”។

តំណាងក្រុមហ៊ុនមិត្តហ្វូនបានបញ្ជាក់ថា ពួកគេនៅតែមានរង្វាន់ Hole-in-One ដ៏មានតម្លៃសម្រាប់ចាប់យក ហើយពួកគេនៅតែប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវបទពិសោធន៍ថ្មី និងប្លែកដល់អតិថិជនដ៏មានតម្លៃ របស់ពួកគេនាពេលអនាគត ៕

អ្នកឧកញ៉ា​ ទៀ វិចិត្រ ឧបត្ថម្ភរទេះជនពិការ និងអំណោយ ជូនបុរសលក់លៀសហាល មានពិការភាពម្នាក់​ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​​ គណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជើង)​ មានមុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន:

១.រទេះសម្រាប់ជនពិការ១

២.អង្ករ ៥០គីឡូ

៣.មី មី ១កេស

៤.ត្រីខ ១យួរ

៥.ប្រេងឆា ២ដប

៦.ទឹកត្រី ១យួរ

៧.ទឹកសុីអុីវ ១យួរ

៨.អំបិល ១គីឡូ

៩.ប៊ីចេង ១គីឡូ

១០.ស្ករស ១គីឡូ

១១.ទឹកសុទ្ធ ១កេស

១២.កាតាបសិស្ស ចំនួន២

១៣.សៀវភៅ ចំនួន ៤០ក្បាល និងសម្ភារៈសិក្សាជាច្រេីនទៀត៕

សមិទ្ធផលទទួលបាន ក្រោយពិព័រណ៍ការងារ CamboJob 2023

0

ក្រុមហ៊ុន CamboJob បានរៀបចំពិព័រណ៍ការងារចំនួន​ 2ថ្ងៃ 09-10 កញ្ញានេះ ដែលមានអ្នកចូលរួមប្រមាណ 10000 នាក់ បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងអ្នកស្វែងរកការងារទទួលបានចំណេះដឹង និងឱកាសការងារពីក្រុមហ៊ុនល្បីៗជាច្រើនកន្លែង។

ការប្រឹក្សាការងារពីអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ

អ្នកចូលរួមនៅថ្ងៃពិព័រណ៍ការងារពិតជាទទួលបានអារម្មណ៍រីករាយដោយបានចូលស្តង់​ Career Consultant​ ដើម្បីប្រឹក្សាអំពីជំនាញដែលគួរពង្រឹង​ និងអភិវឌ្ឍបន្ថែមពីអ្នកឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានការប្រឹក្សាលើ CV ដើម្បីកែលម្អឲ្យកាន់តែប្រសើរជាងមុន ហើយភ្នាក់ងារ​ CamboJob ក៏បានកត់ត្រាពត៌មានCV របស់បេក្ខជនចូលរួមដើម្បីផ្តល់ដំណឹងអំពីឱកាសការងារនៅពេលក្រោយ ប្រសិនបើមានការងារដែលសាកសមសម្រាប់ពួកគាត់។​

ឱកាស​ការងារ 3000+ កន្លែងពីក្រុមហ៊ុន 50+

អ្វីដែលជាចំណីភ្នែកនៅថ្ងៃពិព័រណ៍ការងារនោះគឺមានក្រុមហ៊ុនចូលរួមជាច្រើនកុះករដែលមានក្រុមហ៊ុនដូចជា៖ The Olympia Mall, Mega Asset, Naga World, WOWNOW, E-GET, Huawei, DAP News, Lesso (CAMBODIA) Trading CO., LTD, Topec Electric, ATS Cambodia, Imperial Star Solar (Cambodia) Co.,Ltd,  Mega WeCare, ​Blu Boba, Coastal City Development Group Co., Ltd, ZTO, MOVE by LM Car, ATAP & Partners COMPANY LIMITED, China Construction Fourth Engineering Division Corp.Ltd (中国建筑第四工程局(柬埔寨)有限公司), TECHBODIA, T.C.U POLYS ENTERPRISE Co.,Ltd. (联通科技柬埔寨塑料有限公司), , Zhengheng Group Co.,Ltd, ROMDUOL CITY (上置集团, 金边印象), SHAO ANXU, GOOD TOP MACHINERY CAMBODIA CO.LTD, General Enterprises Garment (Cambodia) Co.,Ltd., 柬埔寨果美农场食品有限公司, 西港经济特区 ដែលក្រុមហ៊ុនពិតជាមានភាពរីករាយព្រោះអ្នកចូលរួមពោរពេញដោយសម្ថភាពខ្ពស់​ជាច្រើនរូបបានដាក់ពាក្យទៅកាន់ក្រុមហ៊ុន។ ក្រៅពីនេះ អ្នកចូលរួមបានបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជា និងបានយកឱកាសនេះដើម្បីធ្វើការសាកល្បងសម្ភាសន៍ការងារផងដែរ។

វេទិកាការងារចូលរួមដោយវាគ្មិនល្បីៗ

នៅថ្ងៃទី១ និងទី២នៃពិព័រណ៍ការងារក៏មានការចូលរួមពីវាគ្មិនដែលមានបទពិសោនធន៍ជាច្រើនឆ្នាំលើប្រធានបទ

“Preparing Today’s Youth for Tomorrow’s World” និង “Should We Do Regular Job-Hopping” ជួយឲ្យអ្នកចូលរួមឈ្វេងយល់បានកាន់តែច្បាស់លើការងារ និងជាត្រីវិស័យសម្រាប់អ្នកធ្វើការ អំពីចំណេះដឹងការងារ ពេលវេលាដែលគួរផ្លាស់ប្តូរការងារ​ ការលើកស្ទួយធនធានមនុស្ស និងយុវជនឲ្យកាន់តែមានសក្តានុពលជាងមុន។

