event

មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ​ អភិវឌ្ឍទៅរកឌីជីថល ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ PACs

ភ្នំពេញ៖ មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ ​បានអនុវត្ត​​ឌីជីថលូបនីយកម្ម​ ក្នុងអំឡុងពេល​កូវីដ-១៩ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព ​គ្រូពេទ្យជួរមុខ​នៅពេល​ព្យាបាល​អ្នកជំងឺ ដោយ​បាន​សហការ ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ មិត្តហ្វូន ដើម្បី​ដាក់ពង្រាយ​ប្រព័ន្ធ PACs នៅក្នុង​មន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏​រួមបញ្ចូលទាំង​ដំណើរការ​នៃ​ការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និង​ការ​គាំទ្រ​បច្ចេកទេស ផងដែរ ។

ក្នុង​យុគសម័យ​ជឿនលឿន​ ផ្នែក​បច្ចេកវិទ្យា មន្ទីរពេទ្យ​និងគ្លីនិក​នានា កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ​​ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ប្រព័ន្ធ​ IT របស់​ខ្លួន​នៅក្នុង​វិស័យ​សុខាភិបាល ដូច្នេះ ការអភិវឌ្ឍ​ប្រព័ន្ធ​រក្សា​ទុក ​និង​បញ្ជូន​ទិន្នន័យ គឺជាការចាំបាច់ ។ PACs គឺ​ជា​ប្រព័ន្ធ​រក្សាទុកនិងបញ្ជូន​រូបភាព (Picture Archiving Communication System) ដែល​ផ្ដួចផ្ដើម​ឡើង​នៅក្រោម​ អនុស្សរណៈ​នៃ​ការយោគយល់គ្នា ​រវាង​ក្រសួង​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ផ្ដល់​សេវាកម្ម​ឌីជីថល​សម្រាប់​វិស័យ​សុខាភិបាល និង​ផ្ដល់​ដល់​ប្រទេស​ទាំងមូល​នូវ​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ និងឌីជីថល​ឈានមុខ​គេ ។

យោងតាមក្រុមហ៊ុន​ មិត្តហ្វូន ប្រព័ន្ធ PACs ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បី​កែលម្អ​បច្ចេកវិទ្យាថ្មី សម្រាប់បម្រើ​ការងារ​ស្កែនរូបភាពវេជ្ជសាស្ត្រ​នៅកម្ពុជា ។ ការប្រើប្រាស់​ប្រព័ន្ធ​ PACs នាំមកនូវ​អត្ថប្រយោជន៍ជាច្រើន ​ដល់​មន្ទីរពេទ្យ​និងគ្លីនិក ការគាំទ្រ​ល្អ​ប្រសើរ​នៅក្នុង​ការ​ ផ្លាស់ប្ដូរ​ព័ត៌មាន​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ជាច្រើន​ទៀត​ សម្រាប់អ្នកជំងឺ ដូចជា៖

សម្រាប់​គណៈគ្រប់គ្រង​ (នាយកដ្ឋាន​មន្ទីរពេទ្យ, គ្លីនិក)

-ការសន្សំសំចៃចំណាយ៖ ប្រព័ន្ធ PACs ជំនួស​គ្រឿងសម្ភារៈគ្រប់គ្រង ​ដែល​ផ្អែក​លើ​ការ​បោះពុម្ព ដោយ​កាត់បន្ថយ​ចំណាយ ​លើការទិញ​ហ្វ៊ីលនិង CD រៀងរាល់ឆ្នាំ ។ ដោយ​មិនចាំបាច់​ត្រូវរក្សា​ទុក​ហ្វ៊ីល និង​សម្ភារៈវេជ្ជសាស្ត្រ គេអាចសន្សំសំចៃលើ​ឃ្លាំង ​និង​លំហ​ទីតាំង​សម្រាប់រក្សាទុក​ហ្វ៊ីល ។

-ការធ្វើ​ការពីចម្ងាយ៖ អាចពិនិត្យ​មើល ​និងធ្វើរបាយការណ៍ពីចម្ងាយ​បាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ នៅទីកន្លែង​ភូមិសាស្ត្រ​ខុសៗគ្នា ចូលមើល​និង​ប្រើប្រាស់​ព័ត៌មាន​ និងរូបភាពតែមួយ​ជាមួយគ្នា​បាន ក្នុង​ពេល​ដំណាលគ្នា ។

-ធ្វើទំនើបកម្ម​ និង​កែលម្អ​លទ្ធផល​ការងារ របស់​ផ្នែក​ស្កែន​រូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការ​បច្ចេកវិទ្យា ៤.០ ព្រមទាំង​ពង្រឹង​សមត្ថភាព គ្រប់គ្រង​និង​តាមដាន​នៅក្នុង​មន្ទីរពេទ្យ-គ្លីនិក និង​ផ្សារ​ភ្ជាប់​ និងបង្កើន​កិច្ច​សហប្រតិបត្តិការ​ ។

