បច្ចេកវិទ្យា

ក្រសួងពាណិជ្ជកម្ម បានរៀបចំឯកសារគតិយុត្ត មួយចំនួនទៀត ដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត”

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឲ្យដឹងថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ងួន ទ្បាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និង លោក David Pavel ប្រធានក្រុមហ៊ុន EU Land and Pepper Investment ដើម្បីកំណត់នូវបញ្ហាប្រឈម រៀបចំផែនការការងារឆ្នាំ២០២១ និងផែនការយុទ្ធសាស្រ្ត របស់សមាគមលើកកម្ពស់ម្រេចកំពត ការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សម្រាប់អាណត្តិថ្មីឆ្នាំ២០២១ ដល់២០២៣ ព្រមទាំងពិភាក្សាអំពីការកំណត់រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងការកែប្រែលក្ខន្តិកៈរបស់សមាគម ឱ្យមានសង្គតិភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីស្របតាមការវិវត្តនៃសេដ្ឋកិច្ចសង្គម សំដៅដោះស្រាយបញ្ហានានារបស់សមាគម និងស្វែងរកទីផ្សារម្រេចកំពត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ម៉ាកសម្គាល់ភូមិសាស្រ្តម្រេចកំពត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា កម្ពុជាជាប្រទេសកសិកម្មដែលមានផលិតផលសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកវិញ្ញាតកម្ម និងម៉ាកសមូហភាព ហើយបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានចុះបញ្ជី ការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៤ រួចមកហើយ រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

លោកបន្តថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅសហភាពអឺរ៉ុប វៀតណាម ថៃ និងជាពិសេសនាពេលថ្មីៗនេះ បានចុះបញ្ជីនៅប្រទេសចំនួន ៣២ តាមរយៈប្រព័ន្ធលីស្បោន។ ជាពិសេសក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដែលមានដូចជា៖ ១)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ២) ប្រកាសស្តីពីនីតិវិធីចុះបញ្ជីនិងការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៣) ប្រកាសស្តីពីការបង្កើតនិងកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេស និងតួនាទីភារកិច្ចត្រួតពិនិត្យ និងពង្រឹងទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” ៤) សេចក្តីសម្រេចស្តីពីការបន្តសុពលភាពរបស់សមាគមលើកកម្ពស់ម្រេចកំពត និង ៥) ប្រកាសស្តីពីការបង្កើតក្រុមការងាររៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ម្រេចកំពត។

លោកបញ្ជាក់ថា “ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែមទៀត ក្រសួងពាណិជ្ជកម្មនឹងចូលរួមជាមួយនឹងសមាគមលើកកម្ពស់ម្រេចកំពត ក្នុងការរៀបចំផែនការការងារឆ្នាំ២០២១ ផែនការយុទ្ធសាស្ត្រ គាំទ្រក្នុងការរៀបចំគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ប្រព័ន្ធបណ្តាញសង្គម រៀបចំក្រុមការងារទីផ្សារ និងកសាងសមត្ថភាព ជំនាញដល់សមាជិកសមាគម រួមមានផលិតករ ប្រតិបត្តិករ និងអាជីវករពាក់ព័ន្ធនឹងការវេចខ្ចប់ ការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារនិងការបន្ថែមតម្លៃ ព្រមទាំងខិតខំជំរុញឱ្យមានការចូលរួមដាក់តាំងម្រេចកំពតក្នុងព្រឹត្តិការណ៍ពិព័រណ៍នានា ការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ដែលជាឱកាសក្នុងការផ្គូរផ្គងអាជីវកម្ម និងជំនួបរវាងអ្នកទិញ និងអ្នកលក់ ព្រមទាំងស្នើសុំក្រុមហ៊ុន EU Land and Pepper Investment ជួយបញ្ជាទិញម្រេចកំពត ពីកសិករខ្នាតតូចក្នុងឆ្នាំបន្តបន្ទាប់ទៀត”។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមលើកកម្ពស់ម្រេចកំពត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក និងក្រុមហ៊ុន EU Land and Pepper Investment ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងការបញ្ជាទិញពីផលិតករខ្នាតតូច។

សូមជម្រាបជូនថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមលើកកម្ពស់ម្រេចកំពត បានជំរុញឱ្យក្រុមហ៊ុននានា ដែលរួមមាន EU Land and Pepper Investment ធ្វើការបញ្ជាទិញម្រេចកំពតរហូតដល់ ៣៥តោន ពីកសិករខ្នាតតូច ដែលបានដោះស្រាយបញ្ហាកកស្ទះទីផ្សាររបស់ប្រជាកសិករនៅឆ្នាំ២០២០ និងសម្រាប់ឆ្នាំ២០២១ បានធ្វើកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនជាមួយកសិករខ្នាតតូចចំនួន ២៧៨ គ្រួសារ៕

Most Popular

To Top