ហ្គេម និងរង្វាន់សរុប​ 3000+

មិនត្រឹមតែទទួលបានឱកាសការងារប៉ុណ្ណោះទេ CamboJob បានបង្កើតនៅហ្គេមកម្សាន្តជាច្រើនដែលមានដូចជា៖ បង្វិលកង ចាប់ឆ្នោតផ្សងសំណាង ចាក់គម្ពី បោះបាល់ និងល្បែងកម្សាន្តជាច្រើនទៀតដែលអ្នកចូលរួមអាចលេងបានដោយសេរីដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រហូតដល់ 3000+។

បន្ថែមពីនេះ ពិព័រណ៍ការងារក៏មានកន្លែងថតរូបស្អាតៗជាច្រើនកន្លែងដែលអ្នកចូលរួមអាចធ្វើការថតរូបលេងផងដែរ។


CamboJob សូមធ្វើការអរគុណដល់អ្នកចូលរួម និងក្រុមហ៊ុនដែលជាដៃគូរសហការពិព័រណ៍ការងារ CamboJob ដែលបានធ្វើឲ្យពិព័រណ៍ការងារដំណើរការ និងបញ្ចប់ទៅដោយរលូន ជាមួយការគាំទ្រយ៉ាងពេញទំហឹងប្រមាណជាង2.7 លាននាក់នៅលើបណ្តាញសង្គម​។

ជួបគ្នាជាមួយពិព័រណ៍ការងារ ដែលរៀបចំដោយក្រុមហ៊ុន CamboJob លើកក្រោយបន្ដៗទៀត!

Wonderlandsuiteresort​ កន្លែងកម្សាន្ដបែបធម្មជាតិថ្មីមួយ​ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកដំណើរការឆាប់ៗនេះ 

0

ស្រុកព្រៃនប់៖ Wonderlandsuiteresort ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងដាក់ឲ្យដំណើរការ​ ក្នុងពេលឆាប់ៗខាងមុខនេះ។

Wonderlandsuiteresort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។

មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរលើកឡើងថា​ គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែកនិងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕

Bay of Lights គ្រោងបើកសម្ពោធន៍គម្រោង Summer Bay Beach Club & Cabins៖ កន្លែងសម្រាកដ៏ស្ងប់ស្ងាត់ជាបេះដូង នៃកម្ពុជា

0

ក្រុងព្រះសីហនុ, ប្រទេសកម្ពុជា- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ – សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មីដល់រាងកាយរបស់លោកអ្នកដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើងជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិតដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុតនៅប្រទេសកម្ពុជា។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ការនុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើបសូមប្រកាសជាសាធារណៈនូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួនគឺ Summer Bay Beach Club & Cabins នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយលោកអ្នកអាចចំណាយពេលវេលាតិចជាងពីរម៉ោង ដោយគ្រាន់តែធ្វើដំណើរលើផ្លូវល្បឿនលឿន។ Summer Bay Beach Club & Cabin ត្រូវបានរចនាឡើង ដើម្បីបំពេញបន្ថែមនូវតម្រូវការភ្ញៀវទេសចរ  ដើម្បីធានាបាននូវការស្នាក់នៅជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យ និងផ្តល់ជូននូវប្រណិតភាពសម្រាប់ភ្ញៀវទេសចរគ្រប់ៗរូប។

Summer Bay Beach Club & Cabins នឹងក្លាយជាក្លឹបឆ្នេរសមុទ្រកម្សាន្តដំបូងគេបង្អស់មួយ សម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងរកបរិយាកាសស្រស់ស្រាយបន្ធូរអារម្មណ៍ពីជីវិតដ៏មមាញឹក មកផ្លាស់ប្តូរជាមួយនឹងបទពិសោធន៍ស្នាក់នៅថ្មីដ៏សម្បូរបែប ប្រកបដោយឯកជនភាព​និងបង្កើនភាពរីករាយជាមួយស្ថានភាពគួរឲ្យស្ញប់ស្ងែងដ៏អស្ចារ្យ។
Summer Bay Beach Club & Cabins ជាផ្នែកមួយនៃគម្រោង Bay of Lights និងជាជម្រើសនៃទីកន្លែងស្នាក់នៅលំហែរមួយដែលប្រៀបដូចជាឋានសួគ៌ក្រោមមេឃ រួមជាមួយនឹងការកម្សាន្តដែលនាំមកនូវការផ្សងព្រេង អមដោយសម្រស់ធម្មជាតិក្នុងប្រទេសកម្ពុជា។

ចាប់ពីបរិវេណស្នាក់នៅបែបកាប៊ីន មានគ្រែមួយ នឹងគ្រែពីរដ៏កក់ក្ដៅ ជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងដ៏ប្រណិត និងមានផាសុខភាព ព្រមទាំងមានសកម្មភាពកម្សាន្តជាច្រើនដូចជា ទីកន្លែងប្រណាំងរថយន្ត ជិះទូកកៃយ៉ាក់ កន្លែងជិះកម្សាន្តជាមួយ Reverse Bungee ដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលំហែរកម្សាន្ត។ លើសពីនេះ Summer Bay Beach Club & Cabins នេះមានភោជនីយដ្ឋានលំដាប់កំពូល ដែលភ្ញៀវទេសចរអាចរីករាយជាមួយម្ហូបអាហារដ៏ឈ្ងុយយឆ្ងាញ់ និងស្រាក្រឡុកដែលផលិតដោយមេចុងភៅមានបទពិសោធន៍ មានជំនាញវិជ្ជាជីវៈខ្ពស់ ការតុបតែងយ៉ាងប្រណិត ផ្តល់ជូននូវបរិយាកាសមួយដ៏រ៉ូមែនទិក អមដោយពន្លឺភ្លើងទៀន យ៉ាងស្ងប់ស្ងាត់ និងសុវត្ថិភាពខ្ពស់។