-លើក​កម្ពស់​ភាពវិជ្ជាជីវៈ ​កាន់តែប្រសើរឡើង នៅក្នុងដំណើរការ​វះកាត់ ដោយ​ជួយ​លើកស្ទួយ​កិត្តិនាម​យីហោ ​របស់​មន្ទីរពេទ្យ​និងគ្លីនិក ។

សម្រាប់គ្រូពេទ្យ៖

-ការគ្រប់គ្រង​អ្នកជំងឺប្រកប ដោយ​ភាព​ឆ្លាតវៃនិង​ មានភាពល្អិតល្អន់​សម្រាប់​ ការព្យាបាល​នីមួយៗ ដោយ​ជួយ​ក្នុងការធ្វើ​រោគវិនិច្ឆ័យ និងអន្តរាគមន៍បានលឿនរហ័សជាងមុន ។

-ការប្រើប្រាស់បច្ចេកវិទ្យា ៤.០ នៅក្នុងការគាំទ្រ​ដល់​ ការធ្វើរោគវិនិច្ឆ័យ​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ដែល​បង្កើត​បាន​លទ្ធផល ​ត្រឹមត្រូវបំផុតសម្រាប់​អ្នកជំងឺ ។

-ប្រព័ន្ធ​ទំនាក់ទំនង​ចែករំលែក ​រូបភាពបាន​លឿន និងត្រឹមត្រូវ ដោយ​បង្កើត​ជាដំណើរការ​ ប្រកប​ដោយ​អន្តរកម្ម និង​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ នៅក្នុង​ក្រុម​វេជ្ជបណ្ឌិត មន្ទីរពេទ្យ និងគ្លីនិក ។

-កាត់បន្ថយ​ការចំណាយ​ ផ្នែក​ច្បាប់​ដោយសារ​ការបាត់​ហ្វ៊ីល ការខ្វះភាពវិជ្ជាជីវៈ​ជាមួយអ្នកជំងឺ ។

សម្រាប់អ្នកជំងឺ៖

-ការងាយស្រួល​ប្រើប្រាស់ ​កំណត់ត្រា​ដែលមាន​ការអនុញ្ញាត ដើម្បី​ពិនិត្យ​មើល​ព័ត៌មាន​រូបភាព និង​លទ្ធផល​រោគវិនិច្ឆ័យ​ទាំងអស់​ពីវេជ្ជបណ្ឌិតក្នុងអំឡុងពេល ពិនិត្យពិគ្រោះជំងឺនិងការព្យាបាល ។

-ការការពារ​នូវរាល់ព័ត៌មាន​ ទាំងអស់ដែលពាក់ព័ន្ធនឹងរូបភាព និងការ​ធ្វើរោគវិនិច្ឆ័យ ដោយសារតែ​ព័ត៌មានទាំងនេះ ត្រូវបាន​បំប្លែងជាកូដ ​ប្រកប​ដោយ​សុវត្ថិភាព ធានាបាននូវ​ភាពលឿនរហ័ស​ក្នុង​ការទាញ យក​ព័ត៌មាន​សម្រាប់​ ការ​ដំណើរការរូបភាព ។

-សម្រាប់ការធ្វើ​រោគវិនិច្ឆ័យ កាន់តែប្រសើរឡើង រូបភាព​ត្រូវបាន​ទាញ​យក​តាមស្តង់ដារ Dicom ដោយ​រូបភាពច្បាស់ល្អ និង​មានទម្រង់ជារូបភាព 3D ។

-កាត់បន្ថយ​ការទទួលរង ចំហាយ​ធាតុវិទ្យុសកម្មពីឧបករណ៍ X-ray ដោយសារតែ​ការកាត់បន្ថយ ​បាន​នូវការស្កែនឡើងវិញ ច្រើនដងច្រើនសា ។

-មិនចាំបាច់​ចំណាយពេល រង់ចាំដើម្បី​បោះពុម្ព​ហ្វ៊ីល; ពេលវេលា​ពិនិត្យ​ និងធ្វើរោគវិនិច្ឆ័យ​ត្រូវបាន​កាត់បន្ថយ ។

-លុបបំបាត់ការលំបាករបស់ អ្នកជំងឺ​នៅពេលធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យ​ដើម្បីធ្វើការពិនិត្យ​ និង​តាមដាន​ជំងឺ ដោយសារតែត្រូវ​កាន់​ហ្វ៊ីល ឬ​ឌីសរូបភាពទៅជាមួយ ។

វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ​គឺ​ជា​មន្ទីរពេទ្យ​ដំបូងគេ​នៅក្នុងប្រទេស​កម្ពុជា ដែលស្ម័គ្រចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ PACs នេះមុនគេបង្អស់ ។

លោក​វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែង​យ៉ាងដូច្នេះ​ថា «យើង​បាន​សង្កេតឃើញថា ប្រព័ន្ធ​នេះ​ស្រួលប្រើ ​និង​មាន​សារប្រយោជន៍ច្រើនណាស់​ សម្រាប់​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យថ្មី​នៅមន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈយើង ។ ហើយ​សម្រាប់ឆ្នាំ​២០២២នេះ យើងគ្រោង​ដំឡើង​មុខងារ​ច្រើន ថែមទៀត​នៃ​ប្រព័ន្ធ PACs នេះ នៅតាម​​នាយកដ្ឋាន​នានា ដើម្បីពួកគេអាច​ទទួលបាន​ ផល​ប្រយោជន៍ពី​បច្ចេកវិទ្យាស្កែនទំនើបនេះ និង​អាច​រក្សា​ទុករបាយការណ៍វេជ្ជសាស្ត្រ​ ទិន្នន័យនិង​ព័ត៌មាន​ រោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យ​មានសុវត្ថិភាព។»

យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយ​ធ្វើឲ្យកាន់តែ មានប្រសិទ្ធភាព​នូវពេលវេលា​ ដំណើរការ​ព្យាបាល​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយ​លើក​កម្ពស់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ មិត្តហ្វូន និងមន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈ ទៀតផង ។

មុខងារថ្មីៗទៀត​នាពេល​ខាងមុខ នឹងធ្វើ​ឲ្យ​ប្រព័ន្ធនេះកាន់តែ​ ងាយស្រួល​ប្រើ​ថែមទៀត​ និង​កាត់បន្ថយ​ថ្លៃ​ចំណាយ របស់មន្ទីរពេទ្យ​បាន​យ៉ាងច្រើន ជាពិសេស ជួយគាំទ្រ​មន្ទីរពេទ្យ​ក្នុងអំឡុងពេល​នៃ ស្ថានភាព​លំបាក​ផ្នែកសេដ្ឋកិច្ច​នេះ ។ ជាមួយនឹងមុខងារ AI នៅពេល​ចាប់ផ្ដើម​អនុវត្ត​ នៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ នា​ឆ្នាំ​២០២២​ខាងមុខនេះ ប្រព័ន្ធនេះនឹង​ផ្ដល់​លទ្ធផល​ កាន់តែប្រសើរ​និងត្រឹមត្រូវ​ សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ ។ មុខងារ AI នេះ អាចពិនិត្យ​លើ​ឯកសារ​រាប់ពាន់នៃលទ្ធផល​ស្កែនពីមុនៗ ដើម្បី​រក​មើល​ព័ត៌មាន​លម្អិត​ និងបង្កើត​បាន​ជារបាយការណ៍ វេជ្ជសាស្ត្រ​មួយដែល​ច្បាស់លាស់​ និង​លឿន​រហ័ស​ជាងមុន ។ ប្រព័ន្ធ​នេះ​ក៏មាន​បំពាក់នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ជាងគេ​បំផុត​នៅកម្ពុជា ផងដែរ ។

នៅពេលអនាគត ប្រព័ន្ធ PACs នឹង​ធ្វើ​បច្ចុប្បន្នកាន់តែ ប្រសើរឡើង​ជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយ​​មន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា-ចិន​ព្រះកុសមៈ​ដើរតួនាទីជា​មជ្ឈមណ្ឌល​កណ្ដាល​សម្រាប់​ PACs ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​ គ្រូពេទ្យ​តាមខេត្ត​ជាច្រើន​ទៀត ឲ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក PACs ។ បន្ទាប់មក គ្រូពេទ្យ​តាម​ខេត្ត​អាច​ស្នើសុំ​ជំនួយ​បន្ទាន់ភ្លាមៗពី​មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា-ចិន​ព្រះកុសមៈ ​ដើម្បីជួយគាំទ្រ​និងធ្វើរោគវិនិច្ឆ័យ ​ករណី​បន្ទាន់​នានា ដោយ​មិនចាំបាច់ត្រូវធ្វើដំណើរ ចម្ងាយឆ្ងាយ​ដែលប្រើ​រយៈពេល​យូរ ដូច្នេះសន្សំសំចៃពេលវេលា​ ទាំង​សម្រាប់​អ្នកជំងឺ​ ទាំង​គ្រូពេទ្យ ៕

To Top