Uncategorized

Smart Axiata ទទួលបានពានរង្វាន់ «អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា» សម្រាប់ការជំរុញសុវត្ថិភាពសាយប័រ និងអក្ខរកម្មឌីជីថល


ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយ ICT របស់កម្ពុជាបានឈ្នះពានរង្វាន់ “អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា” ពី EuroCham Cambodia ក្នុងកម្មវិធី ESG Contest and Awards Gala Dinner ឆ្នាំ 2024 ដែលធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះនវានុវត្តន៍ និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត និងការប្តេជ្ញាលើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Smart បានចូលរួម និងសហការលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត ការបង្កើនការយល់ដឹងលើផ្នែកអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។


លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “បច្ចេកវិទ្យាកំពុងតែវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយខណៈពេលដែលយើងធ្វើការយ៉ាងមម៉ាញឹកដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026 យើងត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ច និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់សង្គម។ ទស្សនវិស័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពផងដែរ”។


នាំមុខលើផ្នែកសន្ដិសុខសាយប័រ
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធការពារអន្តរជាតិ Next Generation Signaling Firewall (NGSF) ក្រុមហ៊ុន Smart Axiata បានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីធានានូវការការពារដ៏រឹងមាំ ការពារពីការគំរាមកំហែង និងបង្កើនសុវត្ថិភាពលើការតភ្ជាប់សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន។

ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញ។ វិញ្ញាបនប័ត្រនេះពង្រឹងជំហររបស់ Smart ក្នុងនាមជាក្រុមហ៊ុនដែលអាចទុកចិត្តបាន លើផ្នែកទិន្នន័យសំខាន់ៗនៅក្នុងសម័យឌីជីថល។


ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន
ដោយមាន “ការជំរុញសេដ្ឋកិច្ចបៃតង” ជាសសរស្តម្ភចីរភាពមួយ ក្រុមហ៊ុន Smart ប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ដូចជាការដាក់ប្រើប្រាស់ iPowerStar 2.0 ក្នុងឆ្នាំ 2023 ដើម្បីសន្សំសំចៃថាមពល។ មធ្យោបាយនេះ បានកាត់បន្ថយការចំណាយថាមពលរហូតដល់ 4.5% សម្រាប់ស្ថានីយអង់តែនដែលបានដាក់ប្រើប្រាស់។ លើសពីនេះ ក្រុមហ៊ុន Smart បន្តបំពាក់ផ្ទាំងសូឡាបន្ថែមនៅក្នុងស្ថានីយអង់តែនទូរសព្ទរបស់ពួកគេ ដោយមានស្ថានីយអង់តែនថ្មីចំនួន 295 មានបំពាក់នូវផ្ទាំងសូឡាត្រឹមឆ្នាំ 2023។

ជំរុញអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិតសម្រាប់កុមារ
បន្ថែមពីលើការដាក់ប្រើប្រាស់បច្ចេកវិទ្យានេះ ក្រុមហ៊ុន Smart បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ក្រុមហ៊ុន Smart បានសហការរៀបចំសិក្ខាសាលាដើម្បីបំពាក់សិស្សានុសិស្សនូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យប្រកបដោយសុវត្ថិភាព។

លើសពីនេះ ក្រុមហ៊ុន Smart បានសហការយ៉ាងជិតស្និតជាមួយអង្គការដូចជា Action Pour Les Enfants (APLE) Cambodia ដើម្បីចូលរួមការពារកុមារកម្ពុជាអំពីការកេងប្រវ័ញ្ចនានា និងពង្រឹងសុវត្ថិភាពលើប្រព័ន្ធឌីជីថលសម្រាប់កុមារ។
ការប្តេជ្ញាចិត្តចំពោះគោលការណ៍ ESG
ការផ្តួចផ្តើមរបស់ Smart Axiata ឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើគោលការណ៍ ESG។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដោយបង្ហាញពីសមិទ្ធផលក្រោមសសរស្តម្ភចំនួនបួន៖ ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជននិងសហគមន៍របស់យើង និងនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។
ការទទួលបានពានរង្វាន់ ESG Technology Leader Award ពី EuroCham បានបង្ហាញពីការយកចិត្តទុកដាក់របស់ Smart ក្នុងការចូលរួមប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងជំរុញការអភិវឌ្ឍសង្គមឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ន។

To Top