event

សម្ពោធជាផ្លូវការ ទីលានប្រណាំងឡាន MULTI-LEVEL INDOOR GO-KART ដំបូងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ទីលានប្រណាំងឡាន MULTI-LEVEL INDOOR GO-KART ដំបូងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងទំហំវិនិយោគទឹកប្រាក់រហូតដល់ទៅជាង ៣លានដុល្លារអាមេរិក ស្ថិតនៅមជ្ឈមណ្ឌលកម្សាន Neo Games Oasis នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន , អ្នកសារពត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល លោកស្រី លី សុខឆេង បានមានប្រសាសន៍ ក្នុងពិធីសម្ពោធជាផ្លូវការ ទីលានប្រណាំងឡាន MULTI-LEVEL INDOOR GO-KART កាលពីរសៀលថ្ងៃទី១៩ សីហា ឆ្នាំ២០២៣ ថា ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និងមោទនភាពចំពោះការដាក់សម្ពោធជាផ្លូវការ ទីលានប្រណាំងឡានបែប Multi-Level Indoor Go-Kart របស់មជ្ឈមណ្ឌលកម្សាន Neo Games Oasis នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់យើង នារសៀលនេះ ដែលជាទីលានប្រណាំងឡានបែប Multi-level Indoor Go-Kart ដំបូងគេបង្អស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍។

លោកស្រីមានប្រសាសន៍បន្តថា នៅក្នុងវិសាលភាពនៃផលិតផលនិងសេវាកម្ម ជីប ម៉ុង មានចក្ខុវិស័យនិងការប្តេជ្ញាខ្ពស់ គឺធ្វើយ៉ាងណាចូលរួមក្នុងការបង្កើតផលិតផល និង ផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនកម្រិតជីវភាព តម្រូវការកម្សាន និងការរស់នៅជំនាន់ថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា “ដោយឈរលើចក្ខុវិស័យនេះ ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចចិត្តវិនិយោគទឹកប្រាក់រហូតដល់ទៅជាង ៣លានដុល្លា ដើម្បីនាំមកជូនអតិថិជនទាំងអស់គ្នានូវបទពិសោធកម្សានដ៏ថ្មីសន្លាងគឺ ទីលានប្រណាំងឡានបែប Multi-level Indoor Go-Kart មកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់យើង។ ការសម្រេចនាំចូល ទីលានប្រណាំងឡាន Multi-Level Go-Kart នេះមកកាន់ទីផ្សារកម្ពុជា គឺស្របទៅនឹងគោលដៅច្បាស់លាស់ដែលចង់នាំមកជូននូវបទពិសោធនៃការជិះរថយន្តប្រណាំង Go-Kart បែប Multi-Level និង Indoor ប្រកបដោយសុវត្ថិភាព និង ផាសុកភាព មកជូនប្រជាជនកម្ពុជា ក៏ដូចជាផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជន ដែលនិយមចូលចិត្ត និង ចង់សាកល្បងបទពិសោធកំសាន្តថ្មីៗនិងប្លែកភ្នែកដោយមិនចាំបាច់ធ្វើដំណើរទៅបរទេសដើម្បីទទួលបានបទពិសោធមួយនេះឡើយ”។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់គ្នា នឹងបន្តរគាំទ្រកាន់តែខ្លាំងក្លាមកលើផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក៏ដូចជា ទីលានប្រណាំងឡាន Multi-Level Indoor Go-Kart ដែលបានបើកដំណើការជាផ្លូវការនៅក្នុងថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា ទីលានប្រណាំងឡានបែប Multi-Level Indoor Go-Kart នេះមានចំណុចពិសេសគួរកត់សម្គាល់ ដូចជា៖
(១) ទីលានប្រណាំងឡានបែប Multi-Level និង Indoor៖ ផ្តល់ជូនអតិថិជននូវបទពិសោធនៃការជិះឡានប្រណាំង Go-Kart បែបថ្មីដោយមានផ្លូវខ្វាត់ខ្វែងនិងឡើងចុះ ដែលធ្វើឱ្យបទពិសោធជិះ Go-Kart របស់អ្នកជិះកាន់តែមានភាព រំភើប ទំនើប និងសប្បាយរីករាយ ហើយស័ក្តិសមបំផុតសម្រាប់ការជិះកំសាន្តរបស់មនុស្សពេញវ័យ ជាមួយនឹងមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ។ (២) រចនាបថនិងបច្ចេកវិទ្យាទំនើបពីប្រទេសបារាំង៖ ទីលានប្រណាំងឡាន Multi-Level Indoor Go-Kart របស់យើងគឺស្របទៅនឹងស្តង់ដាអន្តរជាតិ ដែលត្រូវបានផលិត និងសាងសង់ឡើងដោយក្រុមហ៊ុនអ៊ឺរ៉ុបដែលមានបទពិសោធច្រើនឆ្នាំទៅលើការផ្គត់ផ្គង់ Go-Kart ធានាបានទាំងគុណភាព សុវត្ថិភាព និង ទំនុកចិត្ត ដែលធ្វើឱ្យបទពិសោធកំសាន្តរបស់អតិថិជនកាន់តែប្រសើរនិងជាទីគាប់ចិត្ត។

ការបើកដំណើការ Multi-Level Indoor Go-Kart នេះផងដែរ បានសរបញ្ជាក់យ៉ាងច្បាស់ពីការវិនិយោគនិងការបោះជំហានទៅមុខឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយដែលដឹកនាំដោយកូនខ្មែរ។ ទន្ទឹមនឹងនេះ យើងនឹងបន្តរតួរនាទី និង ប្រឹងប្រែងអភិវឌ្ឍខ្លួនបន្តរទៀត ដើម្បីចូលរួមលើកកម្ពស់ ការរស់នៅបែបទាន់សម័យនិងស៊ីវិល័យរបស់ប្រជាជនកម្ពុជា។ ការវិនិយោគនេះដែរ នឹងដើរតួជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកិច្ចសហការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអន្តរជាតិ ឈានទៅពង្រីកនូវសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត។

សូមជម្រាបថា ផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល គឺជាយីហោផ្សារទំនើប ដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ដោយចំណាយថវិកាអស់ជាង ២៨០លានដុល្លារអាមេរិក។ ចំណុចពិសេសដាច់គេរបស់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល គឺមានអគារធំទូលាយ រចនាឡើងយ៉ាងប្រណិតស៊ីវីល័យ ហើយសម្រាប់អាហារ កន្លែងកំសាន្ដ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺសុទ្ធសឹងតែជា ឱជារសឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។ ហើយជាពិសេសផ្សាររទំនើប ជីបម៉ុង 271 មេហ្គា ម៉ល មានប្រមូលផ្ដុំនូវយីហោល្បីៗលំដាប់ពិភពលោក ហើយសម្រាប់យីហោលំដាប់អន្ដជាតិមួយចំនួនគឺមាននៅតែក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល តែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

To Top