សកម្មភាពទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងព្រឹត្តិការណ៍បើកដំណើរការរបស់ខ្លួនពេលនោះដែរ Summer Bay Beach Club & Cabins សូមផ្តល់ជូននូវកញ្ចប់ល្អបំផុតក្នុងតម្លៃចាប់ពីតម្លៃ១៣៨ដុល្លារអាមេរិកក្នុងមួយយប់។ ដោយរួមបញ្ចូលទាំងការស្នាក់នៅដ៏ប្រណិត អាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ចូលទៅកម្សាន្តលើសួនពោងអណ្តែតទឹក បទពិសោធន៍ជិះទូកកៃយ៉ាក់រយៈពេល១៥នាទី សម្រាប់មនុស្សពីរនាក់ និងបទពិសោធន៍ការជិះកម្សាន្តជាមួយ Reverse Bungee មួយដងសម្រាប់មនុស្សពីរនាក់ផងដែរ។

The Summer Bay Beach Club & Cabins មិនមែនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍ថ្មីមួយដែលប្រៀបបាននឹងការស្នាក់នៅក្នុងឋានសួគ៌ និងជាបេះដូងនៃប្រទេសកម្ពុជា។ លោកអ្នកអាចទំនាក់ទំនងកក់កន្លែងស្នាក់នៅឥឡូវនេះបានហើយ សម្រាប់ការស្វែងយល់ពីពិភពនៃការតំបន់សំរាកលំហែកាយ អមដោយធម្មជាតិដ៏ស្រស់បំព្រងភ្លាមៗដោយគ្រាន់តែលោកអ្នកទំនាក់ទំនង លេខទូរស័ព្ទមកកាន់ក្រុមការងារយើងខ្ញុំប៉ុណ្ណោះ សម្រាប់កក់ទុកជាផ្លូវការនៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2023 ដែលមានលេខ +855 87 930 196 ឬចូលទៅកាន់ Facebook Page: https://www.facebook.com/beachcluberesort ឬគេហទំព័ររបស់យើង https://bayoflights-entertainment.com/

អំពី Bay of Lights Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបំផុសគំនិតដោយស្ថាបនិកទីប្រជុំជនប្រកបដោយនិរន្តរភាពនៅលើដែនដីនៃឈូងសមុទ្រ   រាម។ តាមរយៈការប្តេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាព និងការផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅក្នុងទីក្រុងដ៏ឆ្នើម Bay of Lights ក្នុងការស្វែងរកការរួមចំណែកដល់វឌ្ឍនភាពយូរអង្វែង និងការរីកចម្រើននៃទីក្រុងឆ្នេរសមុទ្រក្រុងព្រះសីហនុ ដោយបង្កើតសហគមន៍ទីតាំងស្នាក់នៅដ៏ទាក់ទាញ និងរស់រវើក សម្រាប់លោកអ្នក៕

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

0

ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ – ថ្ងៃនេះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ដែលលោក Andy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន ហ៊ិននីគែន។

លោក Andy ឡើងកាន់តំណែងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ហ៊ិននិគែន ខេមបូឌា ជំនួសលោក Samson Wong ដែលបានកាន់តំណែងនៅក្រុមហ៊ុននេះអស់រយៈពេលប្រាំឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក Samson ក្រុមហ៊ុនហ៊ិននិគែន ខេមបូឌា បានពន្លឿនដំណើរផ្លាស់ប្តូរដឹកនាំប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបង្កើនគុណតម្លៃដល់ខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សហគមន៍។ នៅក្នុងកំឡុងពេលនៃការរីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ លោក Samson បានដាក់ចេញនូវរបៀបវារៈការងារយុទ្ធសាស្រ្តចំនួនពីរ គឺ “ការផ្តោតលើមនុស្ស (People-First)” និង “ធ្វើឱ្យប្រទសកម្ពុជាកាន់តែប្រសើរឡើង (Brew A Better Cambodia)” ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំនិងយូរអ្វែងរបស់ក្រុមហ៊ុនចំពោះប្រជាជនខ្មែរ និងព្រះរាជាណាចក្រកម្ពុជា។

លោក Andy បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់ឱកាសបន្តកសាងកេរ្តិ៍ដំណែលដ៏មានអត្ថន័យរបស់លោក Samson និងអ្នកដឹកនាំជំនាន់មុនដែលបានបន្សល់ទុកចាប់តាំងពីឆ្នាំ ១៩៩៤ ដែលវាជាឫសគល់ដំបូងដែលធ្វើឱ្យក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ត្រូវបានបង្កើតឡើង។ ខ្ញុំសូមថ្លែងអំណរគុណដល់ លោក Samson សម្រាប់ការជួយណែនាំ និងគាំទ្រប្រកបដោយការយកចិត្តទុកដាក់របស់លោក មិនត្រឹមតែក្នុងកំឡុងពេលប៉ុន្មានខែដំបូងរបស់ខ្ញុំនៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលពួកយើងបានក្លាយជាមិត្តរួមអាជីពការងារនៅក្រុមហ៊ុន។ ខ្ញុំពិតជារំភើបរីករាយណាស់ក្នុងការបន្តការងារដ៏អស្ចារ្យជាមួយនឹងក្រុមការងារដ៏សកម្មខ្លាំងក្លាចំនួន ៧០០ នាក់ ដើម្បីសម្រេចការងារតាមគោលបំណងរបស់យើង ក្នុងការបង្កើតនូវភាពសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីជម្រុញឱ្យប្រទេសកម្ពុជា និងពិភពលោកមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង»។

