event

លំនៅឋាន បែបធម្មជាតិ​ រចនាបទ បែបខ្មែរ-អឺរ៉ុប នឹងលេចរូបរាង ក្នុងខេត្តសៀមរាប ឆាប់ៗនេះ

គម្រោងលំនៅឋានលំហែកាយ បែបធម្មជាតិដំបូងគេបង្អស់ នឹងលេចរូបរាងឡើង នៅក្នុងខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខនេះ ដែល​​​​វា​នឹង​ចូល​រួមចំណែក លើកស្ទួយមុខមាត់ និងលើកកម្ពស់វិស័យទេសចរណ៍​ នៅក្នុងខេត្តសៀមរាប ដោយសំណង់រួមបញ្ចូល រចនាបទស្ថាបត្យកម្ម បែបខ្មែរនិងអឺរ៉ុប ។

គម្រោងលំនៅឋាន លំហែកាយបែបធម្មជាតិនេះ អភិវឌ្ឍដោយ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានផ្សេងៗ​ទៀត នៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះ​នឹងរួមបញ្ចូល រចនាបទខ្មែរ និងអឺរ៉ុប ដោយក្នុងនោះរួមមាន៖ វីឡាទោល បឹងហ្គាឡូបែបអឺរ៉ុប វីឡាកូនកាត់បែបខ្មែរ​ វីឡាភ្លោះ២ជាន់បែបជប៉ុន និងផ្ទះល្វែង បែបទំនើបបែបខុនដូ។ នេះបើយោងតាម លោក សែម​ សុខខូយ អគ្គនាយក ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍។

លោក សុខខូយ បានថ្លែងថា ​គម្រោងនេះ គឺផ្តោតខ្លាំងទៅលើធម្មជា​តិ ពីព្រោះរាល់ការរចនាប្លង់​ និងម៉ូតផ្ទះត្រូវបានគិតគូ​ យ៉ាងហ្មត់ចត់អំពីភាពបៃតង និងខ្យល់ធម្មជាតិ។ លោកបន្តថា៖«នៅក្នុងផ្ទះ យើងរក្សាទុកនូវចន្លោះ សម្រាប់បន្សុតខ្យល់ ចេញចូល រីឯបរិវេនខាងក្រៅផ្ទះយើងរ ក្សាទុកលំហរសម្រាប់ដាំដើមឈើ។»​ លោកបន្តថា គ្រប់សំណង់គេហដ្ឋាន ក៏ត្រូវបានបញ្ចូលនូវគំនិត ស្ថាបត្យកម្មច្របាច់បញ្ចូលគ្នា រវាងស្ថាបត្យកម្មខ្មែរ និងអឺរ៉ុប។

លោកបន្ថែមថា៖«និយាយជារួមគំនិត​បញ្ចូល ស្ថាបត្យកម្មខ្មែរ និងអឺរ៉ុបនេះ គឺជាគោលគំនិតរបស់ក្រុមហ៊ុន ពីព្រោះថាបើយើងវិនិយោគ លើវិស័យអចលន្រទ្យ គឺយើងគិតមុនគេលើធម្មជាតិ ហើយនិងរចនាបទ របស់យើងខុសប្លែកពីគេ ដោយសារយើង យករចនាបថបុរាណ ប្រែទៅជារចនាមួយ ដែលទាន់សម័យ។»

លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា គម្រោងនេះកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំ​ណាក់អតិថិជនទាំងក្នុង និងក្រៅស្រុក ដោយសារចំនុចពិសេស នៅក្នុងគម្រោងនេះ បានផ្តល់នូវការ រស់នៅមួយផ្សាភ្ជាប់ យ៉ាងជិតស្និតរវាង មនុស្ស និងធម្មជាតិ ព្រមជាមួយនឹងម៉ូតផ្ទះ រចនាបទស្ថាបត្យកម្មខ្មែរនិងអឺរ៉ុប។

លោក សុខខូយថ្លែងថា៖ «ម៉ូតបច្ចុប្បន្ន មានការចាប់អារម្មណ៍ច្រើន ជាពិសេសអតិថិជន ចាប់ពីកម្រិតមធ្យម ទៅកម្រិតខ្ពស់ ពួកគាត់ចាប់អារម្មណ៍ លើការឌីហ្សាញ មិនថាអតិថិជនក្នុងស្រុកទេ ប៉ុន្តែអតិថិជនក្រៅប្រទេស ក៏ចាប់អារម្មណ៍ដែរ។» លោកបន្តថា អតិថិជនរបស់លោកប្រមាណពី៣០​ទៅ៤០ភាគរយគឺជាអតិថិជនក្រៅស្រុក។

