ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា កំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា

Date:

ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ​ ជាមួយ​ការ​ព្យាករណ៍ទុកថា វា​​នឹង​ទទួល​បាន​កំណើន​ជិត​ ៤ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំអស់​ ៣,១ភាគរយ ក្នុង​ឆ្នាំ២០២០។ យ៉ាងណាក្តី ការ​រើបឡើងវិញនេះ​មានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច ហើយ​វាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោក​បាន​និយាយដូច្នេះនៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខណៈដែលវិស័យមួយចំនួន​មាន​ការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យ​កសិកម្ម​នៅរក្សា​ភាពធន់​បាន​គួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយ​ការ​នាំចេញក្រោមកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិត​ក៏​បាន​រើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវ​សម្របខ្លួន​ទៅតាម​លក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្ម​បោះដុំ​និង​លក់រាយ​បាន​ប្រឹងរើបឡើងវិញ​យឺតៗដែរ នៅពេលដែលសកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជា​ផ្នែក​ស្នាក់នៅ, ភោជនីយដ្ឋាន និង​ផ្នែកដឹកជញ្ជូន នៅតែបន្តរងការ​ប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក​និង​អន្តរជាតិ។ ការវិនិយោគផ្ទាល់​ពីបរទេសនៅតែហូរចូល​ឥតដាច់ ព្រម​ទាំង​ជួយ​ទ្រ​ទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផង​ដែរ។

ទៅមុខទៀត ចក្ខុវិស័យ​សម្រាប់​កំណើនរបស់កម្ពុជានៅតែប្រឈមនឹង​ភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង​ ល្បឿន​នៃ​ដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាព​​របស់​វីរុស និងទៅលើ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា​កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច​ តាមការព្យាករណ៍ នឹងមានកំណើន​តែ​ ១ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់​អនុសាសន៍ថា កម្ពុជា​គួរ​តែ​ចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់​របស់​ទី​ផ្សារ តាម​រយៈការ​ពន្លឿនកម្ម​វិធីចាក់វ៉ាក់សាំង ទន្ទឹម​គ្នា​នឹង​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លងវីរុស និង ការស្លាប់ ឱ្យ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត។ ដោយសារតែកម្ពុជា​នៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋា​ភិបាល​អាច​បន្ត​​ការ​គាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ, ស្តារឡើងវិញ និង​កំណើន ដោយធ្វើការកែលម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ, ផ្តល់​កម្មវិធីគាំពារសង្គម និង​ជំរុញការវិនិយោគ​សាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បី​រក្សា​បាន​ស្ថិរភាពនៃវិស័យ​ហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋា​ភិបាល​ត្រូវ​បន្ត​តាម​ដាន​ឱ្យ​បាន​ដិតដល់​លើ​ភាព​ងាយ​រង​គ្រោះ ​ដែល​អាច​បណ្តាល​មកពី​ការពុះកញ្ជ្រោល​យូរពេករបស់​វិស័យអចលនទ្រព្យ និង ការ​ផ្តល់​ឥណទាន​កាន់​តែ​ច្រើនឡើង​ចំពោះ​វិស័យសំណង។ ​

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មាន​ប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា​បាន​រងការប៉ះទង្គិច​ខ្លាំង​ពីការធ្លាក់ចុះនៃតម្រូវការ​លើសកលលោកដោយ​សារ​តែ​កូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យមនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣លាននាក់ រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់មួយនៅក្នុងតំបន់។” លោកស្រីបានបន្ថែមទៀតថា៖ “​ធនាគារពិភពលោកនៅតែបន្តធ្វើ​ការជាមួយកម្ពុជា​ដើម្បីជួយ​ប្រទេស​នេះបន្ថែមទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយ​ស្តារសេដ្ឋកិច្ច​​ និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”

របាយការណ៍នេះមាន​ជំពូកពិសេសមួយពិនិត្យមើលទៅលើ​មេរៀនដែលគួររៀនសូត្រ​​បាន​ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែល​កម្ពុជាមិន​ត្រឹម​តែ​​ដាក់​ចេញ​យ៉ាង​រហ័សប៉ុណ្ណោះទេ តែថែម​ទាំង​ពង្រីកនិងធ្វើ​ឱ្យ​កាន់​តែស៊ីជម្រៅ​ទៀត​ផង ជា​ពិសេស​កម្មវិធី​ផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវ​បាន​បង្កើតឡើងនៅខែមិថុនា ឆ្នាំ​២០២០ ហើយ​គិតត្រឹមខែកុម្ភៈ​ ឆ្នាំ​២០២១ មាន​គ្រួសារ​ក្រីក្រ​ជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃ​ចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស​ ទទួល​បាន​សាច់​ប្រាក់ផ្ទេរពីរដ្ឋាភិបាល។

របាយការណ៍នេះបានរំលេចផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់​ទ្រទ្រង់​ដល់​ការ​រើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច មាន​ដូច​ជា​ការ​ដាក់ចេញ​វិធានការ​ជំនួយផ្នែកសង្គមនៅក្រោយ​ដំណាក់​កាល​រាតត្បាតជំងឺដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍កន្ត្រាក់​ណាមួយ តាមរយៈការ​ពង្រីក​វិសាល​ភាពគ្របដណ្តប់​របស់​កម្មវិធី IDPoor, ការ​រៀបចំបង្កើតមូលដ្ឋាន​ទិន្នន័យមួយសម្រាប់​ជនដែលគួរ​ទទួល​បាន​ការ​គាំទ្រ​ពីកម្មវិធីសង្គម, និង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តួ​អង្គ​ច្រើន​សម្រាប់​ធ្វើ​ការ​ចែក​ចាយ​ប្រាក់​ឧបត្ថម្ភសង្គមដល់​ជនក្រីក្រ៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...