Uncategorized

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ថ្លែងអំណរគុណ ក្រុមហ៊ុនសុខាអូតែល ដែលអភិវឌ្ឍន៍យ៉ាងសកម្ម លើរមណីយដ្ឋានបូកគោ

កំពត៖ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងពិភពលោកក្នុងរចនាបទទ្រង់ភ្នែន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណា​ងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបើកកាតដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០នាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាសុខ ចន្ថា តំណាងក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា ដោយពិនិត្យឃើញថា មានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសកាន់ព្រះពុទ្ធសាសនា បានសាងសង់ព្រះពុទ្ធរូបធំៗ ដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងជាទីសក្ការៈប្រកប​ដោយភាពទាក់ទាញ តាមរចនាបទប្រទេសនីមួយៗនោះ ដូច្នេះហើយទើបក្រុមហ៊ុនសុខាអូតែល មានគំនិតផ្ដួចផ្ដើមសាងសង់ ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រតិបត្តិធម៌និងឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងជានិច្ចនិរន្ត តរៀងទៅសម្រា​ប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

លោកជំទាវបន្តថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ ត្រូវបានធ្វើការសិក្សា និងសាងសង់ស្ថាបត្យកម្ម ដោយយុវស្ថាបត្យករជាកុលបុត្រកុលធីតាខ្មែរមួយក្រុម ដោយមានការផ្ដល់យោបល់បន្ថែម ពីក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន និងចូលរួមដោយក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពត។

ក្នុង​នាមអាជ្ញាធរដែនដី លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តកំពតមានការអភិ​វឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

លោកបន្តថា ដោយឡែកចំពោះការបើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាកំពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងខេត្តកំពត ក្នុងការរួមចំណែកលើកកម្ពស់ ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ។

តើព្រះពុទ្ធបដិមាកំពស់១០៨ម៉ែត្រមានចំណុចពិសេសអ្វីខ្លះដែលអ្នកគួរដឹង?

ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការវិនិយោគ និងអភិវឌ្ឍន៍នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។

លោកជំទាវឧកញ៉ាសុខ ចាន់ថាតំណាងក្រុមហ៊ុនសុខាអូតែលបាន​មានប្រសាសន៍ឲ្យដឹង ក្នុងពេលពិធធីបញ្ចុះបឋមសិលាសាងសង់បដិមាដ៏ខ្ពស់នេះក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី៤ មករាកន្លងមកថា នៅក្នុងរយៈកាលកន្លងមកនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងតស៊ូយ៉ាងសកម្មមោះមុតបំផុត ក្នុងការចាត់ចែងរៀបចំ និងដំណើរការគម្រោងវិនិយោគដ៍ធំធេងមួយនេះ ចាប់តាំងពីដើមឆ្នាំ២០០៨ មកដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពីជើងភ្នំរហូតដល់លើខ្នងភ្នំ មានផ្លូវគមនាគមន៍ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលជាតម្រូវការចាំបាច់និងជាអាទិភាពបំផុតសម្រាប់ការអភិវឌ្ឍនៅលើភ្នំនេះ។

លោកជំទាវបានបនយថា ទន្ទឹមនឹងនេះ សំណង់សណ្ឋាគារ រមណីយដ្ឋាន លំនៅឋាន និងអគារសេវាកម្មមួយចំនួន ក៍បានផុសរូបរាងឡើងជាបន្តបន្ទាប់ទៅ តាមប្លង់គោល និងច្បាប់អនុញ្ញាតពីក្រសួងមានសមត្តកិច្ចយកពន្ធ ហើយក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្កើតឱ្យមាននូវ កសិដ្ឋានដាំបន្លែ ផ្លែឈើ និងសត្វចិញ្ចឹមផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់ បន្តការរៀបចំប្លង់គោលចក្ខុវិស័យ សម្រាប់ការអនុវត្តក្នុងបរិវេណផ្ទៃដីជាង៨១.០០០ ហិកតា ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឱ្យក្រុម ហ៊ុនធ្វើការវិនិយោគ និងអភិវឌ្ឍ។

លោកជំទាវឧកញ៉ាសុខ ចាន់ថាបានបន្តថា ជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏កំពុងអនុវត្តគម្រោងសាងសង់ផ្លូវមេមួយខ្សែទៀត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១៥៨+២៩១ ឆ្ពោះទៅតំបន់ អភិវឌ្ឍន៍នៅលើភ្នំបូកគោ ដែលមានប្រវែងប្រមាណជាង៦០គីឡូម៉ែត្រ។

