event

គម្រោងពង្រីកបណ្ដាញ ទំនាក់ទំនង ដ៏ធំសម្បើម របស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់ វិនិយោគ លើសពី ៩០លានដុល្លា នឹងចាប់ផ្ដើមឆាប់ៗនេះ

ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ ទឹកប្រាក់លើសពី​ ៩០លានដុល្លារ​ លើហេដ្ឋារចនាសម្ព័ន្ធ​ បណ្តាញទូរស័ព្ទចល័តរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយពង្រីក និងធ្វើឲ្យប្រសើរឡើង នូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿន នៃបណ្ដាញអ៊ិនធឺណិត សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់ នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ ទូទាំងប្រទេស ព្រមទាំងធានា ឲ្យបានថាបណ្ដាញទំនាក់ទំនង បានត្រៀមរួចរាល់ពេលរៀបចំ តំឡើង ប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែល រាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាត ឱ្យប្រើប្រាស់បច្ចេកវិទ្យា ដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាព នៃល្បឿនអ៊ិនធឺណិត​ កាន់តែប្រសើរ។

ប្រព័ន្ធទូរគនាគមន៍ចល័ត គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់ សម្រាប់អតិថិជន របស់យើង ព្រោះវាអាចផ្ដល់ ឲ្យពួកគេនូវព័ត៌មានថ្មីៗ អំពីជំងឺកូវីដ ១៩ ជួយដំណើរប្រតិ្តបតិ្តការ អាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ ធ្វើប្រតិបត្តិការទូទាត់ លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញ ចំនួន ៣ ០០០ ជាងទីតាំងនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាត ឱ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវា ជូនប្រជាពលរដ្ឋចំួន ៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍ បណ្តាញចំនួន ៣៥០ កន្លែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាអុិនធឺណិតចល័ត ដែលកំពុងកើនឡើងយ៉ាងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។ លើសពីការសាងសង់ ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណង អភិវឌ្ឍស្ថានីយ៍បណ្តាញ ដែលមានស្រាប់ហើយ ដើម្បីឲ្យដំណើរការ កាន់តែប្រសើរ។

ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏នឹងមានគម្រោង បញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើង នូវសេវាកម្មរបស់ក្រុមហ៊ុន ជាប្រចាំសម្រាប់អតិថិជន របស់ពួកយើង តែងតែជាគោលសំខាន់ នៃប្រតិបត្តិការអាជីកម្ម របស់ក្រុមហ៊ុន Smart នៅកម្ពុជា ហើយឆ្នាំនេះ មិនខុសប្លែកពីឆ្នាំមុនៗ ឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈម ជាមួយជំងឺកូវីដ១៩ ក៏ដោយ។

បញ្ហាប្រឈមទាំងនេះ ក៏ជំរុញឱ្យយើងធានា ឲ្យបានថាអតិថិជនរបស់យើង អាចពឹងផ្អែកលើបណ្តាញទំនាក់ទំនង របស់យើង ដើម្បីរក្សាទំនាក់ទំនង យ៉ាងសកម្មជាមួយអ្នកដទៃ ទោះបីពួកគេ កំពុងអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាព ក្នុងគ្រាលំបាកនេះ ក៏ដោយ។»

លោកបានបន្ថែមទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខទៀត អតិថិជននឹងឃើញ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ នៅក្នុងបណ្តាញទំនាក់ទំនង របស់ពួកយើង ហើយក្រុមហ៊ុន នឹងអាចផ្តល់ជូន បទពិសោធន៍អ៊ិនធឺណិត កាន់តែប្រសើជាងមុន សម្រាប់ការសិក្សា តាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី។»

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគ ក្នុងការពង្រីកបណ្តាញទំនាក់ទំនង របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគ ក្នុងការផលិតថាមពល មិនប៉ះពាល់ដល់បរិស្ថាន (Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការ បណ្តាញទំនាក់ទំនង របស់ខ្លួន ជាមួយការប្រើប្រាស់ ប្រភពថាមពលក កើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power) ។

ដោយតាំងខ្លួន ជាម្ចាស់ជើងឯក ឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការ តាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុន Smart បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការ ផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គម នៅកម្ពុជា ក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ ចំនួន ១,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុន ក៏បានបានបង់ពន្ធចំនួន ៥៦២ លានដុល្លារ លើពន្ធអាករ និង កម្រៃនិយ័តកម្ម ដល់រតនាគារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top