រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ដើម្បីទាញយកប្រយោជន៍ ជាអតិបរមា ពីកិច្ចការពារ ស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌ ក្នុងក្របខណ្ឌអន្តរជាតិ

Date:

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។

ក្នុងឱកាសដឹកនាំសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីធ្វើការតម្កល់លិខិតុបករណ៍ នៃការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តាមរយៈលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក បានបន្តទៀតថា សមិទ្ធិផលនេះជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀត។

លោកបន្ដថា ការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែននេះ គឺជាកាលានុវត្តភាពសម្រាប់ ម្ចាស់ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលបានសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ក្នុងក្របខណ្ឌអន្តរជាតិ ហើយបន្ថែមពីនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការប្រើប្រាស់ការបោះពុម្ពស្នាដៃរបស់បរទេស សម្រាប់លើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលជាកត្តាមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ និងអភិរក្ស វិស័យវប្បធម៌ឱ្យក្លាយជាសមាសធាតុមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិតលើ អក្សរសាស្ត្រ តូរ្យតន្ត្រី សោតទស្សន៍ ភាពយន្ត ចម្លាក់ គំនូរ សិល្បៈសូនរូប និងសិល្បៈផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង អភិវឌ្ឍន៍ និងបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ។

នៅក្នុងកម្មវិធីបន្ទាប់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។

អនុស្សរណៈនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចាប់ពីឆ្នាំ២០២២ ដល់២០២៦ លើកិច្ចការអទិភាពខាងក្រោម៖

លទ្ធផលផ្នែកទី១៖ កម្រិតជាតិ-កសាងក្របខណ្ឌ

  • អនុវត្តផែនការសកម្មភាពនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។
  • គម្រោង៖ ការរៀបចំ និងអនុវត្តន៍គោលនយោបាយជាតិកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
  • ផ្តល់ជំនួយសម្រាប់ការចូលជាភាគីនៃសន្ធិសញ្ញា។
  • ផ្តល់មគ្គុទេ្ទសក៍ និងការប្រឹក្សាយោបល់លើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី២៖ កម្រិតស្ថាប័ន-ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា

  • គម្រោង៖ ការវិនិច្ឆ័យចំពោះការគ្រប់គ្រងនិងធនធានសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញាជាតិ។
  • គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យប្រកាសនីយបត្រតក្កកម្ម។
  • គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យម៉ាក។
  • ផ្តល់ជំនួយស្វ័យប្រវត្តកម្មសម្រាប់រដ្ឋបាលកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី៣៖ កម្រិតសហគមន៍-សង្គមដែលបង្កលទ្ធភាព

  • គម្រោង៖ ការបង្កើតបរិយាកាសនវានុវត្តន៍ដែលបង្កលទ្ធភាពពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក និងគំនូរឧស្សាហកម្ម។
  • គម្រោង៖ បង្កើនសមត្ថភាពសម្រាប់ផ្តល់ការគាំទ្រនវានុវត្តន៍ បច្ចេកវិទ្យា។
  • គម្រោង៖ សិក្ខាសាលាវិលជុំកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើននូវការប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសាកល (សិក្ខាសាលាកម្មសិទ្ធិបញ្ញាវិលជុំ) (ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ និងសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម)។
  • គម្រោង៖ បរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើនសមត្ថភាពសម្រាប់គាំទ្របច្ចេកវិទ្យា។
  • ផ្តល់ជំនួយសម្រាប់មជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs)។

លោកមរដ្ឋមន្ត្រីបានបង្ហាញ នូវជំនឿយ៉ាងមុតមាំថាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញាត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥0 និងជាមូលដ្ឋានកសាងបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងសង្គមដែលពោរពេញនវានុត្តភាព៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...