event

ក្រុមហ៊ុន ទ្រូម៉ាន់នី កំណត់​ទិសដៅ ​ក្នុងការលើកកម្ពស់​ស្រ្តី និងការអប់រំផ្នែក​ហិរញ្ញវត្ថុ ​​ក្នុង​ឆ្នាំ​២០២២​

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​កំណត់​ទិសដៅ​ប្រកប​ដោយ​មហិច្ឆិតា​ឆ្ពោះទៅ​រក​បរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្ម​ឌីជីថល និងការលើកកម្ពស់​ស្ត្រី​សម្រាប់ឆ្នាំ​២០២២​នេះ។

ដឹក​នាំដោយ​​លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​មាន​បំណង​កំណត់ទិសដៅ​លើការលើកកម្ពស់​ស្រ្តី​​ក្នុងកន្លែងការងារ ព្រមទាំង​​ស្រ្តី​ដែល​ជាម្ចាស់​សហគ្រាស​ធុនតូច និង​ធុន​មធ្យម​ (SME) ជាមួយ​នឹង​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល និងការ​​​អប់រំ​ផ្នែកហិរញ្ញវត្ថុ។ ដើម្បី​សម្រេច​បានការងារ​នេះ ក្រុមហ៊ុន ​ទ្រូម៉ាន់នី បាន​កំណត់​ទិសដៅ​មួយ​ដោយ​បង្កើន​​ ១០​ភាគរយ​នូវ​ចំនួនស្រ្តី​ដែល​ប្រើប្រាស់​កម្មវិធីទូទាត់ប្រាក់ TrueMoney wallet និង​ស្រ្តីដែលជាបណ្តាញ​ភ្នាក់ងារ​ដ៏​ខ្លាំ​ង​របស់ខ្លួន​ដែលមានជាង​ ១ម៉ឺន​ភ្នាក់ងារ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានមាន​ប្រសាសន៍ថា៖ «កម្ពុជា​ជាប្រទេស​មួយដែល​កំពុងមើលឃើញ​មាន​សហគ្រិន​ស្រ្តី​ និង​បុគ្គលិកដែលជាស្រ្តី​ក្នុង​កន្លែងការងារ​កាន់តែ​ច្រើន​ឡើងៗ។ នេះ​គឺជា​និន្នាការ​មួយ​ដែល​ក្រុម​ហ៊ុន ទ្រូម៉ាន់នី ចង់​លើក​ទឹក​ចិត្ត​ឱ្យ​កើតមាន និង​អភិវឌ្ឍ​វា។ ការកំណត់​ទិសដៅបែប​នេះ​នឹង​ជួយ​​ដល់ការអភិវឌ្ឍ​ប្រទេស និងសហគមន៍ ព្រមទាំង​ជាមហិច្ឆិតាក្នុងការរីកចម្រើន​​ផ្ទាល់​របស់​យើង​ផងដែរ»។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់ៗ​​ដើម្បី​សម្រេច​បាន​ទិសដៅ​កំណើន​បែប​នេះ នឹង​ជា​យុទ្ធនាការធ្វើទីផ្សារ ​និង​សេវាកម្ម​ «ដែល​ផ្តោត​លើ​ស្រ្តី»។

លោកស្រី ហ្រ្វង់ដារា បានបន្ថែមថា៖ «ស្រ្តី​កម្ពុជា​មាន​និន្នាការ​ងាក​ទៅ​រក​វិស័យសេវាកម្ម​ដូចជា​បដិសណ្ឋារកិច្ច លក់ដូរ ហើយ​ក៏មានវិស័យ​ហិរញ្ញវត្ថុផងដែរ។ ដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ផែនការ​លើក​កម្ពស់​ផលិតផល​និង​សេវាកម្ម​​ប្រកបដោយ​ច្នៃ​ប្រឌិត​ឆ្ពោះទៅកាន់​ផ្នែក​ជាក់​លាក់ទាំង​នេះ​នៃ​សេដ្ឋកិច្ច»។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ស្រ្តីកាន់តែច្រើនឡើង​កំពុង​បញ្ចប់ការសិក្សា​ពីសាលា និង​មហាវិទ្យាល័យ ហើយ​កំពុងចូល​រួម​ក្នុងកម្លាំង​ពលកម្ម​របស់ប្រទេស​ជាតិ ដែលមានន័យថា អ្នក​​ផ្តល់សេវាកម្ម​ឥឡូវ​​នេះ​​ចាំបាច់ត្រូវ​បម្រើ​​ដល់​ផ្នែក​សង្គម​ដែល​កំពុង​រីកចម្រើន​នេះ។

