event

សាលារៀន នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល

កំពង់ចាម៖ ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និងទូរគមនាគមន៍ពី​ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ​ឈានមុខគេនៅកម្ពុជា សាលារៀន​មួយចំនួននៅក្នុង​ ខេត្ត​កំពង់ចាម និង​ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បាន​ងាកមកប្រើប្រាស់​ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) សម្រាប់​សិស្សានុសិស្ស​និងគ្រូ​បង្រៀន ។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (School Information System – SIS) ត្រូវបាន​ណែនាំនៅក្នុង​សិក្ខាសាលា មួយ​នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន និង​មន្ត្រីមកពី​មន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ ។

ចាប់ពីពេលនេះ​ទៅ លោកគ្រូអ្នកគ្រូ ​និងសិស្ស​មកពីសាលារៀននានា​ នៅទូទាំង​ខេត្តទាំងពីរអាច​ប្រើប្រាស់​កម្មវិធី SIS តាម​អនឡាញពីទីកន្លែងណា​ក៏បានតាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីគ្រប់គ្រង​កិច្ចការ​សាលា ​និងការសិក្សារបស់សិស្ស ។ ខាងក្រោមនេះ​ គឺ​ជា​អត្ថប្រយោជន៍​របស់​ ប្រព័ន្ធ​អប់រំ​តាមអនឡាញ៖

-ផ្តោតលើ​សិស្សានុសិស្ស ៖ ងាយស្រួល​ប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់​ដោយ​មុខងារ​ ដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និង​ប្រាស្រ័យទាក់ទងគ្នា​ជាមួយគ្រូ នៅពេលវេលាណាក៏បាន​ ហើយ​ការប្រឡង​អាច​ដាក់ ពិន្ទុ​បាន​យ៉ាង​ឆាប់រហ័ស ។

-គ្រប់គ្រង​ពេលវេលា​ ប្រកប​ដោយ​ប្រសិទ្ធភាព ៖ សិស្ស​អាចរៀបចំ​កាលវិភាគ​ សម្រាប់​មុខវិជ្ជាណា​មួយ​ ដែលពួកគេ​ចូលរៀន មានភាពបត់បែន​ដើម្បី ផ្ដោតទៅលើ​វិធីសាស្ត្រ​សិក្សាខុសៗគ្នា ដោយ​ផ្អែក​លើ​ចំណេះដឹង ជំនាញ និង​តម្រូវរបស់សិស្សម្នាក់ៗ ។

-មានប្រសិទ្ធផល ៖ ការសិក្សាតាមអនឡាញ​សន្សំសំចៃ​ ថ្លៃចំណាយ​លើ​ការអប់រំ​ សរុប​បានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់​ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយ​ពួកគេ​មិនចាំបាច់​ត្រូវការកាតាប ឧបករណ៍សិក្សា និង​ការចំណាយ​ធ្វើដំណើរ ទៅកាន់​ថ្នាក់រៀនឡើយ ។

-រៀបចំបរិយាកាស​សិក្សា ឲ្យស្របទៅតាម​ការចង់បាន ជាក់លាក់របស់សិស្ស ។ បរិយាកាស​សិក្សាបែប​ប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើង​តាម​របៀប​ចាស់ពីមុន ដែល​រឹតត្បិត​សក្ដានុពល​ និង​ផ្នត់​គំនិត​ច្នៃប្រឌិត របស់សិស្សជាច្រើន ។

-ការប្រមូល​ព័ត៌មាន​ និងការតាមដាន ដែលធ្វើឡើងដោយ​ស្វ័យប្រវត្តិ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍ដល់​សាលារៀន ​និងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំ​យុទ្ធសាស្ត្រ​ដែល​លើក​កម្ពស់ ​និង​អភិវឌ្ឍ​កម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង ។

-ដោះស្រាយបញ្ហាខ្វះគ្រូ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រ​ដល់សិស្ស​ និងទាក់ទាញ​​សិស្ស​ថ្មីៗបន្ថែមទៀត ។ ជាធម្មតា គ្រូ​ម្នាក់អាច​បង្រៀន ដោយ​ផ្ទាល់​ដល់សិស្ស​ពី ៣០នាក់ ដល់ ៦០​នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូ​ម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់​ការបង្រៀន​ ដល់​សិស្ស​ជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬ​ដល់​លាន​នាក់ថែមទៀតផង ។

-វិធីសាស្ត្រ​រៀន​ដែលមាន ​ភាព​បរិស្ថានមេត្រី ដូចជា ការរៀនតាម​ប្រព័ន្ធ​អនឡាញ ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ៩០% តិចជាង និងបង្កើត​សំរាម​ ៨០% តិចជាង​បរិយាកាស​រៀនតាម​បែប​ប្រពៃណី ។ លើសពីនេះទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬ​សឹង​តែគ្មានតែម្ដង និង​ចូលរួម​ចំណែក​កាត់ បន្ថយ​ការកាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជា​ការរួមចំណែក​ ដល់​ការការពារបរិស្ថាន ។

-មិនត្រូវការ​ឧបករណ៍សិក្សា ពីព្រោះ​គេ​ប្ដូរពី​សៀវភៅមេរៀន​ ជាក្រដាស​ទៅជាមួយ​សៀវភៅ​បែប​ឌីជីថល​ និងរក្សាទុក​នៅលើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោនឡូត​នៅពេលណា​ក៏បានដែរ ។ សម្ភារៈសិក្សា​ទាំង​អស់​មាន បច្ចុប្បន្នភាពលើ​ខ្លឹមសារ​ភ្លាមៗ នៅពេលណា​មាន​ការ​កែប្រែ ខុសពី​សៀវភៅក្រដាស​ ដែល​ចាំបាច់ត្រូវបោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវ ទិញ​សៀវភៅចេញថ្មី​ជានិច្ច ។

