ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។
កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២ ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបានផងដែរ។ គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលាបន្ទាប់នៅខេត្តកំពង់ចាមក្នុងខែសីហា និងសិក្ខាសាលានៅខេត្តកំពង់ឆ្នាំងក្នុងខែតុលា ក្នុងឆ្នាំ២០២២នេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»
លោក សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»
បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់ដែលរឹងមាំសម្រាប់គណនីនៃបណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។
ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១ និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!