event

ក្រុមហ៊ុន Smart Axiata ដាក់សាកល្បងកម្មវិធី Internet of Things Challenge ដើម្បីបង្កើនដំណោះស្រាយ ប្រកបដោយភាព ឆ្នៃប្រឌិតក្នុងវិស័យ ឌីជីថល

ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ – អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយ បែបឌីជីថល ក្នុង វិស័យផ្សេងៗ ដែលកំពុងតែប្រឈមមុខ និងបង្ហាញចំណេះដឹងរបស់ពួកគេ ទាក់ទងនឹងបចេ្ចកវិទ្យាឌីជីថល ដ៍សំខាន់មួយ ក្នុងសតវត្សរ៍ទី ២១។

ពាក្យ Internet of Things (IoT) សំដៅលើការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ឧបករណ៍កុំព្យូទ័រដែលបានបង្កប់ នៅក្នុងឧបករណ៍ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ហើយអាចធ្វើឱ្យឧបករណ៍ទាំងនោះអាចបញ្ជូន និងទទួលទិន្នន័យបាន។ បច្ចេកវិទ្យា IoT កំពុងទទួលការពេញនិយម ប្រើប្រាស់កាន់តែខ្លាំង ក្នុងវិស័យ កសិកម្ម ផលិតកម្មនានា និងក្នុងការរចនាគេហដ្ឋាន និងទីក្រុងឆ្លាត ដែលក្នុងនោះម៉ាស៊ីន ឫបច្ចេកវិទ្យា អាចទាក់ទងជាមួយគ្នាបាន ហើយទិន្នន័យ ដែលប្រមូលបាន នឹងអាចយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃ។

ឧទាហរណ៏ដ៏សាមញ្ញមួយ ដូចជា អំពូលភ្លើងនៅក្នុងអគារការិយាល័យមួយ ដែលអាចចាប់យកសកម្មភាព តាមរយៈ បច្ចេកវិទ្យា sensors នៅពេលនរណាម្នាក់នៅក្នុងបន្ទប់ ហើយបន្ទាប់មក អំពូលភ្លើងអាចបិទ ឫ បើក ដោយស្វ័យប្រវត្តិ ។

ដោយសហការជាមួយ Impact Hub Phnom Penh និង Arrowdot កម្មវិធី Smart IoT Challenge រៀបចំឡើងក្នុងគោលបំណងផ្តល់ឲ្យនិស្សិតនូវចំណេះដឹង IoT មូលដ្ឋាន ហើយពួកគេត្រូវស្វែងរក បញ្ហាពិតៗ ហើយបន្ទាប់មករៀបចំគម្រោងបង្កើតវិធី ដែលបច្ចេកវិទ្យា IoT អាចផ្តល់ដំណោះស្រាយបាន។

ជ័យលាភី ក្រុម Smart Composting សម្រេចយកបញ្ហា ការខ្ជះខ្ជាយនិងសំណល់ម្ហូបអាហារ និងបង្កើតដំណោះស្រាយដោយប្រើ sensor ដែលកំណត់សំណើម សីុតណ្ហភាព និងកត្តាបរិស្ថានផ្សេងៗទៀត ដើម្បីឲ្យការបង្កើតជីកុំប៉ុស មានភាពងាយស្រួលជាពិសេស សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតវាពីមុនមក។

ឈ្មោះ ជា ច័ន្ទសុកសម្បត្តិ សមាជិកពីក្រុមជ័យលាភី Smart Composting និងជានិស្សិតរបស់កម្មវិធី អាហារូបករណ៍ SmartEdu បាននិយាយថា «នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធី Smart IoT Challenge។ ឱកាសនេះមិនត្រឹមតែជួយឱ្យខ្ញុំរៀនជំនាញឌីជីថលថ្មីដែលកំពុងរីកចម្រើន ប៉ុណ្ណោះទេ វាក៏អនុញ្ញាតឲ្យខ្ញុំបានអនុវត្តជាមួយនឹងដំណោះស្រាយ​ជាក់ស្តែងដែលខ្ញុំមិនធ្លាប់បានគិតពីមុនមក។ លើសពីនេះទៅទៀតខ្ញុំបានរៀនសូត្រច្រើនអំពីជំនាញ​ក្នុងការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញ និងការធ្វើការក្រោមសំពាធ។»

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា « ពិភពលោក កាន់តែចាប់យកប្រព័ន្ធឌីជីថលកាន់តែលឿនរហ័ស ការកំណត់សម្គាល់បញ្ហាជាក់ស្ដែង ដែលអាចដោះស្រាយបានដោយប្រើបច្ចេកវិទ្យាឌីជីថល គឺជាជំហានបន្ទាប់ដ៏សំខាន់មួយ ក្នុងការទាញយកឥទ្ធិពលពីអីុនធីណិត។ ដោយសារ យើងកំពុងឆ្ពោះទៅ កាន់ បច្ចេកវិទ្យា 5G យ៉ាងលឿនរហ័ស វានឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ ល្បឿនកាន់តែលឿន និងបញ្ចេញនូវសក្តានុពលពិតប្រាកដនៃ Internet of Things ដែលអាចយកមកប្រើប្រាស់នៅកន្លែងការងារ កសិដ្ឋាន សាលារៀន និងទីក្រុងរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង។»

កម្មវិធី Internet of Things Challenge នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart Young Innovator Program ដើម្បីបង្ហាញអ្នកចូលរួម នូវកម្មវិធីបច្ចេកវិទ្យាផ្សេងៗគ្នា និងជួយអាជីវកម្មរបស់ពួកគេឲ្យកាន់តែពេញនិយម ក្នុងបណ្ដាបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមជាជើងឯកឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន Smart កំពុងស្វែងរកមធ្យោបាយរៀនសូត្រច្នៃប្រឌិត ដើម្បីផ្ដល់ឱកាសអប់រំឌីជីថល ដល់យុវជនកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗ រួមមាន កម្មវិធី SmartStart និងកម្មវិធីអាហារូបករណ៍SmartEdu។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុសត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។

Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។

ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅ សម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីម៉ែល៖ koam.tivea@smart.com.kh

To Top