កម្ពុជាស្នើស៊ុយអែត ជួយជំរុញធុរជន និងវិនិយោគិន មកស្វែងរកឱកាសធុរកិច្ច ខណៈការកែច្នៃគ្រឿងសង្ហារឹម,ការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា

Date:

ភ្នំពេញ៖ តាមរយៈក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។ នេះបើតាមហ្វេសប៊ុក “ក្រសួងពាណិជ្ជកម្ម”

ក្នុងឱកាសទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនឯកឧត្តមឯកអគ្គរាជទូត ចំពោះបេសកកម្មដ៏មានសារៈសំខាន់នៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូន លោកឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។

លោក ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...