ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

Date:

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ 

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្តុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project)ដែលគាំទ្រផ្នែកហិរញ្ញវត្តុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation) ។

ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍ នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននិងកំពុងធ្វើសកម្មភាពបម្រើ ឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ 

ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឲ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ) ក្នុងវត្ថុបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែមួយដង ដោយពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងចំណោមប្រតិបត្តិករទេសចរណ៍ទាំងឡាយ។ 

ក្រោមពាក្យស្លោក «ទន្លេសម្រាប់ទេសចរណ៍ ទេសចរណ៍សម្រាប់ប្រជាជន ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក» យុទ្ធនាការនេះសបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងសុខភាពទន្លេ និងសុខុមាលភាពរបស់សហគមន៍ដែលពឹងផ្អែកជាប្រចាំលើទន្លេ រួមមាន៖

ទន្លេសម្រាប់ទេសចរណ៍៖ ទន្លេផ្តល់នូវសម្រស់ធម្មជាតិ និងតម្លៃវប្បធម៌ដែលជំរុញវិស័យទេសចរណ៍

ទេសចរណ៍សម្រាប់ប្រជាជន៖ ទេសចរណ៍បង្កើតការងារ ប្រាក់ចំណូល និងឱកាសសម្រាប់សហគមន៍មូលដ្ឋាន។

ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក៖ សហគមន៍ និងប្រតិបត្តិករទេសចរណ៍ការពារទន្លេតាមរយៈការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការការពារការបំពុលដោយប្លាស្ទិក។

លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វិស័យទេសចរណ៍ថាជា «មាសបៃតង» ដែលជាចលករសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការអភិវឌ្ឍន៍ជាតិ។ នៅឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៦,៧ លាននាក់ លើសពីគោលដៅស្តារឡើងវិញមុនកូវីដ-១៩ នៅឆ្នាំ២០២៥។ 

ទោះបីជាមានបញ្ហាប្រឈមនៅតាមព្រំដែនក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏វិស័យនេះនៅតែមានភាពធន់ដដែល ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៦ លាននាក់ និងអ្នកដំណើរក្នុងស្រុកចំនួន ២,៥លាននាក់។ ទោះជាយ៉ាងនេះក្តី ទេសចរណ៍តាមដងទន្លេប្រឈមមុខនឹងការគំរាមកំហែងជាបន្ទាន់ រួមទាំងការបំពុលប្លាស្ទិក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់មានកម្រិតនៅលើទូកទេសចរណ៍ និងទម្លាប់នៃការចោលសំរាមជាបន្តបន្ទាប់។ 

ការដោះស្រាយបញ្ហាប្រឈមទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជា និងធានាដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។

លោក ស្ហាគីល អាហម៉ាត់  (Shakeel Ahmad) តំណាងរងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP Cambodia) មានប្រសាសន៍ថា ៖ «ការដោះស្រាយការបំពុលប្លាស្ទិកទាមទារភាពជាដៃគូរឹងមាំ និងនិរន្តរភាព។ តាមរយៈយុទ្ធនាការនេះ UNDP និងក្រសួងទេសចរណ៍ បាននិងកំពុងធ្វើការរួមគ្នា ដោយមានការគាំទ្រពីមូលនិធិកូកា-កូឡា ដើម្បីដោះស្រាយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍ និងប្រែក្លាយគោលការណ៍និរន្តរភាពទៅជាការអនុវត្តតែម្តង។ កិច្ចសហការជាមួយវិស័យឯកជន រួមទាំងការជួយគាំទ្រពីមូលនិធិកូកា-កូឡា បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងឆ្ពោះទៅចក្ខុវិស័យ «គ្មានប្លាស្ទិក» សម្រាប់កម្ពុជា។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាដើម្បីកាត់បន្ថយការលេចធ្លាយប្លាស្ទិក ការពង្រឹងប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់វិធីសាស្រ្ត ៤Rs»។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ «នៅរាជធានីភ្នំពេញ បរិមាណសំរាមសំណល់រឹងមានប្រមាណជា ៤.២០០តោន ក្នុង១ថ្ងៃ ដែលក្នុងនោះ ប្រមាណជា ៦៥% ជាសំរាមសើម ២០% ជាប្លាស្ទិក និង១០% ទៀតជាសំណល់រឹង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ព្រមទាំងអង្គភាពរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាផងដែរ»។ 

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា ៖ «ទន្លេកម្ពុជា គឺមិនត្រឹមតែជាសម្បត្តិ   ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ដង្ហើមសម្រាប់ទេសចរណ៍ និងសហគមន៍របស់កម្ពុជាផងដែរ។ ការការពារពួកគេពីការបំពុលប្លាស្ទិក មានន័យថាការពារអនាគតរបស់យើងទាំងអស់គ្នា។ តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកវិធីសាស្រ្ត ៤Rs ហើយធ្វើការរួមគ្នាដើម្បីជំរុញការកាត់បន្ថយប្លាស្ទិកក្នុង      វិស័យបដិសណ្ឋារកិច្ច និងធានាឱ្យទន្លេរបស់យើងបន្តស្អាត និងទាក់ទាញ តជំនាន់ទៅទៀត»។

សម្រាប់ការសាកសួរព័ត៌មានបន្ថែមណាមួយ សូមទំនាក់ទំនង

កញ្ញា អាត់ ឈុនមួយ មន្ត្រី ផ្នែកទំនាក់ទំនង របស់យូអិនឌីភីនៅកម្ពុជាតាមរយៈសារអេឡិចត្រូនិក communications.kh@undp.org

លោកស្រី Aminath Mihdha អ្នកឯកទេសផ្នែកកិច្ចសហការឯកជន និងផ្នែកទំនាក់ទំនង ប្រចាំការិយាល័យអាស៊ី និងប៉ាស៊ីហ្វិ តាមរយៈសារអេឡិចត្រូនិកaminath.mihdha@undp.org.  

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...