event

កម្ពុជា ស្នើជប៉ុន ពិនិត្យពិចារណាលើគម្រោង ដែលទាក់ទងការកែច្នៃផលិតផល កសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម


ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទង ការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសទទួលជួបលោកស្រី KAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាទីស្តីការក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែនៅខេត្តកណ្តាល ការជួយបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីកសិកម្មសម្រាប់រយៈពេលវែង និងខ្លីមានចំនួន ២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។

លោកបានបញ្ជាក់ថា “រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។ ឆ្លៀតយកឱកាសនេះ លោកបានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ”

នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលា របស់លោក វេង សាខុន ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗ បន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយៈវិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ។ល។

នាឱកាសនេះផងដែរ លោកស្រីក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការទាក់ទងវិស័យកសិកម្មកម្ពុជា។ ទាក់ទងនឹងសំណើរបស់លោក វេង សាខុន លោកស្រីថា នឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថានឹងជម្រាបជូនលោករដ្ឋមន្រ្តីនៅពេលអនាគត។

ជាថ្មីម្តងទៀតលោក វេង សាខុន បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបាន ជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ យ៉ាងពេញលេញធ្វើយ៉ាងណាឲ្យការអនុវត្ត គម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយៈអង្គការ JICA នូវគម្រោងចំនួន១៩ ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថា នឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ៕

Most Popular

To Top