កន្លងមក លោក Andy ធ្លាប់បានបម្រើការងារក្រុមហ៊ុន ហ៊ិននីគែន អស់រយៈពេលជាង ១២ ឆ្នាំ ដែលបានកាន់តួនាទីជាអ្នកគ្រប់គ្រងទូទៅផ្សេងៗទាំងនៅក្នុងនៅក្រុមហ៊ុនហ៊ិននីគែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ៊ិននីគែន នៅកោះ Solomon រដ្ឋ New Caledonia និងថ្មីៗនេះគឺនៅប្រទេសសិង្ហបុរី។ បន្ថែមពីលើទំនួលខុសត្រូវរបស់លោកក្នុងមុខងារជានាយកគ្រប់គ្រង លោក Andy ក៏ជាប្រធានគណៈកម្មាធិការដឹកនាំ (នឹងបន្តការងារនេះ) APAC BOOST (Building Our Own Sustainable Talent) ដែលជាកម្មវិធីរយៈពេលវែង ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងអំឡុងពេលកាន់តំណែងរបស់លោកនៅប្រទេសសិង្ហបុរីជាមួយក្រុមហ៊ុន Asia Pacific Breweries Singapore ឬ APBS (ផ្នែកនៃក្រុមហ៊ុន HEINEKEN) ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ លោក Andy បាននាំមកនូវការផ្លាស់ប្តូរទាំងស្រុងតាមរយៈយុទ្ធសាស្ត្រកំណើនថ្មី និងការផ្តោតជាសំខាន់លើភាពជាអ្នកដឹកនាំ។ នៅឆ្នាំ ២០២៣ APBS ត្រូវបានបញ្ជាក់និងទទួលស្គាល់នូវស្តង់ដាកន្លែងការងារល្អបំផុតពីក្រុមហ៊ុន Great Place to Work និងជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីកំពូលនិយោជកឆ្នើមទាំង ១០ របស់ក្រុមហ៊ុន Statista ប្រទេសសិង្ហបុរីដែលវាជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក រួមសហការស្រាវជ្រាវដោយក្រុមហ៊ុន The Straits Times ។ ក្រុមហ៊ុន APBS ក៏ជាក្រុមហ៊ុនផលិតស្រាបៀរ Tiger ដ៏ល្បីល្បាញផងដែរ ដែលបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅពេលដែលក្រុមហ៊ុននេះមានអាយុកាល ៩០ ឆ្នាំក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំខ្លា។ នៅឆ្នាំ ២០២៣ ស្រាបៀរ Tiger បានក្លាយជា «ម៉ាកយីហោដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍» ដែលជាប់ចំណាត់ថ្នាក់នៅលើ Kantar BrandZ ដែលជាវេទិកាវាយតម្លៃម៉ាកយីហោពិភពលោកឈានមុខគេក្នុងវិស័យនេះ។

នៅពេលដែលលោក Andy ចូលបម្រើការងារនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅថ្ងៃដំបូង រូបចម្លាក់ខ្លាដែលឈរយ៉ាងអស្ចារ្យនៅច្រកចូលការិយាល័យរបស់ក្រុមហ៊ុនចាំស្វាគមន៍លោកដោយភាពកក់ក្តៅ និងរីករាយរាក់ទាក់បំផុត។ លោក Andy បានមានប្រសាសន៍ថា៖ «ការមានឯកសិទ្ធិដឹកនាំនៅក្រុមហ៊ុនស្រាបៀរនៅកន្លែងដែលក្រុមហ៊ុនបានបង្កើតឡើង គឺជាប្រភពនៃមោទនភាពដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ស្រាបៀរ Tiger ក៏ជាមោទនភាពដ៏ពិសេសមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់តាំងពីវាត្រូវបានផលិតក្នុងស្រុក ហើយបានក្លាយទៅជាម៉ាកយីហោស្រាបៀរលំដាប់អន្តរជាតិមួយក្នុងចំណោមម៉ាកយីយោស្រាបៀរល្បីៗដ៏ទៃទៀតរបស់ក្រុមហ៊ុនរបស់យើង ដែលទទួលបានការពេញនិយម និងរីកចម្រើនលឿនបំផុត។ ថ្ងៃនេះ វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំដែលបានឃើញស្រាបៀរ Tiger ឈរជើងដ៏រឹងមំានៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយជម្រុញឱ្យប្រជាជនកម្ពុជាបញ្ចេញនូវសិល្បៈនៃការរស់យ៉ាងរស់រវើកតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយថែមទាំងបញ្ជ្រាបកម្មវិធីនិរន្តរភាពផលិតកម្មបន្ថែមទៀត តាមរយៈយុទ្ធនាការកម្មវិធីប្រមូលដបស្រាបៀរត្រឡប់មកវិញ ដែលដឹកនាំដោយសហគ្រិនក្នុងវិស័យភោជនីអាហារ និងផ្នែកបដិសណ្ឋារកិច្ច។ ទាំងនេះ គឺជាអត្ថន័យដែលបង្កប់ដោយការយកចិត្តទុកដាក់ នៅពេលដែលយើងនិយាយថា ការរស់ប្រកបដោយគោលបំណងច្បាស់លាស់ ដែលអតិថិជន និងអ្នកប្រើប្រាស់អាចបន្ត និងមានជំនឿជឿជាក់លើយើងបាន ខណៈដែលយើងកំពុងធ្វើការយ៉ាងសកម្មជម្រុញការរីកច្រើននូវជំពូកថ្មីបន្ទាប់ទៀត ជាមួយកេរ្តិ៍ឈ្មោះម៉ាកយីហោស្រាបៀរដ៏ពេញនិយម និងល៏ល្បីល្បាញ ដូចជា Heineken®, Tiger, ABC, Anchor, និង Gold Crown ។

មុនពេលលោក Andy ចូលបម្រើការងារឱ្យក្រុមហ៊ុន ហ៊ិននីគែន លោកមានបទពិសោធន៍ការងារខាងពាណិជ្ជកម្មជាង ១៥ ឆ្នាំ នៅក្នុងវិស័យ Fast-Moving Consumer Goods (FMCG) ដោយផ្តោតលើម្ហូបអាហារ និងភេសជ្ជៈ រួមទាំងប្រភេទស្រាបៀរ ស្រា និងអាហារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Andy បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Newcastle រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ហើយបានបញ្ចប់ការសិក្សាក្រោយឧត្តមសិក្សានៅ INSEAD និង Harvard ។

