DAP Business

បច្ចេកវិទ្យា

ក្រុមហ៊ុន FORD បានបើកវគ្គ បណ្ដុះបណ្ដាល ស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត –Ford Driving Skills for Life

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើការរៀបចំកម្មវិធី វគ្គបណ្ដុះបណ្ដាល ស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត Ford – Ford Driving Skills for Life” នៅក្នុងប្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួម ប្រមាណជាង ២០០នាក់។

កម្ពុជាជាប្រទេស ទី40 ដែលបានបើកវគ្គ បណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត Ford – Ford Driving Skills for Life” នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះ មានអ្នកចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការ ពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការ និងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗ ពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជន Ford បានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាល រយៈពេល ២ ថ្ងៃនេះ ដោយឥតគិតថ្លៃ។

គោលបំណង នៃការរៀបចំ វគ្គបណ្ដុះបណ្ដាលនេះ ឡើងគឺដើម្បី៖ ១.បង្រៀនអ្នកដែល ទើបនឹងទទួលបាន ប័ណ្ណបើកបរឲ្យយល់ច្បាស់ អំពីជំនាញចាំបាច់ ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរ អំពីបច្ចេកទេស នៃការថែទាំយានយន្ត ៣.ដើម្បីចូលរួម កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹង អំពីសុវត្ថិភាព នៃការបើកបរ និងការអនុវត្ត ការបើកបរជាក់ស្ដែង។

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញ អ្នកជំនាញពី សាលាបណ្ដុះបណ្ដាល បច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញ ក្នុងការបើកបរជាហ 20 ឆ្នាំ) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់ សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើង ដោយមានវគ្គបណ្តុះបណ្តាល អំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែង ជាមួយរថយន្តផងដែរ។

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រង​ ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ ចរាចរណ៍កើនឡើង គួរឲ្យកត់សម្គាល់នេះ ដោយសារអ្នកបើកបរមួយចំនួន មិនទាន់យល់ច្បាស់ អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញ បើកបរត្រឹមត្រូវ ។

ហេតុនេះហើយ ចំណេះដឹងអំពីសុវត្ថិភាព នៃការបើកបរ និងច្បាប់ចរាចរណ៍ គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។ តាមរយៈវគ្គ បណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាអតិថិជន Ford ក៏ដូចជាសិក្ខាកាម ដែលចូលរួម វគ្គបណ្តុះបណ្តាលនេ នឹងទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេស នៃការបើកបរ ប្រកបដោយសុវត្ថិភាព ព្រមទាំងការអនុវត្ត ការបើកបរជាក់ស្តែង ពីសំណាក់ក្រុមអ្នកជំនាញ របស់ក្រុមហ៊ុន Ford និង RMA Cambodia ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជាយើង៕”

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top