ក្រុមហ៊ុន Smart Axiata បើកសម្ភោធជាផ្លូវការ នូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

Date:

ភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមសរុបលើសពី ១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល​ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។

របាយការណ៍នេះមានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍​ដំបូងគេ​ក្នុង​ប្រទេស ដែលបានសម្ភោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ។  តាមរយៈការចុះផ្សាយជារៀងរាល់​ឆ្នាំ របាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះតម្លាភាព ការអនុវត្តអាជីវកម្មប្រកបដោយ​ទំនួល​ខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលនេះបង្ហាញថា Smart ពិតជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើប​ដែលផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនលើសពីផលិតផល និងសេវាកម្ម។

ស្របពេលដែលមានការទទួលស្គាល់ថាជាក្រុមហ៊ុនដែលទទួលបានពិន្ទុនៃការស្រឡាញ់ និងពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់ជាងគេលើវិស័យទូរគមនាគមន៍ ក្រុមហ៊ុនSmart ក៏បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ​នូវគោលការណ៍​និរន្តរភាព​​ស្នូល ទាំងនៅលើផ្នែកផលិតផល និងសេវាកម្ម ក៏ដូចជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ក្រុមហ៊ុន Smart អនុវត្តគោលការណ៍និរន្តរភាពរបស់ខ្លួនតាមលំនាំនៃក្រុមហ៊ុនវិនិយោគ Axiata Group ដោយរួមមានគោលការណ៍៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការបណ្ដុះបណ្ដាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងពិភពលោកនិងសង្គម។

លើសពីប្រាក់ចំណេញរយៈពេលខ្លី

សម្រាប់សសរស្តម្ភនេះ ក្រុមហ៊ុន Smart បង្ហាញពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart បានបណ្តាក់ទុនសរុបចំនួន ២៥៥ លានដុល្លារសហរដ្ឋអាមេរិក ខណៈពេល​ដែលរួម​ចំណែក​ចំនួន ១២១ លានដុល្លារដល់ផ្នែកហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ។ ការវិនិយោគនេះជួយក្នុងការជំរុញការផ្ដល់សេវា 4G ឲ្យកាន់តែល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ លើសពីនេះ ក្រុមហ៊ុន Smart បានបែងចែក ២% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅឱ្យមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USOF) ដើម្បីកាត់បន្ថយគម្លាត​ឌីជីថល ខណៈដែល ១% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំត្រូវបានផ្ដល់ទៅដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន (CBRDF) ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីធានាឲ្យបានថាគ្រប់គ្នាអាចទទួលបាននូវអ៊ិនធីណិតក្នុងការប្រើប្រាស់ ក្រុមហ៊ុន Smart បានណែនាំនូវទូរស័ព្ទស្មាត​ហ្វូន​កម្រិតដំបូង​Smart Nano II ដែលមានតម្លៃក្រោម ១០០ ដុល្លារ។ ក្រុមហ៊ុន Smart ក៏បានសហការជាមួយដៃគូដើម្បី​ផ្តល់ជូននូវគម្រោង​បង់រំលស់​ក្នុងអត្រាទាបបំផុតសម្រាប់អតិថិជន ដែលនេះជួយក្នុងការពង្រីកលទ្ធភាព​ទទួលបានដំណោះ​ស្រាយ​បែបឌីជីថល ដល់​អតិថិជន។

ការបណ្ដុះបណ្ដាលធនធានមនុស្ស

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុន Smart បានផ្តោតទៅលើការផ្តល់ការងារ​ប្រកបដោយយុត្តិធម៌ និងសុខុមាលភាពដល់និយោជិត ហើយក៏បានបន្តលើកកម្ពស់ការមិនអើង និងភាពចម្រុះជាតិសាសន៍​ដោយក្នុងនោះ ៣៣% នៃអ្នកដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនស្មាតជាស្ត្រី។ កាលពីឆ្នាំមុន ក្រុមហ៊ុន Smart មានបុគ្គលិក​ចំនួន ១.០៧៧ នាក់ ក្នុងនោះ ១.០៥៥ នាក់ជាជនជាតិខ្មែរ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Smart បានផ្តល់​ការងារដោយ​ផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាសរុបចំនួន ៥៤.០៧៩ នាក់។

