គិតដល់អតិថិជនជាចម្បង ក្រុមហ៊ុន Smart Axiata ណែនាំ​អតិថិជន​ក្រុមហ៊ុន​ឱ្យប្រើ​ប្រាស់ ​តែ​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​ឆបោក

Date:

គិតដល់អតិថិជនជាចម្បង ក្រុមហ៊ុន Smart Axiata ណែនាំ​អតិថិជន​ក្រុមហ៊ុន​ឱ្យប្រើ​ប្រាស់​តែ​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​ឆបោក

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២២៖ ខណៈ​ព័ត៌មាន​អំពី​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិត​និងបណ្តាញទូរស័ព្ទផ្សេងៗកាន់តែ​រីករាល​ដាល ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈាន មុខគេនៅ​កម្ពុជា កំពុង​យក​ចិត្តទុក​ដាក់​ជាចម្បង​លើ​សុខុមាលភាព​របស់​អតិថិជន​តាមរយៈ​ការផ្តល់​ការ​ណែនាំ​អំពី​របៀប​ការពារ​កុំឱ្យ​ក្លាយ​ជាជនរងគ្រោះ​ក្នុង​​ករណី​ឆបោក ជាពិសេសនៅពេល​ឈ្នះរង្វាន់ផ្សេងៗ។

វិធីមួយ​​ដែលអ្នក​ឈ្នះរង្វាន់​ពី​ក្រុមហ៊ុន Smart Axiata អាច​ចៀស​វាង​ពី​ការបោក​ប្រាស់នោះ​គឺការ​ផ្ទៀង​ផ្ទាត់​​ការឈ្នះ​របស់ពួកគេ​គួរ​តែ​ធ្វើឡើង​តាមរយៈ​ភ្លែតហ្វម​ផ្លូវការ​ដែល​គួរឱ្យទុកចិត្ត​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ពោល​គឺមាន​ដូច​ជា កម្មវិធីទូរស័ព្ទ ស្មាតណាស់ (SmartNas) បណ្តាញ​​សង្គម​ផ្លូវការ​របស់​ក្រុមហ៊ុន​ដែល​មាន​សញ្ញា​ធីក​ពណ៌ខៀវ និងបណ្តាញ​​ទូរស័ព្ទ​ជំនួយ (Helplines)។

ក្រុមហ៊ុន​ក៏កំពុង​ក្រើន​រំលឹក​ទៅ​ដល់​អតិថិជន​ផង​ដែរ​ថា ក្រុមហ៊ុន​មិនដែល​ស្នើ​សុំ​ថ្លៃ​សេវា​ណាមួយ​សម្រាប់​ការ​ប្រគល់​រង្វាន់ ឬ​ការចែក​ចាយ​រង្វាន់​ឡើយ ហើយ​លើសពីនេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏សូម​ណែនាំ​អតិថិជន​ឱ្យ​ប្រុង​ប្រយ័ត្នផងដែរ​​ចំពោះ​ការ​បង្ហាញ​​​ព័ត៌មាន​​ផ្ទាល់ខ្លួន​ណាមួយទៅដល់ជនឆបោក។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​ការផ្តល់​ដំបូន្មាន​បែបនេះ កើតឡើងដោយការយក​ចិត្តទុក​ដាក់​ខ្ពស់លើ​សុខុមាល​ភាព​អតិថិជន​របស់​យើង ។ ខណៈ​ពេល​ដែល​យើង​មានប្រូម៉ូសិន និងរង្វាន់ជាច្រើន យើងបាន​ដឹង​ហើយ​ថា​មាន​អ្នក​​កំពុង​ព្យាយាម​ទាញ​យក​ប្រយោជន៍​ពី​ទំនាក់​​ទំនង​រវាង​​ក្រុមហ៊ុន Smart Axiata ជាមួយ​អតិថិជន​របស់​យើង។ នៅ​ក្រុមហ៊ុន Smart Axiata យើង​តម្កល់​​តម្លៃស្នូល​នៃសុចរិតភាព​របស់យើងក្នុង​គ្រប់​សកម្មភាពទាំងអស់ និង​ចៀសវាង​ឥរិយាបថ​ក្លែង​បន្លំ​បែបនេះ​ជាដាច់ខាត»។