ក្រៅពីការវិនិយោគ អភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងសេវាកម្មនានា ក្រុមហ៊ុនក៍បានយក ចិត្តទុកដាក់លើវិស័យជំនឿ និងសាសនា ដែលជាវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណី របស់បងប្អូនប្រជាពលរដ្ឋយើង ជាយូរលង់មកហើយ។

ក្រុមហ៊ុនបានសាងសង់រូបសំណាក ព្រះពិស្ណុការ នៅចំណុចក្លោងទ្វារចូលឧទ្យានជាតិ ព្រះមុនីវង្ស “បូកគោ” មានកម្ពស់៥ម៉ែត្រ សាងសង់រូបសំណាក លោកយាយម៉ៅ ដ៍ធំមួយនៅលើភ្នំ ត្រង់គីឡូម៉ែត្រ លេខ២២ មានកម្ពស់ ២៣,៨៧ ម៉ែត្រ និងសាងសង់ វិមានអ្នកតាភ្នំ មួយកន្លែង នៅលើខ្នងភ្នំ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងជាទីសក្ការៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរដែលបានមកដល់ទីនេះ ផងដែរ។

ព្រះពុទ្ធប្បដិមានេះ មានទំហំធំ ហើយខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជាយើង ហើយក៏ស្ថិតក្នុងចំណោម ព្រះពុទ្ធប្បដិមាដែលខ្ពស់ៗ នៅក្នុងប ណ្តាប្រទេសលើពិភពលោក។

ព្រះអង្គមានទម្រង់ជា ព្រះពុទ្ធមារវិជ័យឬផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ដែលជារចនាថ្មី កំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ ។

ព្រះពុទ្ធប្បដិមានេះ សាងសង់នៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់៩៦២ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ។

លោកជំទាវសុខ ចាន់ថាបានបញ្ជាក់ថា រូបសំណាកនេះ នឹងត្រូវបានសាងសង់ពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់១០៨ម៉ែត្រនីវ៉ូសូន្យ នៃខឿនផ្ទាល់ដី ដល់កំពូលព្រះមោលី ដែលតំណាងឱ្យមង្គលទាំង១០៨របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ង្កផ្កា​ឈូក រាងរង្វង់ (តំណាងឱ្យវាល វត្តសង្ខារ ដែលក្បាច់រចនារបស់បល្ល័ង្កយកតាមលំនាំនៃផ្នែកមួយ របស់សសរពេជ្រប្រាសាទដំរីក្រាប នៃរចនាប័ទ្ម គូលែ​ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៤។

ចំពោះខឿនផ្ទាល់ដីមានបណ្ដោយ២៤៨ ម៉ែត្រទទឹងជាង១០០ម៉ែត្រ មានជណ្តើរធំចំនួន៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសទាំង៤ យកតាមលំនាំ រចនាប័ទ្មអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នាសតវត្សរ៍ទី១២។

ចំណែកឡើងជាន់ទី១ មានក្ដារបែនឬរានហាល នៅចំពីមុខព្រះពុទ្ធប្ប​ដិមា សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប៧អង្គ និងព្រះអសីតិសាវ័ក៥អង្គ សរុបចំនួន១២អង្គ (តំណាងឱ្យខែ និងឆ្នាំទាំង១២គត់) តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមានជណ្តើរចំនួន៨ (តំណាងទិសទាំង ៨ និងអរិយមង្គទាំង៨) សម្រាប់ឡើងទៅកាន់ទីសក្ការៈព្រះពុទ្ធប្បដិមា។

ចំពោះផ្នែកខាងក្នុងនៃខឿនផ្ទាល់ដីគឺ នឹងមានការរៀបចំតម្កល់ព្រះពុទ្ធរូបតូចៗ នៅតាមជញ្ជាំង រៀបចំជាកន្លែងជួប ប្រជុំប្រារព្ធពិធីសាសនា ជាសារមន្ទីរ ជាហោត្រ័យតម្កល់ពន្លឺព្រះត្រៃបិតក ជាកន្លែងវិបស្សនា…។ល។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សារៀបចំអភិវឌ្ឍប្លង់ ដើម្បីឱ្យគម្រោងព្រះពុទ្ធប្បដិមាដ៏ធំនេះ ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា និងពិភពលោក៕

To Top