លោក វេង សាខុន ស្នើសភាពាណិជ្ជកម្មអឺរ៉ុប ជួយជំរុញការនាំចេញកសិផលខ្មែរ ទៅកាន់ទីផ្សារអឺរ៉ុប

Date:


ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជា អាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប បានកាន់តែច្រើនថែមទៀត។នេះតាមហ្វេសប៊ុកក្រសួងកសិកម្ម។

ក្នុងឱកាសទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Tassilo Brinzer នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ លោក វេង សាខុន បានផ្តល់គារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Brinzer ដែលទើបត្រូវបានតែងតាំងជាប្រធាន The EuroCham ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតយកឱកាសនេះ លោកបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍ រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទ នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។

លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុនេះ លោកបានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។

ជាមួយគ្នានោះដែរលោកក៏បានជម្រាបជូនលោក Brinzer និងសហការីបន្ថែមទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។

នាឱកាសនេះ លោក Brinzer ថ្លែងអំណរគុណចំពោះលោក វេង សាខុន និងសហការីដែលបានទទួលជួបរូបលោក ហើយគោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បី ពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។

លោកបានសម្តែងសុទិដ្ឋិថា បើទោះបីកម្ពុជាបាននិងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ។ មួយវិញទៀត សហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយរាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...