លោក ប៉ាន សូរស័ក្ដិ៖កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាពង្រឹងភាព ជាដៃគូជំរុញឱ្យមាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព

Date:

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា (១)កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ (២)វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម (៣)កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន (៤)ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។

លោកបានបញ្ជាក់ថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លើសពីនេះកិច្ចប្រជុំនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ”

បន្ទាប់ពីសេចក្ដីរាយការណ៍របស់ក្រុមការងារទាំង៤ រួមមាន ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្ដិសុខ ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងវេទិកានេះត្រូវត្រៀមជាលក្ខណៈ Virtual និង Physical ហើយការ អញ្ចើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។ ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ត្រូវគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...