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេដ៏មានតម្លៃមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។តាមរយៈកម្លាំងជំរុញប្រកបដោយគោលបំណងជាក់លាក់របស់ខ្លួនក្នុងការបង្កើតនូវភាពរីករាយរួមគ្នាដ៏ពិតប្រាកដ ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងរោងចក្របច្ចេកវិទ្យាទំនើបបដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិកចំនួនជាង ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលដល់ប្រជាជនខ្មែរចំនួន ១២០,០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។
តាមរយៈការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងបង្កើតផ្នត់គំនិត ‘Brew a Better Cambodia’ ដោយផ្តោតលើការការពារបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ធនធានប្រកប ដោយការទទួលខុសត្រូវលើមាគ៌ាទៅកាន់ពិភពរស់នៅមួយ ដែលគ្មានការបំពុលបរិស្ថាន យុត្តិធម៌ និងរស់នៅទទួលបានសុខភាពល្អជាងមុន។ ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុនហ៊ិននីគែនដែលជាក្រុមហ៊ុនផលិតស្រាបៀរ លំដាប់អន្តរជាតិ ធំបំផុតនៅលើពិភពលោក។

អ្នកឧកញ៉ា ទៀ វិចិត្រ អរគុណ​ដល់ពលរដ្ឋចិត្តល្អ ដែលបានប្រគល់សត្វពង្រូល ឲ្យយកទៅព្រលែង នៅព្រៃធម្មជាតិ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសត្វពង្រូលមួយក្បាល ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ ឲ្យរស់រានមានជីវិតបន្តទៀតវិញ ក្រោយទទួលបាន​ ពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា ដើម្បីយកមកព្រលែង នៅតំបន់ព្រៃធម្មជាតិ។

តាមប្រជាពលរដ្ឋជាអ្នកប្រគល់សត្វពង្រូល បានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងផ្ទះរបស់គាត់ រួចប្អូនរបស់គាត់បានចាប់ទុក រួចក៏គាត់ទាក់ទងមកអ្នកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនអ្នកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។

ពលរដ្ឋរូបនេះបានបន្តទៀតថា ការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះ មកជូនអ្នកឧកញ៉ាដោយសារកន្លងមក ឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព អ្នកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋខាងលើ ដែលបានប្រគល់សត្វពង្រូលមកអោយ ដើម្បីយកទៅព្រលែង អ្នកឧកញ៉ាក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ចូលរួម ជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

កម្មវិធី Change Make Her៖ មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ

0

នៅប្រទេសកម្ពុជា អង្គការកម្ចីខ្នាតតូច Kiva បានជួយសម្រួលដល់សហគ្រិនដោយផ្តល់ប្រាក់កម្ចីជាង ៦៨ លានដុល្លារអាមេរិកដល់អ្នកស្វែងរកប្រាក់កម្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។ ឥឡូវនេះ មូលនិធិកូកា-កូឡា បានប្រកាសពីការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីជាមួយ Kiva ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនដែលពិបាកស្វែងរកសេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ នៅជុំវិញពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។

អ្នកនាង ស្ដើង ភារ៉ុង ជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្ចី​ពីអង្គការ Kiva នេះ។ អ្នកនាង ភារ៉ុង បានចូលរួមក្នុង កិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាវាគ្មិនមួយរូប។

បច្ចុប្បន្ន អ្នកនាង ស្ដើង ភារ៉ុង គឺជានាយិកាប្រតិបត្តិនៅអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា បន្ទាយស្រី ដែលផ្ដល់ជំនួយគាំទ្រដល់ស្ត្រីវ័យក្មេងដែលប្រឈមនឹងហានិភ័យនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយមានក្ដីប្រាថ្នាចង់ជំរុញឲ្យមានសមភាពយេនឌ័រ អ្នកនាង ភារ៉ុង ក៏ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាល Wedu Cambodia ដែលជាស្ថាប័នផ្ដល់ការសិក្សានិងឱកាសធ្វើជាអ្នកដឹកនាំសម្រាប់ស្ត្រីខ្មែរវ័យក្មេង។ អ្នកនាង ក៏ជាសហស្ថាបនិកនៃ ក្លឹបរួបរួមនៃយុវជនកម្ពុជា ដោយអ្នកនាងផ្ដល់ការណែនាំដល់ស្ត្រីវ័យក្មេងក្នុងតំណែងជាថ្នាក់ដឹកនាំ។ មុននឹងចូលកាន់ដំណែងទាំងនេះ អ្នកនាងបានធ្វើការនៅតាមអង្គការអន្តរជាតិនិងអន្តររដ្ឋាភិបាលជាច្រើននៅកម្ពុជា អស់រយៈពេល៨ឆ្នាំ។

អ្នកនាង ភារ៉ុង បានរៀបចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធមនុស្សពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

អ្នកនាង ភារ៉ុង បានមានប្រសាសន៍ថា៖ «ឥទ្ធិពលដែល Kiva មានចំពោះខ្ញុំ គឺមិនមែនត្រឹមតែជួយឲ្យខ្ញុំអាចក្លាយជានាយិកាអង្គការម្នាក់ប៉ុណ្ណោះទេ តែថែមទាំងបានលើកទឹកចិត្តនារីនៅក្នុងគ្រួសារខ្ញុំ ដូចជាក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំផងដែរ ឲ្យតាំងចិត្តសិក្សា។ ដូច្នេះ ឥទ្ធិពលនេះ មិនមែនមានចំពោះតែខ្ញុំម្នាក់ឯងទេ គឺចំពោះមនុស្សរាប់សិប រាប់ពាន់នាក់ឯណោះ»។

