Uncategorized

ក្រុមហ៊ុនហ៊ិននីគែន និងក្រុមហ៊ុន Grab សហការគ្នាដើម្បីផ្សព្វផ្សាយសារការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង​ ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍​កំពុងចាប់ដៃគូគ្នា​ដើម្បី​ជំរុញលើកទឹកចិត្ត​​អតិថិជនឱ្យមានស្មារតីទទួលខុស​ត្រូវដោយ​មិនត្រូវ​ពិសាគ្រឿងស្រវឹងហើយបើកបរ​នោះឡើយ​ ​។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការនៃភាពជាដៃគូរយៈពេលមួយឆ្នាំដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី ២៦ ខែមករា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងក្នុងពិធីនេះនៅហាង Oxygen Pub រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។ ព្រោះយុទ្ធនាការនេះមានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់

ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ»។

ភាពជាដៃគូរវាង​ក្រុមហ៊ុនហ៊ិននីគែន និង Grab នេះនឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញដែលរួមមានយុទ្ធនាការ​គ្រប់មធ្យោបាយ​ដើម្បី​ផ្សព្វផ្សាយសារ​អំពីការ «ពិសាដោយការទទួលខុស​ត្រូវ» ដល់​អតិថិជនរបស់ Grab  កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរ​មានសុវត្ថិភាពជាងមុន​ក្នុងឱកាស​ចូលរួមកម្មវិធីសង្គម កម្មវិធី​ដែលរៀបចំ​ដើម្បីធ្វើឱ្យ​ការពិសាមានកម្រិត​​សម​ស្រប​ (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គម ការ​ជំរុញ​ការ​លក់ និងដឹកជញ្ជូន​​ស្រាបៀរ​​ដោយ​ការទទួល​ខុស​ត្រូវតាមកម្មវិធី Grab ក៏ដូចជា​​ឱកាស​បង្កើនជំនាញ​សម្រាប់​ដៃគូបើកបរ​របស់ Grab ជាដើម ។ ​កម្មវិធីនេះ​ជាការអបអរ​សាទរ​ដល់ភាពជាដៃគូ​ដែល​ផ្អែក​លើ​មហិច្ឆិតា​ធ្វើអាជីវកម្មដោយមាន​ទំនួល​ខុស​ត្រូវដែលជា​ស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជា​ហត្ថលេខី​នៃ​សម្ព័ន្ធ​អន្តរជាតិសម្រាប់ការពិសាដោយការទទួលខុស​ត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា​ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន លើយុទ្ធនាការនេះដែលគាំទ្រដោយដៃគូអ្នកបើកបរក្រុមហ៊ុន Grab របស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះនឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃដែលអតិថិជនអាចជឿទុកចិត្តបានរាល់ការការដែលអតិថិជនត្រូវការធ្វើដំណើររាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង»។

នាយក​គ្រប់គ្រង​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានថ្លែង​ថា៖ «ស្របពេលដែល ហ៊ិននីគែន ខេមបូឌា ​ត្រៀម​ប្រារព្ធខួប ៣០ ឆ្នាំ​នៅកម្ពុជា យើង​មាន​ក្ដីរំភើបរីករាយ​​ក្នុងការ​បង្ហាញពី​ការ​ប្ដេជ្ញាចិត្ត​ផ្ដោតលើការទទួល​ខុសត្រូវសំខាន់ជាងគេបំផុត ។ យើងជឿថា តាមរយៈការណែនាំអ្នកពិសា​ឲ្យពិសា​ដោយការទទួលខុស​ត្រូវនឹងទទួលបានបទពិសោធន៍កាន់តែមានការភាពសប្បាយរីករាយជាងមុនក្នុងការទទួលទានរាល់ផលិតផល​របស់យើងដែលមានម៉ាកយីហោអន្តរជាតិ ក៏ដូចជា​ម៉ាកយីហោក្នុង​ស្រុក​ ខណៈពេលដែល​ផលិតផលរបស់យើង​ជួយ​បង្កើតការជួបជុំ និង​ភាពរីករាយ​យូរអង្វែង»។