ក្រុមហ៊ុន Smart Axiata​ ដែល​​ជារឿយៗផ្តល់នូវ​រង្វាន់​និង​​ប្រាក់​បន្ថែម (bonuses) ​​សម្រាប់​​ការ​​បញ្ចូល​​ទឹក​ប្រាក់ និង​ផ្តល់​ជូន​ប្រូមូ៉សិន​​​ផ្សេងៗជា​ប្រចាំនោះ កំពុង​ផ្តល់​ការ​ណែនាំ​នេះ​បន្ទាប់​​ពី​ក្រុមហ៊ុន​បាន​​ដឹង​អំពី​​គណនី​​ក្លែងក្លាយ​ដែល​​អះអាង​​ថា​​​ដំណើរការ​​ដោយ​ក្រុមហ៊ុន Smart Axiata។ យោង​តាម​ក្រុមហ៊ុន អ្នក​គ្រប់គ្រង​គណនីក្លែ​ងក្លាយទាំង​នោះ​​ទាក់ទង​ទៅ​កាន់​អតិថិជន​ដើម្បី​ទារថ្លៃសេវា​ជាថ្នូរ​នឹង​ការ​ប្រគល់​រង្វាន់។ ក្រុមហ៊ុន​បាន​ឱ្យដឹងថា​ការ​អនុវត្តបែប​នេះនិងគណនីទាំងនេះ​​គឺ​ជាការក្លែង​បន្លំទេ។

លោក Feiruz Ikhwan បានថ្លែង​ទៀតថា៖ «វាជារឿង​អកុសលណាស់ដែល​យើង​ត្រូវ​ចេញ​ការណែនាំ និង​ការព្រមាន​នេះ ប៉ុន្តែ​ដោយ​សារ​ការបោកបញ្ចោត​កំពុង​រីករាល​ដាល​កាន់​តែខ្លាំង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់ប្រព័ន្ធ​ទូរគមនាគមន៍ យើង​យល់​ថា ជាការចាំបាច់​ត្រូវជូន​ដំណឹង​ដល់​អតិថិជន​របស់​យើង។ ទោះបី​ជា​មាន​បញ្ហា​នេះ​​ក៏​ដោយ ក៏​ក្រុមហ៊ុន Smart Axiata នឹង​ចាត់វិធានការ​បង្ការ​ទុក​ជាមុន​បន្ថែម​ទៀត​ដើម្បី​ការពារ​អតិថិជន​របស់​យើង និង​បន្តផ្តល់​រង្វាន់​ដល់​អតិថិជន​ដែល​បន្ត​​​ប្រើប្រាស់សេវា​​របស់យើង»។  

ក្រុមហ៊ុន Smart Axiata ធានាអះអា​​ជាថ្មី​ចំពោះ​អតិថិជន​ថា ក្រុមហ៊ុន​​​ប្រើប្រាស់​​តែ​បណ្តាញទំនាក់​ទំនង​សង្គម Facebook, Instagram, TikTok និង Telegram ផ្លូវការ​របស់​ខ្លួន​ ក៏ដូចជា​គេហទំព័រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ដើម្បី​ចេញ​ផ្សាយ​ព័ត៌មាន និង​ធ្វើ​សេចក្តី​ប្រកាស​នានា​ទាក់ទង​នឹង​ប្រូម៉ូសិន និង​ការផ្សាយ​ពាណិជ្ជកម្មនានា។ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ​មួយ​នេះ​​ផ្តល់​ដំបូន្មាន​ដល់​អតិថិជន​ដែល​មាន​ចម្ងល់​អំពី​រង្វាន់​ឱ្យ​ទាក់​ទង​ទៅកាន់​ទូរស័ព្ទ​ជំនួយ​របស់ក្រុមហ៊ុន​តាម​រយៈលេខ ១២០៤ ឬ​ទូរស័ព្ទលេខ ០១០ ២០០ ៨៨៨។

ក្រុមហ៊ុន Smart Axiata សូម​ណែនាំអតិថិជន​ឱ្យ​ចូល​ទៅកាន់​កម្មវិធី​ស្មាន​ណាស់ (SmartNas) គេហទំព័រ www.smart.com.kh និង https://getmynumber.smart.com.kh/ ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​រង្វាន់។ ដើម្បី​ទទួល​យក​​រង្វាន់​ដោយ​ផ្ទាល់ ក្រុមហ៊ុន Smart Axiata តម្រូវ​ឱ្យអ្នក​ឈ្នះ​រង្វាន់​នាំយក​ស៊ីមកាត​ដែល​បាន​ឈ្នះ​រង្វាន់​ទៅ​កាន់ហាង Smart Shop។

សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាច​ទាក់ទងទៅកាន់​ក្រុមហ៊ុន Smart Axiata តាម​រយៈ​លេខ ១២០៤៕

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!  


ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក ឈុន ងីច័ន្ទរស្មី

ទូរស័ព្ទ៖​ +855 10 202 282

អ៊ីម៉ែល៖​  chhun.ngychanraksmey@smart.com.kh

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...