សិល្បៈ កម្សាន្ត កីឡា

៣សប្ដាហ៍ កម្ពុជាទទួលបាន ភ្ញៀវទេសចរជាង១០ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ចាប់ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅ ដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។

លោក ថោង ខុន បានឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

លោកបន្តថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

លោកឲ្យដឹងទៀតថា គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ។

ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។ គណៈបញ្ជាការឯកភាព រាជធានី-ខេត្ត នៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់
  • ខេត្តកំពត៖ ១៩,៤១៦ នាក់
  • ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់
  • ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់
  • ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់
  • ខេត្តកែប៖ ៨,៣៤០ នាក់៕
To Top