មូលនិធិ កូកា-កូឡា​​ បានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោកដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុ ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទ​ទួលបានសេវានេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀត បន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women’s World CupTM។ កូកា-កូឡា បន្តធ្វើការជាមួយដៃគូដ៏មានឥទ្ធិពលជុំវិញពិភពលោក ក្នុងការជំរុញឱ្យការងារលើកកម្ពស់ស្ត្រីនិងក្រុមដែលមិនមានតំណាងនៅក្នុងវិស័យអាជីវកម្មនិងសង្គម កាន់តែអភិវឌ្ឍឲ្យបានទូលំទូលាយជាងមុន។

Kiva ល្បីឈ្មោះថាជា វេទិកាដែលផ្តល់ប្រាក់កម្ចីជាសកលមួយ ដែលជួយឲ្យអ្នកផ្ដល់កម្ចីងាយស្រួលស្វែងរកអ្នកខ្ចីប្រាក់ តាមរយៈការផ្ដល់កម្ចីដោយវិធីរៃអង្គាស។ វិធីនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់ប្រជាជន​ដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារពាណិជ្ជ។

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្មវិធី Change Make Her នឹងដើរតួជាមូលនិធិកម្ចីដែលវិលទៅវិលមក សម្រាប់ជួយគាំទ្រដល់សហគ្រិននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដែលធ្វើអាជីវកម្មលើវិស័យសំខាន់ៗ រួមមានដូចជាវិស័យកសិកម្មបែបចីរភាព ភាពធន់នឹងអាកាសធាតុ ទឹក និងវិស័យលក់រាយ។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា៖ «ប្រាក់ដែលអ្នកខ្ចីសង នឹងត្រូវបង្វិលចូលមកមូលនិធិនេះវិញ ជាហេតុធ្វើឱ្យកញ្ចប់មូលនិធិអាចផ្តល់ប្រាក់កម្ចី ម្ដងហើយម្ដងទៀតជូនដល់សហគ្រិននៅជុំវិញពិភពលោក។ រចនាសម្ព័ន្ធនេះនឹងធ្វើឱ្យកញ្ចប់ថវិកាឆ្នាំ២០២៣ចំនួន ១,១ លានដុល្លារសហរដ្ឋអាមេរិក  អាចក្លាយជាកម្ចីទំហំ ៤,៥ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០២៨។

លោកស្រី Madsbjerg បាននិយាយបន្តថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើងជាមួយ Kiva ដែលមានបំណងលើសពីការផ្ដល់ឲ្យទៅទៀត។ តាមរយៈការចូលរួមជាមួយអ្នកផ្តល់ប្រាក់កម្ចីនិងដៃគូដែលមានទស្សនៈដូចគ្នាមកពីជុំវិញពិភពលោក កម្មវិធី Change Make Her នឹងអនុញ្ញាតឱ្យយើងផ្តល់ប្រាក់កម្ចីម្ដងហើយម្ដងទៀត ទន្ទឹមគ្នានឹងអ្នកផ្ដល់កម្ចីរាប់ពាន់ស្ថាប័នផ្សេងទៀត។ ការសហការណ៍នេះ​គឺ​ជា​ភាព​ជា​ដៃគូ​ដែល​ផ្អែក​លើ​ជំនឿដូចគ្នាមួយ ​ដែលជឿថាលទ្ធភាពទទួល​បាន​សេវាហិរញ្ញវត្ថុ​ មានឥទ្ធិពលជួយ​លើក​កម្ពស់​សហគមន៍បាន»។

លោកស្រី Madsbjerg បាននិយាយបន្ថែមថា៖ «សហគ្រាសខ្នាតតូចគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ យើងសង្ឃឹមថា បន្ថែមពីលើការគាំទ្រដោយផ្ទាល់ដល់សហគ្រិន កម្មវិធី Change Make Her នឹងបង្កើតឥទ្ធិពលដ៏ប្រសើរជាបន្តបន្ទាប់សម្រាប់មនុស្សជំនាន់ក្រោយ នៅពេលដែលសហគ្រិនទាំងនោះបន្តបង្កើតការងារថ្មី និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសហគមន៍របស់ពួកគេ»។

ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ អង្គការ Kiva បានផ្តល់ប្រាក់កម្ចីប្រមាណជាង ២ ពាន់លានដុល្លារទៅដល់មនុស្ស ៤,៧ លាននាក់នៅទូទាំងពិភពលោក ពោលគឺជាទំហំកម្ចីដែលច្រើនជាងមូលនិធិដទៃទៀត។ ប្រាក់កម្ចីពី Kiva ប្រមាណជាង ៨០ ភាគរយ ត្រូវបានផ្ដល់ជូនទៅស្ត្រី។ ក្នុងនោះ ៩៦ ភាគរយនៃពួកគេ បានសងប្រាក់មកវិញ។ នៅក្នុងប្រទេសកម្ពុជា Kiva បានសម្របសម្រួលដល់សេវាកម្ចីជាប្រាក់ជាង ៦៨ លានដុល្លារដល់អ្នកខ្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។

លោក Vishal Ghotge នាយកប្រតិបត្តិ Kiva បាននិយាយថា៖ « Kiva មានកិត្តិយសក្នុងការចាប់ដៃគូជាមួយមូលនិធិ កូកា-កូឡា ក្នុងការពង្រីកការងារផ្ដល់សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈប្រាក់កម្ចីដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន។ បើប្រៀបធៀបនឹងការធ្វើតែឯកឯង ភាពជាដៃគូនេះជួយឲ្យយើង អាចផ្តល់ឱកាសដល់មនុស្សបានច្រើនជាង ដល់ទៅរាប់ពាន់នាក់ឯណោះ។ កត្តានេះ សបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃភាពជាដៃគូ ដែលមានគុណតម្លៃដូចគ្នា។ យើងសូមថ្លែងអំណរគុណចំពោះមូលនិធិ កូកា-កូឡា ដែលមានការប្តេជ្ញាចិត្តបែបនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើការងារជំរុញសមភាពយេនឌ័រ ការផ្ដល់សេវាហិរញ្ញវត្ថុជូនជនភៀសខ្លួន និងសេវាកម្មដែលជួយបង្កើនភាពធន់នឹងអាកាសធាតុ នៅក្នុងសហគមន៍នានាជុំវិញពិភពលោក។»

