កម្ពុជា-ឥណ្ឌា ឯកភាពគ្នា នឹងតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលចប់ វិបត្តិកូវីដ-១៩

Date:

ភ្នំពេញ៖ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នរិន្ទ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។

កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។

បើតាមលោកជំទាវ ទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។

លោក ថោង ខុន បានស្នើសុំឱ្យឥណ្ឌាបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោករវាងឥណ្ឌា និងអាស៊ាន។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងណាស់ចំពោះដំណើរទេសចរណ៍បែបនេះ។

ស្ថានទូតឥណ្ឌាក៏បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាថា នឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏នឹងជួយ
កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ ភ្ញៀវទេសចរកាន់តែល្អប្រសើរ។

ភាគីទាំងពីរនឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាក្រុមការងារនៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមការងារឥណ្ឌានៅរដ្ឋធានីញូវដេលីផងដែរ ដើម្បីអនុវត្តការងារទាំងអម្បាលម៉ាននេះឱ្យបានល្អប្រសើរ ក្រោមការរំពឹងទុកថានឹងចាប់ផ្ដើមអនុវត្តនៅក្រោយពេលចប់វិបត្តិជំងឺកូវីដ-១៩៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...