កម្សាន្ត

កម្ពុជាគាំទ្រអាស៊ាន ពិនិត្យលទ្ធភាព បើកទេសចរណ៍ អន្តរជាតិឡើងវិញ ដោយធានាសុវត្ថិភាព ដល់ភ្ញៀវទេសចរ ក្នុងប្រទេសរៀងៗខ្លួន

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន លើកទី៣ ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ ភាគីកម្ពុជា និងប្រទេសដទៃទៀតបានបង្ហាញការគាំទ្រឱ្យអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុង ប្រទេសរៀងៗខ្លួន។ នេះបើយោងតាមហ្វេសប៊ុក “ក្រសួងទេសចរណ៍”។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វើរិន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន អាណត្តិឆ្នាំ២០២១ (ASEAN NTOs) និងដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង ១០ លេខាធិការដ្ឋានអាស៊ាន សាមគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម ៧៤ រូប។

កិច្ចប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ -១៩ លើវិស័យទេសចរណ៍អាស៊ាន ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងលទ្ធផលការងារទេសចរណ៍អាស៊ានផ្សេងៗទៀត ដូចជា៖

១៖ ប្រទេសអាស៊ានទាំង ១០ បានគិតគូរអំពីការបើកទេសចរណ៍អន្តរជាតិឡើងវិញ និងបង្ហាញពីគំនិតផ្តួចផ្តើមបន្ត និងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសសមាជិកអាស៊ាន ក្នុងការបើកទេសចរណ៍ឡើងវិញនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

២៖ ពិនិត្យបច្ចុប្បន្នភាពនៃការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ និងការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ដែលនឹងគ្រោងស្នើសុំការអនុម័តពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាពេលខាងមុខ។

៣៖ សហគមន៍ទេសចរណ៍អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញអំពីការគាំទ្រអាស៊ានឲ្យពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់។

៤៖ ប្រទេសសមាជិកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាផែនការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ ដែលជាទូទៅប្រទេសជាសមាជិកមានគម្រោងបើកទេសចរណ៍មុនឆ្នាំ២០២២។
ប្រទេសសមាជិកក៏បានគាំទ្រកម្ពុជាសាជាថ្មី ចំពោះការដាក់ចុះផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕

Most Popular

To Top