ដើម្បីធានាបាននូវស្ដង់ដារលំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន Smart បានផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ​ដល់​បុគ្គលិក​របស់ខ្លួន ដែលជាមធ្យមបុគ្គលិកមួយរូបទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមចំនួន ៣៥.៥ម៉ោង​ ហើយជាសរុបបុគ្គលិកទាំងអស់ បានទទួលការបណ្តុះបណ្តាលចំនួន ៤២.៨០២,៣១ ម៉ោង។ ជាលទ្ធផល ក្រុមហ៊ុន Smart ទទួលបានពិន្ទុខ្ពស់នៃការចូលរួមរបស់បុគ្គលិកស្មើនឹង ៧៩% ។

ដំណើរការល្អឥតខ្ចោះ

ដោយយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវសង្គម ក្រុមហ៊ុន Smart មិនត្រឹមតែបន្តអនុវត្តតាមក្រម​សីលធម៌​ផ្ទៃក្នុង​ដ៏តឹងរ៉ឹងប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានពង្រីកកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពតាមរយៈអ្នកផ្គត់ផ្គង់របស់​ខ្លួន​ផងដែរ។ អ្នកផ្គត់ផ្គង់ចំនួន ៣៣៧ បានចុះហត្ថលេខាលើគោលការណ៍ក្រមសីលធម៌របស់អ្នកផ្គត់ផ្គង់ ដោយប្តេជ្ញាចំពោះ​ការអនុលោម​តាម​គោលការណ៍ការពារបរិស្ថាន និងការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិធានការប្រឆាំង​នឹង​អំពើ​ពុករលួយ។ ក្រុមហ៊ុន Smart ក៏បានចូលរួមចំណែកលើកម្ពស់សេដ្ឋកិច្ចក្នុងស្រុកផងដែរ ដោយនៅក្នុងឆ្នាំ ២០២២ ៧៤% នៃអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Smart សរុបស្នើនឹងចំនួន ២៩៩ ក្រុមហ៊ុនជាក្រុមហ៊ុនក្នុងស្រុក។

ក្រុមហ៊ុន Smart បានផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជន ដោយក្រុមហ៊ុនបានដាក់បន្ថែមនូវមុខងារថ្មីនៃកម្មវិធី SmartNas ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញស៊ីមកាតឌីជីថល (eSIM) និងអាចប្រើសេវាកម្មបញ្ចូល​ទឹកប្រាក់​​តាមឌីជីថលបាន។

កាលពីឆ្នាំមុនក្រុមហ៊ុន Smart ក៏បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសដែលទទួលបានវិញ្ញាបនបត្រ ISO នៃការគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលធានានូ​វឯកជនភាព និងសុវត្ថិភាពរបស់អតិថិជននៅក្នុងយុគសម័យឌីជីថលផងដែរ។ លើសពីនេះ បុគ្គលិក Smart គ្រប់រូបក៏បានទទួលការបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយជាប្រចាំ។

ពិភពលោកនិងសង្គម

តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះនិរន្តរភាព ក្រុមហ៊ុន Smart មានគោលបំណងសម្រេចឲ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័ន​កាបូនិច (net-zero) នៅឆ្នាំ ២០៥០។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្ពោះ​ទៅ​កាន់​គោលដៅ​នេះ ក្រុមហ៊ុន Smart បានបំពាក់នូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាចំនួន ២៤២ នៅតាមអង់តែនដែលជា​ទីតាំងរបស់ក្រុមហ៊ុន Smart ។ ហើយមកដល់ចុងឆ្នាំ ២០២២ អង់តែនរបស់ក្រុមហ៊ុន Smart ចំនួន ១.០៨០ត្រូវបានបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ប្រេងឥន្ធនៈក៏បានថយចុះជាមធ្យមប្រចាំខែ ពី ៣១០ លីត្រក្នុងឆ្នាំ ២០២១ មក​នៅត្រឹម ២៥៤ លីត្រក្នុងឆ្នាំ ២០២២ ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Smart ក្នុងការចូលរួមថែរក្សាបរិស្ថាន។ លើសពីនេះទៀត ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការសេដ្ឋកិច្ចចក្រា (circular eonomy) ដោយបានសហការជាមួយ Ecobatt Energy ដើម្បីកែច្នៃ និងប្រើប្រាស់ឡើងវិញនូវថ្មពិលដែលបានប្រើប្រាស់រួច។

ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart ក្នុងការអភិវឌ្ឍសង្គមមានចំនួនច្រើនគួរកត់សម្គាល់នៅក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់​ជាង ៦៥០.០០០ ដុល្លារ ក្នុងវិស័យអប់រំ ការការពារបរិស្ថាន ការច្នៃប្រឌិតលើផ្នែកបច្ចេកវិទ្យា ការបណ្តាក់ទុនលើសហគ្រិន កម្មវិធីចំណេះដឹងឌីជីថល និងយុទ្ធនាការអភិវឌ្ឍន៍សហគមន៍នានា។ កម្មវិធីទាំងនេះត្រូវ​បាន​អនុវត្តក្រោមកិច្ចសហការជាមួយ​អង្គការក្រៅរដ្ឋាភិបាលជាដៃគូ ស្ថាប័នអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាល និងអ្នក​ពាក់ព័ន្ធ​​ផ្សេងទៀត ដោយជះឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាសរុបចំនួន ១៤១.៣៤៤ នាក់។ បុគ្គលិក Smart ជាង ១៤០នាក់​​​បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីកិច្ចការសង្គមទាំងនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់​ក្រុមហ៊ុន​ក្នុងការយក​ចិត្ដ​ទុកដាក់ និងផ្ដល់ត្រឡប់ទៅវិញដល់សង្គម។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលប្រកបដោយនិរន្តរភាព​របស់​ក្រុមហ៊ុន Smart ដោយលោកបានលើកឡើងថា “យើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកនិរន្តរភាព ហើយយើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការឈានទៅមុខបន្ថែមទៀត។ ប្រតិបត្តិការរបស់ពួកយើង​ធ្វើឡើងប្រកប​ទៅដោយ​តម្លាភាព ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមយ៉ាងសកម្ម​ក្នុងការ​កសាងមូលដ្ឋានគ្រឹះ​​ដ៏ល្អប្រសើរសម្រាប់ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គម​ឌីជីថល។ យើងសូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដែលបានចូលរួម​ជាមួយ​ពួកយើង​ក្នុងការបង្កើតនូវឥទ្ធិពលវិជ្ជមានយូរអង្វែងសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជា។ ខ្ញុំក៏សូមអរគុណ ដល់បុគ្គលិក Smart ទាំងអស់សម្រាប់ការចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានពិតប្រាកដក្នុងសង្គម និងចូលរួម ចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា»។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុនបានទទួលនូវមតិវិជ្ជមានពីអ្នកចូលរួម និងដៃគូរបស់ខ្លួន ដែលបានទទួល​ស្គាល់​ពីឥទ្ធិពល និងអត្ថប្រយោជន៍ដែលក្រុមហ៊ុនសម្រេចបានតាមរយៈកិច្ចសហប្រត្តិបត្តិការនានា។ ការកោតសរសើរពីសំណាក់ដៃគូនេះ​បង្ហាញ​ជាសក្ខីភាពនៃភាពជោគជ័យរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញយុទ្ធនាការប្រកបដោយនិរន្តរភាព និងការបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗ។ នេះក៏ជាសក្ខីភាពបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Smart ថាជាដៃគូ​ដែល​អាច​ទុកចិត្តបាន ពោរពេញដោយទំនួលខុសត្រូវ ហើយនេះបានបង្កើតជាទំនុកចិត្តលើកិច្ចសហការបន្ថែមទៀត។

ក្រុមហ៊ុន Smart បន្តបង្កើតជាស្តង់ដារថ្មីលើប្រតិបត្តិការនានានៅក្នុងវិស័យទូរគមនាគមន៍។ តាមរយៈការលើកកម្ពស់ការ​ អនុវត្តប្រកបដោយ​តម្លាភាព ក្នុងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្តល់តម្លៃជូនអ្នកពាក់ព័ន្ធ ក្រុមហ៊ុន Smart បានត្រួសត្រាយផ្លូវសម្រាប់អនាគត​ប្រកបដោយនិរន្តរភាព និងរុងរឿងសម្រាប់កម្ពុជា។

Share post:

spot_imgspot_img

Popular

More like this
Related

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុងទាំងយប់ ដើម្បីជួយសង្គ្រោះបុរសនិងស្ត្រី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១...

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតរបស់អាស៊ាន ឈានមុខគេក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាម

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតមួយរបស់អាស៊ីអាគ្នេយ៍...