MVL Foundation ប្រកាសផ្តល់ជំនួយ ៥លានដុល្លារ ដើម្បីកសាងសាលារៀន និងលើកស្ទួយ កម្មវិធីសិក្សា បែបឌីជីថលនៅកម្ពុជា

Date:

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១- មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត បានប្រកាសជាផ្លូវការណ៍ នូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា សប្បុរសធម៌នៅកម្ពុជា។

ការប្រកាសនេះបានធ្វើឡើង នៅក្នុងកម្មវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមូលនិធិអឹមវីអិល ដែលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរ មិនគិតកម្រៃជើងសារ ពីអ្នកបើកបរ ដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា។

គោលបំណងសំខាន់ នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយគាំទ្រ ដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឲ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាល នៃជំងឺកូវីដ១៩។

លោកបណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាដែលបាន ដឹកនាំការ ចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថាយើងអាចប្រែក្លាយ វិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការ អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ។

“ជាទូទៅសិស្សដែលរៀនតាមអនឡាញ តែងតែមានកង្វះខាតជំនាញ ក្នុងការសិក្សាដោយឯករាជ្យ ដូច្នេះយើងត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការពង្រឹង និងបំពាក់បំប៉នពួកគេ ឲ្យមានឯករាជ្យភាពក្នុងការសិក្សា។ រហូតមកទល់ពេលនេះ មានតែសិស្សានុសិស្ស ប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថលបាន។ ដូច្នេះយើងពិតជារីករាយ ចំពោះគំនិតផ្តួចផ្តើមរបស់ MVL ដែលមានបំណងបង្កើត ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ផ្តល់ការបណ្តុះបណ្តាល និងបង្កើតមាតិកាក៏ដូចជាកម្មវិធីសិក្សាតាមបែបឌីជីថល ដើម្បីឲ្យវិស័យអប់រំរបស់កុមារ អាចបន្តទៅមុខបានល្អក្នុងអំទ្បុង ពេលវិបត្តិកូវីដ១៩ និងក្រោយពេលនេះក្តី។” នេះជាការលើកឡើង បន្ថែមទៀត របស់លោករដ្ឋមន្ត្រី ។

បន្ថែមពីលើការកសាងសាលារៀនថ្មី MVL ក៏ផ្តោតទៅលើការកែលម្អសាលា ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាង មុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះនឹងចាប់ផ្តើម ដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេ ពីពាក់កណ្តាលឆ្នាំ ២០២១ នេះតទៅ។ MVL រួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារ ក្នុងការជ្រើសរើសទីតាំងសាលារៀន ការសាងសង់ និងការផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា “យើងមកដាក់ទុនវិនិយោគនៅកម្ពុជា គឺមិនមែនតែដើម្បីរកស៊ីប៉ុណ្ណោះទេ។ តាំងពីចាប់ផ្តើមមក យើងតែងតែប្តេជ្ញាក្នុងការគាំទ្រ ដល់ជីវភាពរស់នៅ របស់អ្នកបើកបរ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក៏ដូចជាប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈ ផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ធ្វើឲ្យយើងមើលឃើញកាន់តែខ្លាំង និងបន្ទាន់នូវតម្រូវការ ក្នុងការចូលរួម អភិវឌ្ឍកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឲ្យបានត្រឹមត្រូវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ។ យើងជឿជាក់ថាយើងមិនត្រឹមតែអាចជួយកាត់បន្ថយ ការលំបាកដែលប្រព័ន្ធអប់រំកំពុង ជួបប្រទះ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏អាចបង្កើតមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ ដល់ការអប់រំរបស់កុមារ នៅកម្ពុជា នាពេលអនាគត។”

បច្ចប្បន្ននេះ MVL កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការបង្កើតកម្មវិធីកក់ការធ្វើដំណើរ និងដឹកជញ្ជូន តាមទូរស័ព្ទដៃ នៅតំបន់អាស៊ីអាគ្នេយ៍ដោយមានអ្នកប្រើប្រាស់ សរុបចំនួន ១.១១ លាននាក់ ព្រមទាំងមានការកក់ប្រើប្រាស់ សរុបរហូតដល់ទៅ ៤.១៥ លានដង។ នៅចុងឆ្នាំនេះ បន្ទាប់ពីកសាងស្ថានីយ៍សាកអាគុយ និងរោងចក្រតំឡើង យាន្តជំនិះអគ្គីសនីរួចរាល់ នៅក្នុងប្រទេសកម្ពុជា MVL ក៏ត្រៀមលក់យានជំនិះអគ្គីសនី (EV) ទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Onion Mobility។៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...