event

អ្នកដឹកនាំឌីជីថលវ័យក្មេង ឈ្នះឱកាសហាត់ការជាមួយ Axiata Group នៅប្រទេសម៉ាឡេស៊ី នៅក្នុងកម្មវិធី SmartEdu USDP

ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា 2022៖ ក្រុមជ័យលាភីចំនួន 3 ដែលបង្កើតដំណោះស្រាយអាជីវកម្មឌីជីថល បានទទួលរង្វាន់ជាសាច់ប្រាក់នៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៃកម្មវិធី Bootcamp ​រយៈពេល 13 ថ្ងៃ របស់កម្មវិធី SmartEdu សម្រាប់និស្សិតសាកលវិទ្យាល័យ (SmartEdu USDP) កាលពីសប្តាហ៍មុន។

ចាប់ផ្តើមក្នុងឆ្នាំ 2018 កម្មវិធី ​SmartEdu USDP គឺជាកម្មវិធីអប់រំអាជីវកម្មដ៏ល្បីមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស ដើម្បីផ្តល់ឱកាសឲ្យ និស្សិតកម្រិតបរិញ្ញាប័ត្រកម្ពុជាសិក្សាអំពីការអភិវឌ្ឍបុគ្គលខាងផ្នែកទ្រឹស្តី ការសាកល្បង និងបុគ្គល តាមរយៈវិធីសាស្រ្តសិក្សាដោយការអនុវត្ត។

និស្សិតចំនួន 48 នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមសម្រាប់ឆ្នាំ 2022នេះ   ហើយកម្មវិធីបានចាប់ផ្តើមនៅថ្ងៃទី 5 ខែវិច្ឆិកា និងដំណើរការរហូតដល់ថ្ងៃទី 17 ខែវិច្ឆិកា។

អ្នកចូលរួមក្នុងកម្មវិធីនេះបានសិក្សាអំពីជំនាញ និងក៏ដូចជាប្រធានបទសំខាន់ៗក្នុងវិស័យអាជីវកម្ម តាមរយៈសិក្ខាសាលាលំអិត ការងារជាក្រុម និងការអនុវត្តដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ។ ពួកគេត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញមកពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកដឹកនាំមកពីក្រុមហ៊ុនឈានមុខផ្សេងៗក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមក៏បានរៀនជំនាញដែលមានប្រយោជន៍សម្រាប់ថ្ងៃអនាគតឌីជីថលដូចជា 3C’s (ការទំនាក់ទំនង ការច្នៃប្រឌិត និងការគិតបែបស៊ីជម្រៅ)។

ចំណុចលេចធ្លោពិសេសរបស់កម្មវិធីនេះគឺ ការប្រកួត CEO Challenge ដែលក្នុងនោះអ្នកចូលរួមត្រូវបានផ្តល់ពេល 48 ម៉ោងដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានមកពី មុខជំនួញពិតប្រាកដ និងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដល់គណៈកម្មការដាក់ពិន្ទុ។ គណៈកម្មាការនៅឆ្នាំនេះរួមមានលោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (Maybank Cambodia) លោក រ័ត្ន សោភ័ណ្ឌ និងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា (Prudential Cambodia) លោក Freddie Wong ។

កម្មវិធីប្រកួត​វគ្គ​ផ្តាច់ព្រ័ត្ររបស់ SmartEdu USDP មានការចូលរួមពីភ្ញៀវកិត្តយសជាង 100 នាក់ រួម​មាន​មន្ត្រី​ក្រសួង គណកម្មការផ្តល់ពិន្តុ អ្នក​ណែនាំ (mentor) និង​អ្នក​ចូល​រួម​កម្មវិធី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និង ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «កម្មវិធី SmartEdu USDP ផ្តល់ឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសាកលវិទ្យាល័យ និងវិស័យឯកជន ដែលជួយបង្កើតការងារ និងផ្តល់ដំណោះស្រាយបញ្ហាសង្គមនានាផងដែរ»។

លោកបានបន្ថែមថា «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនដៃគូ ដែលបានរៀបចំឱកាសនេះសម្រាប់យុវជនដើម្បីឱ្យគេមានភាពក្លាហាន ឆ្លាតវៃ  ក្នុងការស្វែងយល់ និងសាកល្បងពីពិភពខាងក្រៅ»។

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានលើកឡើងថា «ការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ គឺជាការប្តេជ្ញាចិត្តមួយរបស់យើង។ នៅក្រុមហ៊ុន Smart យើងមានគោលបំណងអភិវឌ្ឍទេពកោសល្យលំដាប់ពិភពលោក មិនត្រឹមតែនៅក្នុងក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា។ យើងកំពុងរស់នៅក្នុងយុគសម័យឌីជីថល ដែលឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដូច្នេះវាពិតជាមានសារៈសំខាន់ក្នុងការបំប៉នមនុស្សជំនាន់ក្រោយជាមួយនឹងជំនាញភាពជាអ្នកដឹកនាំឌីជីថល។ ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ កម្មវិធី SmartEdu USDP បានបណ្តុះបណ្តាលអ្នកដឹកនាំឌីជីថលចំនួន 192 រូប ហើយយើងកំពុងទន្ទឹងរង់ចាំការរបណ្តុះបណ្តាលអ្នកជំនាន់ក្រោយបន្ថែមទៀតនាពេលអនាគត សម្រាប់ប្រទេសកម្ពុជា»។

កម្មវិធី SmartEdu USDP បានទទួលការគាំទ្រពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកជារៀងរាល់ឆ្នាំ។ កម្មវិធីនេះដំណើររការឡើង ដោយមានការសហការជាមួយក្រុមហ៊ុនឯកជននានា រួមទាំងធនាគារ Maybank ដ៏ល្បីល្បាញ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ Prudential ។ ក្រុមហ៊ុនទាំងពីរ បានផ្តល់ករណីអាជីវកម្ម និងករណីសិក្សាដ៏សំខាន់ ដែលអនុញ្ញាតឱ្យនិស្សិតវាយតម្លៃ និងស្វែងយល់ពីបរិបទអាជីវកម្ម និងបញ្ហាប្រឈមផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី SmartEdu សូមតាមដានទំព័រ Facebook Smart for Cambodia នៅ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!   

To Top