ក្នុងរយៈពេលបួនទស្សវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានគាំទ្រកម្មវិធីពង្រឹងសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក រួមទាំងកម្មវិធី 5by20 រយៈពេលមួយទសវត្សរ៍ដែលរួមគ្នាជាមួយក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុនជាដៃគូផលិតភេសជ្ជៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីជាង ៦ លាននាក់។

តាមរយៈកម្មវិធី Change Make Her បុគ្គលិក កូកា-កូឡា នឹងអាចជួយតម្រង់ទិសនៃប្រាក់កម្ចីរបស់ Kiva ជូនដល់សហគ្រិន និងចូលរួមគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់មូលនិធិ កូកា-កូឡា ។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីរបស់ Kiva សូមចូលទៅកាន់គេហទំព័រ http://www.kiva.org/​ ។

អំពីមូលនិធិកូកា-កូឡា

បេសកកម្មរបស់មូលនិធិកូកា-កូឡា គឺធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ជុំវិញពិភពលោក នៅតាមទីតាំងដែលក្រុមហ៊ុនកូកា-កូឡា តាំងនៅនិងកន្លែងដែលបុគ្គលិករបស់យើងរស់នៅនិងធ្វើការ។ យើងគាំទ្រគំនិតអភិវឌ្ឍន៍និងស្ថាប័នដែលដោះស្រាយបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញដែលដំណោះស្រាយនោះអាចវាស់វែងបាននិងយូរអង្វែង។ ការផ្តល់ឱ្យរបស់យើង គឺផ្តោតលើលទ្ធភាពទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ចីរភាព ភាពធន់នឹងអាកាសធាតុ ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងហានិភ័យពីគ្រោះមហន្តរាយ សេដ្ឋកិច្ចចក្រា ការពង្រឹងសេដ្ឋកិច្ច និងបេសកកម្មផ្សេងៗដែលផ្ដល់ផលវិជ្ជមានដល់សហគមន៍របស់យើង។ ចាប់តាំងពីពេលកកើតដំបូងក្នុងឆ្នាំ ១៩៨៤ មក មូលនិធិកូកា-កូឡា បានផ្តល់ជំនួយជាង ១,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយឲ្យសហគមន៍នៅជុំវិញពិភពលោក កាន់តែមានភាពរឹងមាំ។

 អំពី Kiva

Kiva គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងមានបេសកកម្មពង្រីកលទ្ធភាពទទួលបានកម្ចី និងជួយសហគមន៍ដែលពិបាករកសេវានេះ ឱ្យរីកចម្រើន។ Kiva ស្វែងរកប្រាក់សម្រាប់អ្នកត្រូវការខ្ចីតាមរយៈប្រាក់កម្ចីដែលប្រមូលបានដោយវិធីរៃអង្គាស ពីមនុស្សជាច្រើននៅជុំវិញពិភពលោក។ ដោយចូលរួមត្រឹមតែ២៥ដុល្លារ អ្នកអាចជួយគាំទ្រសហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ឲ្យមានលទ្ធភាពទទួលបានប្រាក់ដែលពួកគេត្រូវការ។ ប្រាក់វិនិយោគ ២ ពាន់លានដុល្លារ ពីមនុស្សជាង ២ លាននាក់ បានធ្វើឲ្យក្ដីស្រមៃនិងឱកាសរបស់មនុស្ស៤,៧ លាននាក់ នៅជាង៩០ប្រទេស ក្លាយជាការពិត។

ប្រតិបត្តិករទូរគមនាគមន៍ បង្កើនការអនុលោមស្តង់ដារព័ត៌មាន របស់អតិថិជនទូរសព្ទចល័ត

0

បច្ចុប្បន្ន ដើម្បីអនុលោមតាមបទប្បញ្ញត្តិ ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអតិថិជនទូរសព្ទចល័ត ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា ទាំងអស់កំពុងពន្លឿនដំណើរការរៀបចំ ស្តង់ដារព័ត៌មានសម្រាប់អតិថិជន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់មិនថាចាស់ ឬថ្មីត្រូវបានផ្ទៀងផ្ទាត់ និងត្រឹមត្រូវ។

យោងតាមបទប្បញ្ញត្តិ ការធ្វើឱ្យមានស្តង់ដារព័ត៌មាន អតិថិជនទូរសព្ទចល័ត រួមជាមួយនឹងការចុះឈ្មោះ អតិថិជនក្រោមអត្តសញ្ញាណពិត របស់ពួកគេនឹងបង្កើនប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ដោះស្រាយបញ្ហាឱ្យបានហ្មត់ចត់ ដូចជាសារឥតបានការ (Spam) និងឯកសារក្លែងបន្លំ។ នេះក៏ជាដំណោះស្រាយមួយ ដើម្បីការពារសិទ្ធិស្របច្បាប់របស់អតិថិជន និងកាត់បន្ថយជម្លោះរវាងអ្នកប្រើប្រាស់។ ជាពិសេសទាក់ទងនឹងលេខទូរស័ព្ទស្អាតៗ លេខពិសេសៗនៅពេល ដែលអតិថិជនខកខាន ឬមិនបានចុះឈ្មោះព័ត៌មានត្រឹមត្រូវ។ វានឹងកាត់បន្ថយ នូវសារ SMS ឬការហៅចូលឥតបានការ (Spam) និងប្រភេទសារឬ ក៏ការហៅចូលក្លែងបន្លំដែល រំខានជាញឹកញាប់ផងដែរ។

