ដំណក់ប្រេងលើកដំបូង របស់កម្ពុជា ចាប់ផ្តើមផលិតហើយ

Date:

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពី អណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។

តាមរយៈហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

សម្ដេចតេជោបញ្ជាក់ថា “ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើម ផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេង លើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ”។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិ ជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញ ជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោង ផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា
២០២០ ។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូង នៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូង ដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើត បាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖

ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុងទាំងយប់ ដើម្បីជួយសង្គ្រោះបុរសនិងស្ត្រី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១...

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតរបស់អាស៊ាន ឈានមុខគេក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាម

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតមួយរបស់អាស៊ីអាគ្នេយ៍...