ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជា ប្តេជ្ញា អភិវឌ្ឍន៍និងប្រែក្លាយវិស័យវាយនភណ្ឌ ឱ្យក្លាយទៅជា មជ្ឈមណ្ឌលឧត្តមភាព នៃឧស្សាហកម្មកាត់ដេរ នៅអាស៊ីអាគ្នេយ៍

Date:

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ និងប្រែក្លាយវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)» ។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្ដែងការអបអរសាទរ ចំពោះលោកឧកញ៉ា គង់ សាង និងសហការី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន អនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចសហការយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្ម និង GMAC នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

លោករដ្ឋមន្រ្តីបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំ ចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាននិងកំពុង សិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ឱកាសឱ្យ លោកឧកញ៉ា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

លោកឧកញ៉ាបានកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១ លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...