event

មិត្តហ្វូន បន្ត​ឧបត្ថម្ភ​​ដល់លីក បាល់ទាត់​កំពូល ​​របស់​កម្ពុជា

ភ្នំពេញ៖ មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២២ បានបន្ត​ការ​ឧបត្ថម្ភគាំទ្រ​របស់ខ្លួន​សម្រាប់​​ លីកកំពូល​កម្ពុជា (CPL) រយៈពេលបីឆ្នាំ​ទៀតចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែល​ក្នុងនោះ​ មិត្តហ្វូន​នឹង​ត្រូវ​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥០ ម៉ឺនដុល្លារ​ក្នុង​មួយឆ្នាំ ។

ពិធីចុះហត្ថលេខា ស្ដីពីការឧបត្ថម្ភកម្មវិធីនេះ មានការ​ចូលរួមជាអធិបតី ពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) និង​លោក Phung Van Cuong អគ្គ​នាយក​ក្រុមហ៊ុន មិត្តហ្វូន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ លោក Phung Van Cuong បាន​មានប្រសាសន៍ថា ការ​ឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយនៃការ​ប្ដេជ្ញាចិត្ត ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ក្នុងការ​អភិវឌ្ឍវិស័យកីឡា​នៅ កម្ពុជា ជាពិសេស​កីឡា​បាល់ទាត់ ។ លោក​បានបន្ថែមទៀតថា ការ​វិនិយោគលើវិស័យកីឡា គឺជា​ការ​វិនិយោគ​សម្រាប់អនាគត ។

លោក​ Phung Van Cuong មានប្រសាសន៍ថា “ការឧបត្ថម្ភ ដល់​វិស័យបាល់ទាត់កម្ពុជា គឺជា​ទំនួល​ខុស​ត្រូវ​មួយ​របស់ក្រុមហ៊ុនមិត្តហ្វូន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និងការលើក​កម្ពស់​គុណភាព​កីឡា​បាល់​ទាត់​ ក៏ដូចជា​កីឡាទូទៅ នៅកម្ពុជា​ផងដែរ” ។

លោក​បានបន្ថែមទៀតថា “តាមរយៈការ​ឧបត្ថម្ភនេះ គឺជា​ការ​បង្កើត​លក្ខខណ្ឌ​ សម្រាប់​ឲ្យកីឡា​ករ​បាន​អនុវត្ត និង​ប្រកួត​គ្នា​កាន់តែមាន វិជ្ជាជីវៈប្រសើរ​ជាងមុន ដែលរួមចំណែក​ដល់ការ​លើក​កម្ពស់​សមត្ថភាព ​របស់ក្រុមកីឡាបាល់ទាត់ ក៏ដូចជា​ជួយលើក​កម្ពស់​ដល់​កេរ្តិ៍ឈ្មោះ របស់លីក​កម្ពុជា​នៅក្នុង​តំបន់ និងនៅកម្រិតអន្តរជាតិ” ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានសម្ដែង​ការអរគុណចំពោះ​ក្រុមហ៊ុន មិត្តហ្វូន ដែលបានបន្ត​ការ​ឧបត្ថម្ភគាំទ្រ​ ដល់កីឡាបាល់ទាត់កម្ពុជា ។

លោក សៅ សុខា មានប្រសាសន៍ថា “យើងពិតជាមានក្ដីសោមនស្សរីករាយ និង​អរគុណ​ចំពោះ​ក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រ​ដល់វិស័យ​បាល់ទាត់កម្ពុជា ចាប់តាំងពី​យើង​បានចាប់ផ្ដើមដំណើការ​ ​លីក​ពីពេលដំបូង​មកម្លេះ ។ មិត្តហ្វូន បានចូលរួម និងជួយគាំទ្រ​ដល់​យើង​ខ្ញុំ​បើទោះ​បី​ជា​ខ្លួនមិនទាន់បានទទួលប្រាក់ចំណេញនៅឡើយ នៅពេលចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ដំបូង ។ ប្រសិនបើ​ពុំមានមិត្តហ្វូនទេនោះ លីកបាល់ទាត់របស់យើង​ ក៏​​ពុំបានឈានដល់​កម្រិតនេះដែរ ។ ខ្ញុំសូម​លើកទឹកចិត្ត​ដល់បណ្ដាក្រុមហ៊ុនវិនិយោគ ទាំងអស់ ​ក្រឡេកមកមើលក្រុមហ៊ុនមិត្តហ្វូនជា​គំរូ” ។

លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុនមិត្តហ្វូនសម្រាប់ការ​ឧបត្ថម្ភគាំទ្រ ដោយ​លោក​បានបន្ថែមទៀតថា តាមរយៈ​ការឧបត្ថម្ភ​នេះ លីក​បាល់ទាត់កម្ពុជា​ និង​បណ្ដា​ក្លឹបបាល់ទាត់នានា​ និង​មានការលូតលាស់ ហើយ​កីឡាបាល់ទាត់​កម្ពុជា នឹង​ក្លាយជា​ឧស្សាហកម្ម​មួយ ដូច​បណ្ដា​លីកផ្សេងទៀត​នៅ​ក្នុង​ពិភព​លោក​ផងដែរ ។

លោក​ Satoshi Saito បានឲ្យដឹងថា “មិត្តហ្វូន និង​ CPL ជឿថា នឹង​ជួយ​អភិវឌ្ឍ​លីក និងក្លឹប​បាល់ទាត់កម្ពុជា​ឲ្យ រីកចម្រើនលូតលាស់ ហើយធ្វើឲ្យ​ក្រុមជម្រើសជាតិ​​របស់យើង​កាន់តែ​រីកចម្រើនកាន់តែធំ និង​រឹង​មាំ ជាពិសេស ដើម្បីត្រៀម​សម្រាប់កីឡាស៊ីហ្គេម​នៅឆ្នាំក្រោយ និង​នៅពេលក្រោយៗទៀត”។

យោង​តាម​លោក Phung Van Cuong ក្រុមហ៊ុនមិត្តហ្វូន​បានជួយ​ឧបត្ថម្ភ វិស័យកីឡាបាល់ទាត់​កម្ពុជា ​ចាប់តាំងពីឆ្នាំ២០១០មក​ម្លេះ ជាមួយនឹង​ថវិកា​ចំណាយ​អស់ប្រមាណ ៦លានដុល្លារ​សហរដ្ឋ​អាមេរិក ។

ចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែល​ចាប់ផ្ដើម​ មានវត្តមាននៅកម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន​ក៏បាន​ប្រែក្លាយទៅជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថល ​ធំជាង​គេបំផុតនៅកម្ពុជា ដែលមាន​អ្នកប្រើប្រាស់​ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃ​ចំណែកទីផ្សារ ។ ក្រុមហ៊ុន​មិត្តហ្វូន​ផ្ដល់​សេវា ​បច្ចេក​វិទ្យា​ឌីជីថល និងទូរគមនាគមន៍​ ជា​ច្រើនប្រភេទ ដើម្បីជួយដល់​ការអភិវឌ្ឍ​សង្គម​ឌីជីថល ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

To Top