តោះ ! មកភ្លក់រសជាតិទុរ៉េន ស្រុកតំបែរ រួចហួសទៅលេងរមណីយដ្ឋានទឹកធ្លាក់ ហោង

Date:

ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរ៉េន ប្រមាណ ៥០០ហិកតា ដែលក្នុងនោះស្រុកមេមត់ មានចំនួនច្រើនជាងគេ ជាង ៣៩០ហិកតា បន្ទាប់មកស្រុកតំបែរ លើផ្ទៃដីប្រមាណ ៥០ហិកតា បន្ទាប់មកស្រុកពញាក្រែកប្រមាណ ២០ហិកតា និងស្រុកអូររាំងឪ ប្រមាណ ២០ហិកតា។ ពេលនេះ សូមលើកយកដំណាំទុរ៉េនរបស់កសិករនៅស្រុកតំបែរមួយរូប ដែលបានចាប់ផ្តើមពីចម្ការទុរ៉េន ៣ហិកតា ហើយរហូតមកដល់ពេលនេះ ពង្រីកបាន ២២ហិកតា និងកំពុងប្រមូលផលលើផ្ទៃដី ១០ហិកតា។ យោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ចេញដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងកើត ឈាងខាងជើងពីតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បើយើងជិះតាមផ្លូវកៅស៊ូតាមផ្លូវជាតិលេខ៧៣ បត់ស្តាំត្រង់ភូមិគោកចារ ឃុំគោកស្រុក ឆ្លងកាត់ឃុំចុងជាច សំដៅទៅឃុំទឹកជ្រៅ ឬ បត់ឆ្វេងតាមច្រកផ្សារស្ទឹង ឃុំកោងកាង តាមបណ្តោយផ្លូវជាតិលេខ៧ កាត់ឃុំពពេល សំដៅទៅឃុំទឹកជ្រៅ ហើយឆ្ពោះទៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ យើងនឹងឃើញស្លាកបង្ហាញផ្លូវឆ្ពោះទៅដល់ចម្ការទុរ៉េន សាវម៉ាវ និងមង្ឃុត របស់លោក សុខ ឡេង ទូរស័ព្ទលេខ ០៨៨ ២២ ៨៨៨ ៦៦ ដែលជាមន្ត្រីនគរបាលចូលនិវត្តន៍ កំពុងលាក់កំបាំងខ្លួនក្នុងចម្ការកៅស៊ូ ដែលដើមនីមួយៗ រត់ត្រង់ជួរគ្នាលើផ្ទៃបៃតងស្រស់ គួរឲ្យគយគន់។ ចម្ការនេះមានផ្ទៃដី ១០ហិកតា ដែលដាំទុរ៉េន ១ ២៥០ដើម(ចំនួន ១ ០០០ដើម កំពុងប្រមូលផលនិង ២៥០ដើមទៀត ត្រៀមប្រមូលផល) សាវម៉ាវ ១០០ដើម(កំពុងប្រមូលផល) និងមង្ឃុត ២៥០ដើម ជ្រកក្រោមម្លប់ទុរ៉េន ចម្ការនេះស្ថិតនៅភូមិក្រសាំង ឃុំទឹកជ្រៅ។ ចំណែកចម្ការ ១២ហិកតា ទៀត ស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ដែលដាំទុរ៉េន ១ ២៥០ដើម ដែរ តែអាយុទើបបាន ៣ឆ្នាំនៅឡើយ។

លោក សុខ ឡេង បានរៀបរាប់ថា គាត់បានដាំទុរ៉េន ២២ឆ្នាំមកហើយ តែទើបបានប្រមូលផលច្រើននៅរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយមួយឆ្នាំៗ ទុរ៉េន ផ្តល់ផលប្រមាណ ៦០តោនទៅ ១០០តោន ក្នុងមួយឆ្នាំ ហើយត្រូវបានលក់ទៅកាន់ភ្នំពេញជាពិសេស ក្នុងខេត្ត និងខេត្តឯទៀត។ ដោយមានការជឿជាក់លើគុណភាព បងប្អូនប្រជាពលរដ្ឋ បានមកលេងផ្ទាល់ដល់ចម្ការបែបទេសចរណ៍ផង បរិភោគភ្លាមៗផង និងទិញយកទៅវិញផង ធ្វើឲ្យបរិមាណទុរ៉េន ត្រូវលក់ទៅភ្នំពេញនិងក្រៅខេត្តថយចុះ។

លោក បន្តទៀតថា ទុរ៉េន រើសដីណាស់ ហើយវាត្រូវការភាពអំណត់អត់ធន់ ចំណាយទុនច្រើន ភ្ជាប់ជាមួយបទពិសោធន៍និងបច្ចេកទេសច្បាស់លាស់។ ដី ទឹក ភូមិសាស្ត្រ ជាកត្តាកំណត់មិនអាចខ្វះបានហើយក៏ត្រូវការ យកចិត្តទុកដាក់ថែទាំជាទីបំផុត បើមិនដូច្នេះទេ ទុរ៉េន នឹងត្រូវខូចទៅវិញនៅឆ្នាំណាមួយ ដែលពេលនោះ យើងនឹងត្រូវខាតបង់ច្រើន។ លទ្ធផលពេលនេះ វាកើតចេញពីការខិតខំប្រឹងប្រែងនិងការគាំទ្រពីអតិថិជន។ លោកថា ចំពោះគុណភាព រសជាតិ ក្លិន អាចប្រកួតប្រជែងជាមួយទុរ៉េន នៅតំបន់ផ្សេងៗបាន។

ដោយឡែក សាវម៉ាវ មង្ឃុត កំពុងផ្តល់ផល ហើយមានរសជាតិគួរឲ្យបរិភោគដែរ។ សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំសាវម៉ាវ ៣០០ហិកតា និងផ្ទៃដីដាំមង្ឃុត ១៨០ហិកតា។ បន្ទាប់ពីកំសាន្តនិងភ្លក់រសជាតិទុរ៉េន សាវម៉ាវ មង្ឃុត រួចហើយ យើងអាចហួសទៅលេងរមណីយដ្ឋានទឹកធ្លាក់ ហោង ដែលនៅមិនឆ្ងាយពីចម្ការ ដើម្បីគយគន់សម្រស់ធម្មជាតិពិតៗនិងស្រូបយកខ្យល់ល្អបរិសុទ្ធនៃជំនោរដងអូរ តំបន់ខ្ពង់រាប នៃទឹកដីខេត្តត្បូងឃ្មុំ។ចូលរួមគាំទ្រកសិផលក្នុងស្រុក ដើម្បីលើកទឹកចិត្តការដាំដុះ តម្រង់ឆ្ពោះទៅកាន់តម្រូវការរបស់ទីផ្សារក្នុងប្រទេសនិងឈានទៅកាន់ការនាំចេញទៅក្រៅប្រទេស៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...