យុទ្ធនាការនេះគាំទ្រដល់​គោលដៅរយៈពេលវែង​របស់ក្រុមហ៊ុនហ៊ិននីគែន «ធ្វើឱ្យពិភពលោក​កាន់តែ​ប្រសើរ» ដែល​បញ្ជាក់អំពីគោលការណ៍​របស់ក្រុមហ៊ុន​សម្រាប់ការ​រួមចំណែកដោយភាពវិជ្ជមាន​ចំពោះសសរស្ដម្ភចំនួន បី មានដូចជា៖ បរិស្ថាន សង្គម និងការទទួលខុស​ត្រូវ ។ ក្រុមហ៊ុន ហ៊ិននីគែន តែង​ជួយគាំទ្រ​ជាបន្តបន្ទាប់ដល់​ការ​ងារ​លើក​កម្ពស់ការពិសា​ដោយការទទួល​ខុស​ត្រូវ​​ រាប់តាំងពី​ការ​ផ្ដល់នូវជម្រើស​ផលិតផលដែលមានជាតិអាល់កុលតិច និង​គ្មានជាតិអាល់កុល រហូតដល់​ការ​ផ្សព្វផ្សាយដល់​អតិថិជនមួយពាន់លាននាក់​ជារៀងរាល់ឆ្នាំ ដោយផ្ដល់​នូវព័ត៌មានត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកពិសា​​​ប្រកប​ដោយការទទួល​ខុសត្រូវ ។ ក្រុមហ៊ុនហ៊ិននីគែន បានចំណាយថវិការចំនួន ១០ ភាគរយនៃថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់យីហោ Heineken® ដើម្បីគាំទ្រយុទ្ធនាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជារៀងរាល់ឆ្នាំដូចជា យុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។

នាយកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហ៊ិននីគែនខេបូឌា លោកស្រី Anne de Graaf បានថ្លែង​អំឡុងកម្មវិធីនេះថា៖ «ចីរភាព និងទំនួល​ខុសត្រូវ គឺជាផ្នែកមួយនៃ​គោលការណ៍របស់ក្រុមហ៊ុនហ៊ិននីគែន ចាប់តាំងពីថ្ងៃដំបូង​នៃអាជីវកម្មរបស់យើង ហើយ​យើងតែងតែ​គាំទ្រ​ឲ្យ​មានការ​លើកទឹកចិត្តអតិថិជន​ឱ្យ​សម្រេចចិត្ត​ប្រកប​ដោយការទទួល​ខុសត្រូវ។ នៅកម្ពុជា យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យជាអ្នកតំណាងនៃការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះមានដូចជា​​កម្មវិធីនានាដូចជា HEINEKEN Sustainathon សម្រាប់​មនុស្សជំនាន់ថ្មីរបស់កម្ពុជា​ក្នុងការចែករំលែកនូវគំនិតយល់ឃើញរបស់ខ្លួន ។ ការធ្វើការជាមួយដៃគូកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានក្ដីរំភើបរីករាយ​ ហើយយើងអាចផ្សព្វផ្សាយទៅដល់អតិថិជន​​កាន់តែច្រើនជាងមុន និងនាំឲ្យ​មានការ​កែប្រែ​កាន់តែ​ខ្លាំងជាងមុនផងដែរ»។

END

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អំពីក្រុមហ៊ុន Grab ខេមបូឌា

ក្រុមហ៊ុន Grab ខេមបូឌា ជា​ស៊ុភើអេបប្រចាំថ្ងៃ ដែលធ្វើប្រតិបត្តិការផ្ដល់សេវាធ្វើ​ដំណើរ​ ​ដឹកទំនិញ និងវិស័យ​ដឹកជញ្ជូន​រហ័ស ។ តាមរយៈការ​ផ្ដល់សេវា​ក្នុងទីក្រុងជាង ៥០០ កន្លែង​ក្នុង​ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រុមហ៊ុន Grab ជារៀងរាល់ថ្ងៃ​ ផ្ដល់លទ្ធផល​ដល់មនុស្ស​រាប់លាននាក់​​ក្នុងការ​កុម្ម៉ង់ម្ហូបអាហារ ឬគ្រឿងទេស​ បញ្ជូនកញ្ចប់ទំនិញ​ កក់​យានជំនិះ ឬតាក់ស៊ី តាមរយៈកម្មវិធីអេបតែមួយ​ ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្ម​អភិវឌ្ឍ​តំបន់អាស៊ីអាគ្នេយ៍​ឲ្យរីកចម្រើនទៅមុខ តាមរយៈការ​បង្កើត​អំណាចសេដ្ឋកិច្ច​ដល់មនុស្សគ្រប់គ្នា និងព្យាយាម​សម្រេច​ឲ្យបាននូវគោលការណ៍គ្រឹះចំនួនបីគឺ៖ សម្រេច​ឲ្យបាននូវ​សមិទ្ធកម្ម​ផ្នែកហិរញ្ញវត្ថុ​ដល់ភាគហ៊ុននិករបស់ខ្លួន ហើយព្រមជាមួយគ្នានោះ​​បង្កើត​ឲ្យ​មាន​ផលប៉ះពាល់វិជ្ជមាន​​ផ្នែកសង្គម និងបរិស្ថាន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។​

To Top