event

កិច្ចសហការថ្មីរវាង NHAM24 និងក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អតិថិជន

ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។

កិច្ចសហប្រតិបត្តិការថ្មីនេះគឺជាការសហការមួយក្នុងចំណោមការសហការជាច្រើនរបស់ទ្រូម៉ាន់នីដែលត្រូវបាន​បង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់​ប្រាក់បានយ៉ាង​ទូលំទូលាយ​​តាមអនឡាញ។  ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញ​របស់ទ្រូម៉ាន់នី។​

ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន  ទ្រូម៉ាន់នី​ នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022។

ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានផ្តល់ជូនអតិថិជន Nham24 នូវប្រូម៉ូសិនពិសេស។ អតិថិជន Nham24 ដែលទូទាត់ប្រាក់តាម TrueMoney Wallet នឹងទទួលបានប្រាក់ត្រឡប់ទៅវិញ 3$ ភ្លាមៗ។ ប្រូម៉ូសិនពិសេសនេះត្រូវបានអនុវត្តចំពោះអតិថិជនដែលចំណាយចាប់ពី 10$ លើការបញ្ជាទិញរបស់ពួកគេចាប់ពីថ្ងៃទី 18 ខែឧសភា ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022។

​លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “នេះគឺជាអនុស្សរណៈនៃការយោគយល់គ្នា​ថ្មីមួយដែលពួកយើងកំពុងអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងគឺអតិថិជនរបស់ ទ្រូម៉ាន់នី និងអតិថិជនរបស់ Nham24”។ គាត់បានបន្តទៀតថា “Nham24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App)ដ៏ធំបំផុតមួយ ក៏ដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយផងដែរ។​ យើងនឹងរួមគ្នាផ្តល់សេវាកម្មដ៏មានតម្លៃដល់អតិថិជនរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើង។”

ការសហការគ្នានេះត្រូវបានគេរំពឹងថានឹងបើកឱកាសឱ្យអតិថិជនជាច្រើន ដើម្បីធ្វើការទូទាត់ប្រាក់តាមអនឡាញដោយប្រើ TrueMoney Wallet លើសពីនេះទៅទៀត ក៏បានជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ​ជម្រុញការទូទាត់តាមអនឡាញកាន់តែមានជម្រើសច្រើនសម្រាប់អតិថិជនផងដែរ។

លោក ចាន់ បូរីម៉ា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលអាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដ៏ល្បីឈ្មោះ និងគួរឱ្យទុកចិត្តដូចជា ក្រុមហ៊ុន  ទ្រូម៉ាន់នី” ។ លោកបានបន្តទៀតថា “ក្នុងនាមជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) យើងបានជួយអាជីវកម្មរាប់មឺុនកន្លែងនៅពេលដែលអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ19។ ឥឡូវនេះ យើងចង់ជួយអាជីវកម្មទាំងនោះ ដោយផ្តល់ជូននូវវិធីបង់ប្រាក់ឱ្យបានច្រើនជម្រើសតាមតែអាចធ្វើទៅបាន តាមរយៈស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេដូចជាក្រុមហ៊ុន  ទ្រូម៉ាន់នីជាដើម។ ”

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

អំពី Nham24

Nham24​ គឺជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ហើយចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ 2016 ដែលឥលូវកំពុងតែមានប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ Nham24 បានអភិវឌ្ឍន៍ខ្លួនពីភ្លែតហ្វមដឹកជញ្ជូនអាហារទៅជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលរំពឹងទុកថានឹងបង្កើតនូវសេវាថ្មីៗទៀតជាច្រើននាពេលខាងមុខ សម្រាប់អតិថិជនរបស់ខ្លូន។ Nham24 មានអ្នកដឹកជញ្ចូនដែលមានវិជ្ជាជីវៈច្បាស់លាស់ជាង 2,000នាក់ និងពាណិជ្ជករ ឬហាងដ៏ល្បីៗ ដែលជាដៃគូរាប់មុឺនកន្លែង។ បច្ចុប្បន្ន Nham24 មានចំនួនអតិថិជនសកម្មកំពុងប្រើប្រាស់សេវាកម្មដ៏ សម្បូរបែបរបស់ខ្លួនជាង ៦ សែននាក់ហើយចំនួននេះត្រូវបានរំពឹងទុកថានឹងកើនឡើងយ៉ាងរហ័សនាពេលអនាគត៕

To Top