ធនាគារពិភពលោក ​អនុម័តឥណទាន​​ចំនួន ២០០លានដុល្លារ​ ដើម្បីជួយសង្គ្រោះ សេដ្ឋកិច្ចកម្ពុជា

Date:

ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថាតាមរយៈកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រទេស​កម្ពុជា ដើម្បី​​ប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ដែលកំពុងតែកើតមានឡើង និងការ​ចាប់​ផ្តើម​ឈាន​ទៅ​​ស្តារសេដ្ឋកិច្ច​ឱ្យ​ងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​មានតម្លៃទឹកប្រាក់​ចំនួន ២០០លានដុល្លារអាមេរិក​របស់​សមាគមន៍​អភិវឌ្ឍន៍អន្តរជាតិ (IDA)​ សម្រាប់គម្រោងរៀបចំគោលនយោបាយ​ហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ​​ (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។

ធនាគារពិភពលោក បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២១ថា គម្រោងនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ, ការ​សម្រួល​ឱ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹង ស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជា​លើកដំបូងហើយក្នុងរយៈពេល​៣០ឆ្នាំដែល​សេដ្ឋកិច្ច​នៃប្រទេសនេះ​ នៅ​ក្នុង​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់​តាំង​ពី​មានការ​ផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ​ផ្នែកកាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយវិស័យទាំងនេះ​សុទ្ធ​​តែបាន​ផ្តល់​ការ​ងារ​ច្រើន​ជាង​គេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាននិរន្ត​ភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការ​រាតត្បាតជំងឺនេះអាចនឹង​បណ្តាល​ឱ្យ​ភាពអត់ការងារធ្វើ និង​ភាពក្រីក្រកាន់​តែកើនឡើង​ថែមទៀត ដែលក្នុងនោះ ពលរដ្ឋ​ជិត​មួយលាននាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ។

​ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការឆ្លើយតបបន្ទាន់​នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់​ការ​ស្តារសេដ្ឋកិច្ច​ឡើងវិញក្រោយវិបត្តិកូវីដ១៩ ​ (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់ស្កាត់​ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការ​រាត​ត្បាត​របស់​ជំងឺនេះ ដោយ​​ជួយ​ទ្រទ្រង់​ដល់ចំណាត់​ការ​នានា​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែកហិរញ្ញវត្ថុ​ដល់​គ្រួសារ និង ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់។ ចំណាត់ការទាំងនោះរួមមាន​ការ​ធ្វើកំណែទម្រង់​ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រម​ទាំង​វិធានការ​ដើម្បី​ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង​សមត្ថភាពរបស់​ស្ថាប័នប្រមូលចំណូល​របស់​រដ្ឋ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ច្បាស់ណាស់ ប្រទេសកម្ពុជា​ពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញ​ឱ្យ​បាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្ម​វិធី​គ្រប់​ជ្រុង​ជ្រោយ​មួយ​របស់​រដ្ឋា​ភិបាល​ ដើម្បី​ការពារ​ជន​ក្រីក្រ​បំផុតពី​ផលប៉ះទង្គិច​របស់​វិបត្តិនេះ និ​ង​ដើម្បីជួយ​ដល់​កិច្ច​ប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​និង​សង្គមរបស់ប្រទេស​ឱ្យ​ងើបឡើងវិញ”

គម្រោងនេះ ជាផ្នែកស្នូលមួយ​នៃ​អន្តរាគមន៍​ទូលំទូលាយមួយ​របស់​ធនាគារពិភពលោក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិកូវីដ១៩ ហើយ​ក៏​ជា​ផ្នែកមួយនៃ​កញ្ចប់​ប្រតិបត្តិការ​ទ្រ​ទ្រង់​ថវិកា​ពីសំណាក់​ដៃគូអភិវឌ្ឍន៍​មួយ​ចំនួន​របស់​កម្ពុជា មាន​ដូច​ជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃប្រទេសជប៉ុន (JICA)។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ១៩មក ក្រុម​ធនាគារពិភពលោក​បាន​សន្យា​ផ្តល់ជំនួ​យជាង ១២៥ប៊ីលានដុល្លារ​អាមេរិក សម្រាប់​ការទប់​ទល់ទៅនឹង​ផលប៉ះទង្គិច​របស់​ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច​ និង​សង្គម ហើយ​វិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន និង​ទំហំធំធេង​មិន​ដែលធ្លាប់មានក្នុង​ប្រវត្តិ​សាស្ត្រ​ទេ។ ​ហិរញ្ញប្បទាននេះ​កំពុងជួយ​ដល់​ប្រទេស​ចំនួន​ជាង១០០ ឱ្យ​ពង្រឹង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​ការ​រាតត្បាតជំងឺ, ក្នុង​កិច្ច​គាំ​ពារ​ជនក្រីក្រ និង ការ​ងារ,​ និង​ក្នុង​ការ​ចាប់​ផ្តើម​ស្តារឡើងវិញ​ក្នុង​សភាពមួយដែលមាន​មេត្រី​ភាពសម្រាប់​អាកាសធាតុ។ លើសពីនេះ ធនាគារពិភពលោកក៏កំពុង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិកផ្សេងទៀតដល់​បណ្តា​ប្រទេស​មាន​ចំណូល​ទាបមធ្យម សម្រាប់​យកទៅទិញ និង​បែងចែក​ថ្នាំ​វ៉ាក់សាំង, បរិក្ខារ​ធ្វើ​តេស្ត និង ការព្យាបាលជំងឺកូវីដ១៩ នេះ​ផងដែរ”៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...