-សន្សំសំចៃពេលវេលា ​បាន​ច្រើនបំផុត គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំង​គ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាម បែបប្រពៃណី​នៅតាម​ថ្នាក់រៀន ។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើន ជាងមុន​សម្រាប់​រៀន​មុខ​វិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រៀនបាន​ប្រសើរ​ជាង​មុន ។

លោក កុក ស៊ីជឿន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និងកីឡា​ ខេត្តកំពង់ចាម បាន​មានប្រសាសន៍​ថា ប្រព័ន្ធ​ SIS បានបង្ក​ភាពងាយស្រួល​ កាន់តែច្រើន​សម្រាប់ទាំង​គ្រូ និង​ទាំង​សិស្ស ។

លោក កុក ស៊ីជឿន ថ្លែង​យ៉ាងដូច្នេះថា «ប្រព័ន្ធ SIS ជួយ​ឲ្យ​គ្រូ​ និង​រដ្ឋបាល​សាលា​អាច​គ្រប់គ្រង​ ការងារ​របស់​ខ្លួន​បាន​យ៉ាងរលូន និងប្រកប​ដោយ​ប្រសិទ្ធភាព ។ ហើយសិស្ស​ក៏អាច​ប្រើប្រាស់​វា​សម្រាប់ ​ការ​សិក្សា​តាមអនឡាញបានផងដែរ ដោយ​សន្សំសំចៃបាន ទាំង​ពេលវេលា​និងទាំង​​ថវិកា» ។

ប្រព័ន្ធ​ SIS ឬ​ហៅថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន គឺជា​កម្មវិធី​អប់រំ​បែប​ឌីជីថល​មួយ ដែល​អភិវឌ្ឍ​ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោម​កិច្ច​សហការ​ជាដៃគូ​ជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បី​វិសាលភាព​សេវាអ៊ីនធឺណែត​ គ្របដណ្ដប់ទូទាំង​ប្រទេស និង​បង្កើតឡើង​សម្រាប់​សាលារៀន ទាំង​អស់​នៅ​ទូទាំង​ប្រទេស ។

គ្រូ សិស្ស អាណាព្យាបាល និង​រដ្ឋបាល​និងនាយកសាលា អាច​ប្រើប្រាស់​កម្មវិធីឌីជីថល​នេះ ​ដើម្បីស្វែងរក​និងប្រើប្រាស់ព័ត៌មាន ទាំងអស់ដែល​ពួកគេ​ត្រូវការសម្រាប់​កិច្ចការរបស់ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ ទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេ​មានអ៊ីនធឺណែត ​ប្រើ​ប្រាស់គឺជាការស្រេច ។

លោក អ៊ិន ពៅសម្បត្តិ ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ក្នុងអំឡុង​ពេល​កូវីដ-១៩ សាលារៀនជាច្រើន​ បានត្រូវ​ប្រើប្រាស់ជា​ទីតាំង​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺកូវីដ-១៩ ដែលនាំ​ឲ្យ​អាក់ខាន​ដល់​ ដំណើរការរបស់សាលារៀន ។

លោក អ៊ិន ពៅសម្បត្តិ បាន​ថ្លែង​យ៉ាងដូច្នេះ «ប្រព័ន្ធ SIS មានសារប្រយោជន៍​យ៉ាងខ្លាំង ​ចំពោះ​សាលា​របស់​យើង នៅក្នុង​កាលៈទេសៈ​កូវីដ-១៩ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​សាលា​អាច​ធ្វើប្រតិបត្តិការ​ទៅបាន ហើយ​ការបង្រៀន និងការរៀនតាម​អនឡាញ ប្រព្រឹត្តទៅដោយ​រលូន​ និង​ងាយស្រួល​ ដោយ​គ្រាន់តែ​ប្រើ​តាម​អ៊ីនធឺណែត ។»

កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយ​ទៅ ដល់សាលារៀនចំនួន ២៦៥កន្លែង​រួចហើយ នៅទូទាំងប្រទេស ដោយ​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​ជាង ៣សែននាក់ និង​គ្រូ​ជាង ១ម៉ឺន៥ពាន់​នាក់ ទទួល​ផល​ប្រយោជន៍​ពី​ការរៀន​ និងការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ ។

គិតត្រឹមឆ្នាំ២០២២ បើ​តាម​ក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយ​ ទៅដល់​សាលារៀនឲ្យ​បាន ១០០០កន្លែង នៅទូទាំង​ ២៥រាជធានី​ខេត្ត ដើម្បី​លើកទឹកចិត្ដ​ដល់​សកម្មភាពអប់រំ​ឲ្យ​កាន់តែសកម្ម​ ថែម​ទៀត​នៅតាមខេត្ត សម្រាប់​ប្រជាជន​មកពី​គ្រប់​ស្រទាប់​វណ្ណៈ ។ ជាមួយនឹងមុខងារថ្មី​បន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្ស​កាន់តែមាន ធនធាន​ច្រើន​ជាងមុន ដើម្បីបម្រើ​ដល់​ការរៀនសូត្រ​និងការក្រេបជញ្ជក់ចំណេះដឹងរបស់​ខ្លួន​ ពី​ទីកន្លែង​ណា​ក៏បាន ៕

To Top