ក្រុមហ៊ុន Smart Axiata សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាល ជំនាញអក្ខរកម្មឌីជីថលដល់សិស្សវិទ្យាល័យជាង ១០០០ នាក់

Date:

ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្ត​ចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។

កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២  ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបា​នផងដែរ។ គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលា​បន្ទាប់នៅ​ខេត្ត​កំពង់ចាម​ក្នុង​ខែ​សីហា និង​សិក្ខាសាលានៅខេត្ត​កំពង់ឆ្នាំង​ក្នុង​ខែ​តុលា ក្នុងឆ្នាំ២០២២នេះ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន​ ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»

លោក សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»

បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ​ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់​ដែលរឹងមាំ​សម្រាប់គណនីនៃ​បណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមក​ពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១  និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...