event

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទទួលអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិក ចំនួន៨ ដូចជា ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦) ,ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ,ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី (២០១១) , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (២០១២) ,ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (២០១៥) ,ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (២០១៦) និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក (២០១៧)។

នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានផ្តល់ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងសាធារណជនទូទៅផងដែរ។ការរីកចម្រើនគ្រប់វិស័យនៃសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជន និងវិនិយោគិនបរទេស ក៏ដូចជាការពង្រឹងភាពរឹងមាំ និងសុខុមាលភាពលើប្រព័ន្ធធនាគារ។

តាមរយៈរបាយការណ៍ ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៩នេះ មានធនាគារពាណិជ្ជចំនួន ៤៦ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៥ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយមានការចូលរួមពីក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានទីមួយដែលបានបំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ដោយមិនមានការគួបបញ្ចូលជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុណាមួយឡើយ។ ក្រោយពីបំលែងខ្លួនទៅជាធនាគារពាណិជ្ជ គ្រឹះស្ថាននៅតែបន្តរក្សាវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាជនជាតិខ្មែរ ជាពិសេសដែលមាន លោកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា «ការទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនេះ គឺបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ កម្ពុជាតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន»។

លោកឧកញ៉ា បន្ដថា ការទទួលបានអាជ្ញាបណ័្ណនេះ នឹងផ្តល់ឱកាសមួយជំហានបន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ដែលផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និងសម្បូរបែប ជូនអតិថិជន និងសាធារណជនគ្រប់ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ា ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងត្រូវប្តូរឈ្មោះទៅជា “ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក” ហើយចាប់ផ្តើមប្រតិបត្តិការអាជីវកម្មធនាគារពីខែមេសានេះ ហើយក៏នឹងមានការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅខែមិថុនាខាងមុខនេះផងដែរ។

លោកឧកញ៉ា លី ហួរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងបានផ្តល់ សេចក្តីទុកចិត្តក្នុងការផ្តល់អាជ្ញាប័ណ្ណ ដើម្បីបន្តពង្រឹង និងពង្រីកសេវាកម្មជូនអតិថិជន និងសាធារណជន ហើយក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មកន្លងមក។ លោកឧកញ៉ា ក៏បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើទំនើបកម្មផលិតផល ឬសេវាកម្មរបស់ខ្លួនក្នុងការបម្រើសេវាជូនអតិថិន និងសាធារណជនឲ្យកាន់តែវិសេសវិសាលជាងនេះទៅទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ព្រោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការគៀងគរប្រភពទុនផ្សេងៗ ដើម្បីផ្តល់ឥណទានជូនអតិថិជន និងសាធារណជនជាមួយនឹងអត្រាសមរម្យ។ ជាងនេះទៅទៀត ធនាគារថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយក្នុងវិស័យ ហិរញ្ញវត្ថុផងដែរ។

ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង (ក្រុមហ៊ុនដែលមានការច្នៃប្រឌិតយុទ្ធសាស្រ្តអាជីវកម្ម) បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងតូក្យូ ដែលជាភាគទុនិកមួយដ៏ធំរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនចំណុះសរុបចំនួនប្រមាណជាង ២៦០ ក្រុមហ៊ុន នៅក្នុងប្រទេសចំនួន ២០ ទាំងក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុននេះបាននឹងកំពុងប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មដែលទាក់ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង ៥១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ពិសេសជាងនេះទៅទៀត ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការវិនិយោគដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការជួយជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈបណ្តាញឌីជីថលដែលទំនើបបំផុត និងប្រតិបត្តិការធនាគារ និងតាមបណ្តាញភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពជឿជាក់ពីសហគមអន្តរជាតិក្នុងទាក់ទាញការវិនិយោគដ៏យូរអង្វែងពីក្រុមហ៊ុនសម្ព័ន្ធរបស់ជប៉ុន បង្កើនភាពជឿជាក់ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ព្រមទាំងការគ្រប់គ្រងនាពេលអនាគត៕

To Top