កម្ពុជាទទួលចំណូល ពីពន្ធ-អាករ ប្រមាណជា ២ ៨៨៩.០២លានដុល្លារ ក្នុងឆ្នាំ២០២០

Date:

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ សម្រាប់ឆ្នាំ ២០២១នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រលើវិធានការដែលបានដាក់ចេញ របស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត។

-រៀបចំកែសម្រួលបទប្បញ្ញតិក្នុងការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងជំរុញសម្រួលលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើននិងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។
-ពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឱ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានជាអតិបរមា ។
-បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យព័ត៌មានដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ។
-បន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ។
-បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

-ពង្រឹងនិងយកចិត្តទុកដាក់លើការធ្វើសវនកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ ដែលជាជញ្ជីងវាស់នូវអនុលោមភាពរបស់សហគ្រាស និងចៀសវាងការបង្កការលំបាកដល់អ្នកជាប់ពន្ធ ។

-បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។

-បន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ...

Vietjet និងសាកលវិទ្យាល័យ Oxford បានចែករំលែកលទ្ធផលដំបូងនៃការសិក្សា​អំពីដំណោះស្រាយអព្យាក្រឹតកាបូននៃឧស្សាហកម្មអាកាសចរណ៍សកល

ភ្នំពេញ៖​ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិត...