event

គម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ នឹងជួយលើកកម្ពស់ សម្រស់ខេត្តសៀមរាប

រហូតមកទល់ពេលនេះ ការលក់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ សម្រេចបានប្រមាណ៩0 ភាគរយហើយ ដោយការលក់ គម្រោងទីមួយនេះ នឹងត្រូវបិទបញ្ចប់ នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹង ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់គម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ ។

គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងដទៃទៀត ដែលអភិវឌ្ឍដោយក្រុមហ៊ុន វ្យាធបុរៈ ដែលមានទីតាំងស្ថិត នៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ និងមានចំងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាល ខេត្តសៀមរាប។

លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ បានឱ្យដឹងថា កម្រោងទី១នេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំជាង ២ហិចតា ដែលមានគេហដ្ឋានសរុបចំនួន ៧២ខ្នង។ គម្រោងទី១នេះរួមមាន៖ វីឡាបឹងកាឡូបែបអឺរ៉ុប វីឡាកូនកាត់២ជាន់បែបខ្មែរ វីឡាភ្លោះ២ជាន់ បែបជប៉ុន និងផ្ទះល្វែងអាជីវកម្ម បែបខុនដូ។

លោកបន្តថា វីឡាបឹងការឡូបែបអឺរ៉ុប មាន ទំហំ១០x២០ម៉ែត្រ វីឡាកូនកាត់២ជាន់ បែបខ្មែរ មានទំហំ១០x២០ម៉ែត្រ, វីឡាភ្លោះ២ជាន់បែបជប៉ុន មានទំហំ៧x១៥ម៉ែត្រ និងផ្ទះល្វែងប្រភេទអាជីវកម្ម កំពស់៣ជាន់ មានទំហំ ៤.៥x២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៣០០០០ ដុល្លា ឡើងទៅក្នុងមួយយូនិត។

លោកសុខខូយ លើកឡើងថា៖ «អតិថិជនគោលដៅរបស់យើង គឺចាប់ពីអ្នក ដែលមានជីវភាពកំរិតមធ្យមឡើងទៅ។» អគ្គនាយករូបនេះបន្តថា ការសាងសង់ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ដំណាក់កាលទី១ ក៏សម្រេចបានមួយ ដំណាក់កាលធំហើយដែរ។

លោក ច្រឹក សុនឹម ប្រធានសមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា គម្រោងផ្ទះបែបធម្មជាតិ នៅខេត្តសៀមរាប ហាក់មិនទាន់ឃើញមានការអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅឡើយទេ
ទីផ្សារនៃគម្រោងផ្ទះលំនៅឋាន បែបធម្មជាតិនេះ នៅមានតិចតួចខ្លាំងណាស់ នៅក្នុងខេត្តសៀមរាបនេះ។

លោក សុនឹម បន្តថា៖ «ខ្ញុំគិតថាលំនៅឋានធម្មជាតិ និងផ្ទះបែបលំហែរនេះ អាចរីកចម្រើនខ្លាំង នាពេលអនាគត ជាពិសេសនៅពេលដែលកត្តាជីវភាព ប្រជាជនក្នុងខេត្តសៀមរាប រីករចម្រើន បើប្រជាជនក្នុងខេត្តមានជីវភាព ល្អប្រសើរនោះ មិនយូរនោះទេ វិស័យផ្ទះលំហែរ និងផ្ទះបែបធម្មជាតិ នឹងមានច្រើន ហើយរីកចម្រើនទៀត។»

គួរបញ្ជាក់ថា គម្រោងទី១នៃ ភូមិឋានធម្មជាតិក្រុងភ្នំ បានបញ្ចប់ នូវហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ការរៀបចំធ្វើផ្លូវ ប្រព័ន្ធលូរំដោះទឹក សួនច្បារ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងចាប់ផ្តើមសាងសង់ គ្រប់ប្រភេទផ្ទះ ហើយបច្ចុប្បន្ន កំពុងគ្រប់គ្រងគម្រោងទូទៅ ដូចជាសេវាសន្តិសុខ អនាម័យ និងការថែទាំជាដើម។ អគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បន្តថា៖«គ្រប់សំណង់របស់យើង បានសិក្សាយ៉ាងលម្អិត ពីគុណភាពសំណង់ និងភាពរឹងមាំរបស់សំណង់នីមួយៗ ដោយក្រុមហ៊ុន មានវិស្វករជំនាញៗ ទាំងវិស្វករជាជនខ្មែរ និងបរទេស ជាពិសេសគ្រូវិស្វករដែលមានជំនាញខ្ពស់។»

បើតាមការបញ្ជាក់ពី លោកអគ្គនាយក វ្យាធបុរៈអភិវឌ្ឍន៍ បច្ចុប្បន្នគម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ មានចំនួន៣ គម្រោងធំៗ គឺ គម្រោង Natural Village គម្រោង The Box Villa និងគម្រោង MINI Villa ដែលនឹងត្រូវបើកនាពេលឆាប់ៗ ខាងមុខនេះហើយ។

ផ្ទះគម្រូប្រភេទ Mountain View

បន្ទាប់ពីការបង្កើត គម្រោងទាំង៣នេះ លោកអគ្គនាយកក៏បានបង្ហាញពី សក្តានុពលនាពេលអនាគត របស់គម្រោងភូមិឋានក្រុងភ្នំថា៖« នាពេលបច្ចុប្បន្នតម្លៃផ្ទះនៅធូរថ្លៃ តែប្រសិនបើផ្លូវ៣៨ខ្សែ ដែលរាជរដ្ឋាភិបាល កំពុងសាងសង់នេះ រួមជាមួយនិងព្រលានយន្តហោះ សៀមរាបថ្មី សាងសង់រួចរាល់នាថ្ងៃខាងមុខ ដ៏ខ្លីនេះ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ និងក្នុងគម្រោងនេះផ្ទាល់ នឹងផ្ទុះឡើងខ្លាំង ជាក់ជាមិនខាន។»

សូមបញ្ជាក់ថាបច្ចុប្បន្ន ខេត្តសៀមរាបកំពុងសា្ថបនាផ្លូវ ក្នុងក្រុងចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ក្រោមទឹកប្រាក់សរុប ប្រមាណ ១៥០លានដុល្លារ ខណៈមកទល់ពេលនេះ រួចរាល់ចំនួន៣០ភាគរយហើយ៕

To Top