ភ្នំពេញ៖ នៅសប្ដាហ៍ទី៣នៃខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថ្ងៃទី២៤ ខែឧសភានេះថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋាន ទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំង ទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវ ក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញ នៅមិនទាន់មានចំនួនច្រើននៅឡើយ។
លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ (បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន។
លោកបន្តថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួនដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដូចជារមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥% សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០% សម្រាប់ការបាញ់ធ្នូ និង ១០% សម្រាប់ការទទួលអាហារ) ជាដើម។
គោលដៅទេសចរណ៍សំខាន់ៗ ដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖
- ខេត្តកំពត៖ ១០,៩៤២ នាក់
- ខេត្តកែប៖ ៧,២៥៧ នាក់
- ខេត្តបាត់ដំបង៖ ៦,៩៣០ នាក់
- ខេត្តសៀមរាប៖ ៦,០៣៣ នាក់
- ខេត្តកំពង់ស្ពឺ៖ ៣,៨៩០ នាក់
- ខេត្តព្រះសីហនុ៖ ៣,២១៦ នាក់
- ខេត្តពោធិ៍សាត់៖ ២,៧៥៣ នាក់៕