អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងជិត ៤០%

Date:

ភ្នំពេញ​​​​​​​៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា រាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ (ទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក)។

កាលពីនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួង កីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលព្រះអង្គយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសម្តែងព្រះទ័យសប្បាយរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា បានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។លោករដ្ឋមន្ត្រី បានទូលថ្វាយព្រះអង្គម្ចាស់ ថានឹងពាំនាំសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

នាឱកាសនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍ដល់ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីត សម្រាប់ការយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំ ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរដែលរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ហើយទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ (ទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក)។

លោកបានបញ្ជាក់ថា ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត”។ ជាកិច្ចឆ្លើយតបព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានអរគុណដល់លោករដ្ឋមន្ត្រី ដែលបានឆ្លើយតបតាមសំណើរបស់ព្រះអង្គ និងសន្យាថា នឹងពាំនាំសំណើរបស់ភាគីរបស់កម្ពុជាទៅជម្រាបជូនដល់ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម អារ៉ាប៊ីសាអូឌីត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ឯកឧត្តមរដ្ឋមន្ត្រីបានទូលថ្វាយព្រះអង្គម្ចាស់ និងប្រតិភូថា ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា លោកតែងបានលើកទឹកចិត្ត និងគាំទ្រការ ប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិ ហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ និង ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខនេះ។ បន្ថែមពីនោះ លោករដ្ឋមន្ត្រី បានស្នើសុំការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈដល់វិស័យកីឡានៅកម្ពុជា ជាពិសេសវិស័យកីឡាទោចក្រយាន ទូកកានូ និងរ៉ូអ៊ីងកម្ពុជាកម្ពុជា ដើម្បីឱ្យវិស័យកីឡាប្រភេទនេះកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗនាពេលខាងមុខ។

សូមបញ្ជាក់ជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...