Uncategorized

រដ្ឋមន្រ្តីពាណិជ្ជកម្ម ប្តេជ្ញាជំរុញឱ្យមន្ត្រីពាក់ព័ន្ឋ នៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ លោកសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បី ជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាពលរដ្ឋ។យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការប្តេជ្ញានេះធ្វើឡើងនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ចូលរួមកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ឋ តំណាងខេត្តទាំង១១ នៃគោលដៅគម្រោង អភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូនិង SME អង្គការជាតិ អន្តរជាតិ ព្រមទាំងវិស័យឯកជន ផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឯឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងអង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ដែលបានរួមគ្នាគិតរួមគ្នាធ្វើ ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ទាំងការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ ផលិតផល១ នៅទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការជាតិជំរុញចលនា១ ផលិតផល១ គឺជាស្ថាប័នរដ្ឋមួយដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានា នៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។ ហើយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារនេះ បានស្តែងចេញសកម្មភាព និងសមិទ្ធផលនានាជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង ក្នុងការជួយដល់កសិករ ផលិតករ សិប្បករ និងសេវាករ ក្នុងនោះរួមទាំងការរៀបចំ និងអនុម័តឯកសារគតិយុត្តនានា ការបណ្តុះបណ្តាលសហគមន៍ ការខិតខំរកដៃគូសហការពីវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍនានា ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទិសដៅដ៏ធំធេងនេះ គណៈកម្មាធិការជាតិបានរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្ត និងការចាត់តាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃគណៈកម្មាធិការជាតិនេះ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់តាំង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិនេះ ដោយក្រសួងនេះជាស្ថាប័នគន្លឹះមួយដើម្បីជួយរកទីផ្សារលក់ផលិតផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។

ជាការឆ្លើយតបនឹងតួនាទីនេះ លោករដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ហើយ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បី ជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់ទំនុកចិត្ត និងបានតែងតាំង ឯកឧត្តមរដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នេះ។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងSME ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ (គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមសា ដល់ខែធ្នូ ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង,បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ។ បច្ចុប្បន្នអគ្គលេខាធិការដ្ឋាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គ.ជ.ភ១.ផ១. បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ១ ផលិតផល១ ចំនួន ១២១មុខ ក្នុង ១០ខេត្ត ព្រមទាំងបានសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕

To Top