ដើម្បីសម្រេចគោលដៅនេះឱ្យបានឆាប់រហ័ស បណ្តាញទូរគមនាគមន៍ កំពុងពន្លឿនដំណើរការនៃការកំណត់ស្តង់ដារ ព័ត៌មានរបស់អតិថិជននៅតាមហាងលក់ តូបលក់ ឬទីតាំងលក់ គ្រប់ទីកន្លែងហើយ បណ្តាញទាំងនោះត្រូវបានបំពាក់ យ៉ាងពេញលេញជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយដែល ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន។

លើសពីនេះ ដើម្បីរួមចំណែកក្នុងការបង្កើនល្បឿន នៃស្តង់ដារព័ត៌មានអតិថិជន អ្នកផ្តល់បណ្តាញទាំងនេះក៏កំពុង ឈានដល់ការសម្របសម្រួលជាមួយ អាជ្ញាធរមូលដ្ឋាននៅតាមទីតាំងផ្សេងៗ។ ការប្រកាសត្រូវបានធ្វើឡើង តាមរយៈឧបករណ៍បំពងសំឡេង ហើយការផ្សព្វផ្សាយទាំងមូលក៏បាន អនុវត្តនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

បើយោងតាមតំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា ដើម្បីអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋ យ៉ាងតឹងរ៉ឹងលើការធ្វើបច្ចុប្បន្នភាព ព័ត៌មានអតិថិជនពិតប្រាកដ មិត្តហ្វូនបាននិងកំពុងដំណើរការ យ៉ាងសកម្មក្នុងការពន្លឿនដំណើរការ ចុះឈ្មោះព័ត៌មានអតិថិជនពិតប្រាកដ សម្រាប់អតិថិជនរបស់ខ្លួន។

ជាងនេះទៅទៀត ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយការយល់ដឹង ប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនក៏បានដាក់ចេញនូវកម្មវិធី និងគោលការណ៍គាំទ្រជាច្រើនសម្រាប់អតិថិជន ដូចជាការផ្តល់ការលើកទឹកចិត្ត ជាទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ នៅពេលធ្វើបច្ចុប្បន្នភាពព័ត៌មាន អតិថិជនដោយជោគជ័យ។

បច្ចុប្បន្ននេះ ប្រទេស និងតំបន់ជាច្រើនកំពុងដាក់ បទបញ្ជាតឹងរ៉ឹងលើការធ្វើ បច្ចុប្បន្នភាពព័ត៌មានអតិថិជន ទូរសព្ទចល័ត។ នេះឆ្លុះបញ្ចាំងពីការធានាសុវត្ថិភាព ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ៕

លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយ ពេលញ៉ាំអាហារ ​ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

0

ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 – ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន ​បានចេញផ្សាយសាច់រឿង​អនឡាញបែប​មនោសញ្ចេតនាដ៏ពិសេសមួយ ដែល​ជា​ផ្នែកនៃ​យុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe for Magic” ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះ នៅលើឆានែលផ្លូវការរបស់ Coca-Cola និងនៅលើ Instagramរបស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃ សុភមង្គល និងភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។

យុទ្ធនាការ  “រូបមន្តនៃភាពរីករាយ” របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និងហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ “រូបមន្តនៃភាពរីករាយ” ជាយុទ្ធនាការ រំលឹកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គល និងអារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែល លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។

សាច់រឿងបែបមនោសញ្ចេតនានេះ បង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា ដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និងចែករំលែកក្តីស្រលាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ី ក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់ វីន ក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯង ដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំ និងការសុំយោបល់ពីហ្វេនអំពីរបៀបចម្អិន រហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ ​និងស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និងកូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និងពោរពេញដោយសុភមង្គល។

លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផល កូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ ជាមួយនឹងភាពកក់ក្តៅ និងសកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះ នឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី “រូបមន្តនៃភាពរីករាយ” ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។

ពេល​សម្រេច​ចិត្តថាតើនឹង​ធ្វើ​ម្ហូប​អ្វី​ លោក វីន មេតាវីន បាន​ចែក​រំលែក​ថា ​លោករីករាយ​ក្នុង​ការ​ទទួល​យក​យោបល់​ពី​ហ្វេនរបស់លោក។ លោក វីន បានរំឮកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និងភីហ្សា ដោយលោកបាននិយាយថា៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំ ក្នុងនោះមានដូចជា ពេលមួយដែលខ្ញុំនិងបងប្អូនញុំា កូកា-កូឡា បណ្ដើរ អង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ ដូច្នេះ ពេលឈានមកដល់យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ​ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា​ យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។

វាជាការចងចាំដ៏ពិសេសមួយ ដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោក និងចែករំលែកបទពិសោធន៍នៃការសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូន​របស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះ វាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និងមានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំ សូមអរគុណដល់កូកា-កូឡា ដែលបានធ្វើឲ្យរឿងនេះកើតមានឡើង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។

យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា “ភាពរីករាយដ៏ពិតប្រាកដ – Real Magic” ដែលត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬអាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា៖ រូបមន្ដដែលពួកគេត្រូវការនោះ គឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា៖ មានគ្នា មានអាហារឆ្ងាញ់ និងមានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។

តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ​ កូកា-កូឡា រួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬចូលទៅកាន់គេហទំព័រ www.coca-cola.com

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនភេសជ្ជៈចម្រុះ ដែល​មានផលិតផលលក់​​​​នៅប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវភេសជ្ជៈចម្រុះប្រភេទដែលមានរសជាតិឆ្ងាញ់រួមមាន៖ ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​ផលិតផល​របស់​យើង រួមមានដូចជាការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈ និង​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារជាដើម។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយចីរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។

រួម​ជាមួយ​នឹងដៃគូផលិតភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។