ម្រេចកំពត ទទួលបានការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាលក្ខណៈអន្តរជាតិ

Date:

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួងពាណិជ្ជកម្ម ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម្លេះ។

តាមរយៈក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ថា ចាប់ពីពេលនេះតទៅ “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបី ប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី។

មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨លោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយច្បាប់នេះបានចូលជាធរមាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការចូលជាសមាជិករបស់ប្រទេសកម្ពុជានេះ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី។

សូមបញ្ជាក់ថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក “ម្រេចកំពត” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...