ក្រៅតែពីគម្រោងលំនៅឋាន បែបធម្មជាតិ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលមានមូលដ្ឋាន នៅខេត្តសៀមរាបមួយនេះ ក៏មានមហិច្ចតាប្រែក្លាយ គម្រោងរបស់ខ្លួន ឱ្យទៅជាទីក្រុងទេសចរណ៍ តាមបែបធម្មជាតិធំមួយ នាពេលអនាគតផងដែរ។

លោកអគ្គនាយក ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បញ្ជាក់ថា៖ «ក្រុមហ៊ុនចង់បង្កើតសហគមន៍រស់នៅ ដែលផ្សាភ្ជាប់យ៉ាងជិតស្និត ជាមួយធម្មជាតិ រាប់ចាប់ពី គម្រោងតូចមួយ ភូមិមួយ ក្រុងរណបមួយ រហូតក្លាយទៅជាទីក្រុង ទេសចរណ៍ធម្មជាតិ ថ្មីនាដែនដីអង្គរយើងនេះ ដោយគម្រោងទៀតសោធ នឹងដាំដើមឈើដែលល្អ មានផ្កាល្អ និងប្រភេទឈើព្រៃ ដែលមានក្លិនក្រអូប ពោលគឺប្រភេទឈើចម្រុះ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានសរសើរ និងសាទរខ្ពស់ នូវគម្រោងអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ដែលបានរចនាម៉ូត តាមបែបខ្មែរ និងគិតគូរពីធម្មជាតិ។ លោកថ្លែងយ៉ាងដូច្នេះថា«៖ ខ្ញុំគិតថាវាល្អ ហើយអាជ្ញាធរ ក៏អបអរសាទរ ចំពោះការវិនិយោគ ប្រភេទបែបនេះដែរ ទាំងផ្នែកឯកជន និងផ្នែករដ្ឋ ។»

លោក សំរិទ្ធ មានប្រសាសន៍ថា៖​ «បច្ចុប្បន្ននេះខេត្ត មានតែគម្រោង អភិវឌ្ឍន៍ឯកជនមួយចំនួន កំពុងដំណើរការ ដែលជាគម្រោង នៅសេសសល់ពីឆ្នាំកន្លងទៅ តែបើក្នុងឆ្នាំនេះវិញ មិនទាន់មានគម្រោងណាមួយ ចូលមកនៅឡើយទេ គ្រាន់តែមានផែនការតែប៉ុណ្ណោះ»។

ដោយឡែក លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យអចលទ្រព្យ ក្នុងខេត្តសៀមរាប បានធ្លាក់ចុះខ្លាំង ប្រមាណជាង ៨០ភាគរយ ជាពិសេសក្នុងស្ថានភាព នៃវិបត្តិកូវីដ១៩ ហើយស្ថានភាពនេះ នឹងត្រូវការពេលវេលា រហូតដល់ឆ្នាំ២០២៣។

លោកស្រី សុធីតា ក៏បានបន្តថា នាពេលបច្ចុប្បន្ននេះ ក្រៅតែពីការវិនិយោគ លើវិស័យសណ្ឋាគារ ខេត្តសៀមរាប ក៏មានការវិនិយោគ លើវិស័យផ្សារទំនើប ខុនដូ លំនៅឋាន និងផ្ទះបែបលំហែរកាយផងដែរ។ លោកស្រីបន្តថា៖«ទីផ្សារមួយដែលរីកចម្រើន មិនអាចពឹងអាស្រ័យ ទៅលើវិស័យតែមួយនោះទេ គឺត្រូវអភិវឌ្ឍន៍ចម្រុះ។»

លោកស្រី សុធីតា ថ្លែងដូច្នេះថា៖ ខ្ញុំឃើញថាអ្នកដែលគាត់មានដី និងអ្នកវិនិយោគភាគច្រើន ពីមុនគាត់វិនិយោគ លើសណ្ឋាគារ បដិសណ្ឋារកិច្ច ក៏ប៉ុន្តែឥឡូវ ពួកគាត់បានងាកមក វិនិយោគលើវិស័យ ផ្ទៈលំនៅឋានបែបលំហែរកាយ ក៏ដូចជាអេកូរីសតជាដើម ហើយក៏ខ្ញុំគិតថា ការវិនិយោគគម្រោងលំនៅឋាន និងប្រភេទផ្ទះអេកូរីសតនេះ នឹងអាចរីកចម្រើន នៅក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខទៀត។»៕

ប្រភព៖ KHB News

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការ របស់ក្រុមហ៊ុន វ្យាធបុរៈតាមរយៈ លីងខាងក្រោម៖ https://www.facebook.com/vyeartakborak/
ទំនាក់ទំនងទូស័ព្ទ៖+855(0)98-77-50-07
គេហទំព័រ៖ www.vyeartakborak.com

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top