សហគ្រិនខ្មែរ បើកយុទ្ធនាការបណ្តុះបណ្តាល សហគ្រិនភាពចល័តដំបូងបង្អស់ ជាកាដូដល់សិស្សវិទ្យាល័យទាំង៥ នេះ

Date:

ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៖ ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងពីក្រសួងអប់រំយុវជននិងកីឡា បើកគម្រោងកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយដែលមានឈ្មោះថា «សហគ្រិនជំនាន់ថ្មី NextGen Enterprise» ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសំខាន់ៗចំនួន ៤ ។

កម្មវិធី «សហគ្រិនជំនាន់ថ្មី» ជាកម្មវិធីបណ្តុះបណ្តាលសិស្សានុសិស្ស ជំរុញលើកទឹកចិត្ត ក៏ដូចជា ផ្តល់ពត៌មានបន្ថែមជូនពួកគាត់ដែលជាពន្លកថ្មី ឱ្យមានការស្វែងយល់កាន់តែច្បាស់អំពីសហគ្រិនភាព និងអភិវឌ្ឍខ្លួននៅក្នុងវិស័យនេះ ដែលរដ្ឋាភិបាលកំពុងផ្តោតសំខាន់និងគាំទ្រ។ វិស័យសហគ្រិនភាព រួមចំណែកយ៉ាងខ្លាំងក្នុងការជួយបង្កើនសេដ្ឋកិច្ចជាតិ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយ ការបណ្តុះបណ្តាល ឱ្យមានការយល់ដឹងទូលំទូលាយទៅលើវិស័យនេះ ដើម្បីជួយជំរុញនិងបង្កើនចំនួនពន្លកសហគ្រិនថ្មី ដែល សហគ្រិនខ្មែរ រំពឹងទុកថា ថ្ងៃអនាគតនឹងមានសហគ្រិនវ័យក្មេងឆ្នើមជាច្រើនជួយបង្កើន និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។​​​

កម្មវិធីនេះ នឹងរៀបចំឡើងក្នុងរយៈពេលពេញមួយព្រឹក ដែលបណ្តុះបណ្តាលដោយគ្រូបង្គោល លោក ដួង តារា ដោយរៀបចំជាពិសេសនូវមេរៀនគោលសំខាន់ៗដូចជា សារៈសំខាន់នៃវិស័យសហគ្រិនភាព មូលដ្ឋានគ្រឹះនៃវិស័យសហគ្រិនភាព ការស្វែងរកគំនិតថ្មី និងចេះស្វែងរកដំណោះស្រាយបែបថ្មី។ ក្នុងនោះ នៅក្នុងវិទ្យាល័យនីមួយៗ នឹងមានការចូលរួមពីសិស្សានុសិស្សគោលដៅចំនួន ២០០នាក់ ជាមួយនឹងការរំពឹងទុកថា មានសិស្សានុសិស្សយល់ដឹងពីសហគ្រិនភាពប្រមាណ ១០០០ នាក់ សម្រាប់វិទ្យាល័យទាំង5។

ទីតាំង និងពេលវេលា នៃកម្មវិធីបណ្តុះបណ្តាលជាមួយនឹងវិទ្យាល័យទាំង៥ មានដូចជា វិទ្យាល័យបាក់ទូក នៃរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា វិទ្យាល័យក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា វិទ្យាល័យសម្តេចឪ នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា វិទ្យាល័យកំពង់ធំ នៃខេត្តកំពង់ធំ នៅថ្ងៃទី១១​ ខែកក្កដា និង វិទ្យាល័យហ៊ុនសែនសៀមរាប នៃខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ។

គួរបញ្ជាក់ផងដែរថា កម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise គឺជាកម្មវិធីបណ្តុះវប្បធម៌ សហគ្រិនភាព មួយក្នុងចំណោមសកម្មភាពជាច្រើនទៀត នៃកម្មវិធីគោលរបស់សហគ្រិនខ្មែរ។ 

សហគ្រិនខ្មែរ ជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ អ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។​ ចក្ខុវិស័យរបស់ សហគ្រិនខ្មែរ គឺក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់ វិស័យសហគ្រិនភាពនៅក្នុងស្រុក ក្នុងគោលបំណងបង្កើតចំនួនធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈចក្ខុវិស័យខាងលើ សហគ្រិនខ្មែរ បានជ្រើសរើសយកកម្មវិធីធំៗគោលចំនួន 4 ជាយន្តការក្នុងការអនុវត្តសកម្មភាពកន្លងមក ដែលរួមមាន៖ កម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព កម្មវិធីអភិវឌ្ឍសមត្ថភាព កម្មវិធីកសាងបណ្តាញ និងកម្មវិធីមូលធនគាំទ្រ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...