អចលនទ្រព្យ

ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី នៅកម្ពុជា ស្តីអំពីការផ្សព្វផ្សាយព័ត៌មាន អំពីអចលនទ្រព្យ ដែលកំពុងមានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា និងដើម្បីបញ្ជ្រាបព័ត៌មាន អំពីការទិញ-លក់អចលនទ្រព្យ ។

លោក សយ វិចិត្រ អគ្គនាយករង ក្រុមហ៊ុនដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានលើកឡើងថា នេះគឺជាការបើកសករាជថ្មី សម្រាប់កិច្ចសហការជាមួយនឹងក្រុមហ៊ុន ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី ដើម្បីពាំនាំនូវព័ត៌មានទីផ្សារចលនទ្រព្យ ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់មិត្តអ្នកអានសារព័ត៌មានដើមអម្ពិល តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យដ៏មានបទពិសោធន៍មួយនេះ។

លោក សង្ឃឹមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ មិត្តអ្នកអានព័ត៌មានដើមអម្ពិល និងទទួលបាននូវព័ត៌មានថ្មីៗ ស្ដីអំពី អចលនទ្រព្យដូចជា ការទិញលក់ អចលនទ្រព្យ ថែមទៀតផងដែរ។

លោក ឆៃ លីន នាយកក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី បានលើកឡើងផងដែរថា ការចុះអនុស្សរណៈនេះ គឺជាការរួមចំណែកដ៏សំខាន់មួយ ដែលលោកមានកិត្តិយស ក្នុងការធ្វើសហការជាមួយ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ដែលឈានមុខគេ នៅក្នុងវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានសម្ដែងនូវសេចក្ដីជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ និងផ្ដល់ផលប្រយោជន៍មិនត្រឹមតែភាគីទាំងពីរទេ គឺបានដល់ដៃម្ចាស់អចលនទ្រព្យ ដូចជា អតិថិជននិងមិត្តអ្នកអាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ជាមួយគ្នានោះដែរ លោក សយ សុភា និពន្ធនាយកសារពត៌មានដើមអម្ពិល ក៏បានអបអរសាទរ ចំពោះការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះផងដែរ ហើយលោក ក៏នឹងប្ដេជ្ញាខិតខំផលិតនូវព័ត៌មានថ្មីៗទៀត ដើម្បីបានជាប្រយោជន៍ដល់មិត្តអ្នកអាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ស្របតាមតម្រូវការជាក់ស្ដែង នៃទីផ្សារអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការចុះអនុស្សារណៈយោគយល់នេះ គឺជាលើកទី៣ សម្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២ ដែលកាលពីខែមករាកន្លងទៅ យើងបានចុះអនុស្សារណៈយោគយល់គ្នា លើការផ្លាស់ប្ដូរព័ត៌មាន ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានអាមេរិក (USAGM) និងបានចុះហត្ថលេខាជាមួយទីភ្នាក់ងារព័ត៌មានបារាំង ដែលការចុះហត្ថលេខាទាំងពីរនេះ គឺបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការផលិតព័ត៌មាន ដូចជាផ្សព្វផ្សាយព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ជុំវិញពិភពលោក របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជូនដល់សាធារណៈជន ក៏ដូចជាមិត្តអ្នកអានជាមណ្ឌលព័ត៌មានដើមអម្ពិល៕

Most Popular

To Top