លោកស្រី​បន្តថា៖ «កាលសម័យមុន ស្រ្តីគ្រប់គ្រង​កិច្ចការ​ក្នុង​ផ្ទះ និង​មើល​ថែទាំ​កូន។ តែ​​ឥឡូវ​នេះ​​ស្រ្តី​កំពុង​ចូល​រួម​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ស្រ្តីនៅកម្ពុជា​ចាំបាច់ត្រូវ​ដឹង​ថា​តើអ្វីគឺជា​ជម្រើស​និង​ឧបករណ៍​ហិរញ្ញវត្ថុ ដែល​ពួក​គេ​អាចរកបាន»។

ស្រ្តីម្នាក់​​​ដែល​ក្រុមហ៊ុន ទ្រូម៉ាន់នី ​​មាន​បំណង​ចង់ជួយ​ជាមួយ​នឹងគំនិតផ្តួចផ្តើម​អាជីវកម្មដែល​ផ្តោត​លើ​ស្រ្តី​​នោះ គឺអ្នក​ស្រី លឹម ស៊ីវជូ ​ដែល​ជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន។

អ្នក​ស្រី លឹម ស៊ីវជូ គឺជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី អស់​រយៈពេលប្រហែលជា ២ ឆ្នាំមក​ហើយ។ ក្នុង​អំឡុង​ពេល​ធ្វើជាភ្នាក់ងារ​នេះ អ្នកស្រី​​​​​ផ្តល់​​សេវា​នេះ​ជូន​​អតិថិជន​របស់​គាត់។

​អ្នក​ស្រី លឹម ស៊ីវជូ ដែល​មាន​បញ្ជរ​​ទ្រូម៉ាន់នី​នៅជិត​ពហុកីឡាដ្ឋានអូឡាំពិកក្នុង​រាជធានីភ្នំពេញ មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ​សម្រាប់​ខ្ញុំដែល​ជា​ភ្នាក់ងារ​ផ្ទាល់​គឹជួយដល់ជីវភាពប្រចាំថ្ងៃបាន​ច្រើន​ណាស់ កាល​ពី​ដំបូង​ឡើយ​នៅ​ផ្ទះ​មើល​កូន​ទេ តែ​ដល់​ពេល​ឥឡូវ​ជាក់​ស្តែង​គឹ​ខ្ញុំ​បាន​ការងារ​ហ្នឹង​មក​គឹ​ជួយ​សម្រួល​ដល់​ខ្ញុំ​ច្រើន​មែន​ទែន ទី​មួយ​ខ្ញុំ​បាន​មើល​កូន​នៅ​ផ្ទះ ហើយ​ទី​ពីរ​ខ្ញុំ​មាន​មុខ​របរ​ច្បាស់​លាស់​មាន​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ ជា​ស្ត្រី​មួយ​ដែល​មាន​អាជីវកម្ម​ច្បាស់​លាស់​ខ្លួន​ឯង​ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​ខាង​គ្រួសារ»។

ស្រ្តី​ម្នាក់ទៀត​ដែល​កោត​សរសើរ​ដល់​សេវា​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ​នោះ​គឺ​កញ្ញា លី ឈី។

កញ្ញា លី ឈី បាន​អ្នកគ្រប់គ្រងអាជីវកម្ម​អស់​រយៈពេលប្រហែល ២​ឆ្នាំ​មក​ហើយ។ គាត់​បាន​ប្រើ​ប្រាស់​​​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីវកម្ម ដូច​ជា​ការទូទាត់តាម QR កូដ និង​សេវា​ឌីជីថល​។

កញ្ញា លី ឈី មានប្រសាសន៍ថា៖ «សេវាទូទាត់តាមQR កូដរបស់ទ្រូម៉ាន់នី អាច​ជួយ​បាន​ច្រើន​ដល់​ហាង​យើង​ខ្ញុំ ដូច​ជា​អាច​ជួយ​ឱ្យ​ភ្ញៀវ​ងាយ​ស្រួល​ក្នុង​កា​ប្រើ​ប្រាស់ ដោយ​គាត់​អាច​ទិញ​ហើយ​ស្គេន​កូដ​ ទូទាត់លុយ​បាន​លឿន​ទាន់ចិត្ត ហើយ​មួយ​ទៀត​អាច​កើន​ចំណូល​បាន​ច្រើន​សម្រាប់​ហាង​យើង​ខ្ញុំ ជា​ពិសេស​មួយ​ទៀត​បុគ្គលិក​ពួក​ខ្ញុំ​អាចធ្វើការ​ផ្ទេរលុយ​ទៅ​មក​យ៉ាង​ងាយ​ស្រួល​ផង​ដែរ»។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា។ ៦១ ភាគរយ​នៃ​បណ្តាញ​ភ្នាក់ងារ​គឺជា​ស្រ្តី ហើយ ៤២​ភាគរយ​នៃ​​បុគ្គលិក​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ជា​ស្រ្តីផង​ដែរ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក និងក្រៅស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

To Top