ធនាគារ ABA និងក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា
![](https://dap-business.com/wp-content/uploads/2025/02/Untitled-1.jpg)
នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។
![](https://dap-news.com/wp-content/uploads/2025/02/fb5@2x-1024x1024.jpg)
តាមរយៈកិច្ចសហការនេះ PayWay ដែលជាផ្លែតហ្វម ABA ធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ នឹងត្រូវតភ្ជាប់ទៅក្នុងប្រព័ន្ធ SETFO ដើម្បីជួយសម្រួលដល់ការទូទាត់សម្រាប់ការស្នើរសុំ និងការតម្កល់លិខិតជូនដំណឹងនៃ សិទ្ធិប្រាតិភោគលើចលនទ្រព្យ ដែលអាចប្រើប្រាស់ជាទ្រព្យធានា។
SETFO គឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់តម្កល់ឯកសារ និងស្វែងរកលិខិតតម្កល់ ដោយធានានូវអាទិភាពលើទ្រព្យធានា និងការពារការវិនិយោគរបស់ពួកគេ។ តាមរយៈការដាក់តម្កល់លិខិតជូនដំណឹង អាជីវកម្មបង្កើតអាទិភាពលើបុគ្គលផ្សេងដែលធ្វើការតវ៉ា និងអ្នកទិញ ដែលក្នុងនោះ រួមមានករណីដែលកូនបំណុល ពុំមានលទ្ធភាពសងបំណុល។
![](https://dap-news.com/wp-content/uploads/2025/02/fb1@2x-1024x1024.jpg)
លោក Askhat Azhikhanov បានមានប្រសាសន៍ថា “កិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្ម បរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជាយើង”។ លោកបានបន្ដថា “ជាមួយនឹងជំនាញការដ៏រឹងមាំរបស់ ABA និងដំណោះស្រាយសេវា ធនាគារឌីជីថលដ៏សម្បូរបែប យើងខ្ញុំកំពុងធ្វើឲ្យដំណើរការប្រព័ន្ធ SETFO កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កិច្ចសហការនេះនឹងពង្រឹងតម្លាភាព និងទំនុកចិត្តកាន់តែប្រសើរ សម្រាប់ប្រតិបត្តិការមានកិច្ចធានា ដែលរួមចំណែកដល់កំណើន សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសយើង”។
![](https://dap-news.com/wp-content/uploads/2025/02/fb3@2x-1024x1024.jpg)
ការដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធ SETFO តាមរយៈ ABA PayWay នឹងកាត់បន្ថយការចំណាយពេលវេលាដំណើរការ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់នៅក្រសួងផ្ទាល់ និងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រង ប្រតិបត្តិការសម្រាប់អាជីវកម្ម។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA និងក្រសួងពាណិជ្ជកម្មក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈអនុស្សរណៈយោគយល់នេះផងដែរ ABA ក៏នឹងចែករំលែកជាមួយក្រសួងពាណិជ្ជកម្ម ពីនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជួយក្នុងការសម្របសម្រួល ហិរញ្ញប្បទានពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញ ការនាំចេញផលិតផលក្នុងស្រុក។
ធនាគារ ABA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ខណៈដែលកម្ពុជាទទួលយកការផ្លាស់ប្តូរឌីជីថល ABA មានមោទនភាពក្នុងនាមជាធនាគារឈានមុខ ដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របតាមគោលដៅឌីជីថល ដ៏ទូលំទូលាយរបស់ប្រទេស។
![](https://dap-news.com/wp-content/uploads/2025/02/fb2@2x-2-1024x1024.jpg)
កាលពីខែធ្នូ ឆ្នាំ 2021 ធនាគារ ABA បានចាប់ដៃគូជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីភ្ជាប់ដំណោះស្រាយ ABA PAY ទៅក្នុងផ្លែតហ្វម CambodiaTrade.com ដែលអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគេទៅលើឌីជីថល។ បណ្ដុំទីផ្សារ (marketplace) គឺជាផ្តួចផ្តើមគំនិតរបស់ ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល ៕
![](https://dap-business.com/wp-content/uploads/2019/12/Untitled-1-1.png)